ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

Ministry of Post and Telecommunications

ឯកឧត្តម ជា វ៉ាន់ដេត បានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី៥ ស្ដីពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងកម្មវិធីសប្តាហ៍នៃសន្តិសុខបច្ចេកវិទ្យាអន្តរជាតិសិង្ហបុរី

អត្ថបទដោយ៖ Semtararath

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៦-៧ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត  រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន លើកទី៥ ស្ដីពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និង កម្មវិធី សប្តាហ៍នៃសន្តិសុខបច្ចេកវិទ្យាអន្តរជាតិសិង្ហបុរី រៀបចំដោយប្រទេសសង្ហបុរី តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន របស់ប្រទេសសមាជិកអាស៊ានទាំង ១០ និងប្រទេសដៃគូរ អាស៊ានជាច្រើនទៀត។ កម្មវិធីនេះ មានគោលដៅបង្កើនកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរ បទពិសោធន៍រវាងប្រទេសក្នុងតំបន់ក្នុងការ កសាងបណ្តាញអ៊ិនធឺណិតដែលមានសុវត្ថិភាព និងភាពធន់ជាងមុន។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថាប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាសន្តិសុខបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន ជាពិសេសខណៈពេលដែលបច្ចេកវិទ្យាឌីជីថល ត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយ ស្ទើរគ្រប់ផ្នែកនៃ សេដ្ឋកិច្ចនិងសង្គម។ រាជរដ្ឋាភិបាលកម្ពុជាគាំទ្រការអភិវឌ្ឍបទដ្ឋានសន្តិសុខបណ្ដាញគមនាគមន៍ (Cyber Norms) ដែលជាយន្តការដើម្បីកាត់បន្ថយហានិភ័យនៃវិស័យ ICT ព្រមទាំងប្តេជ្ញាបន្តសហការ ជាមួយប្រទេសសមាជិកអាស៊ាន និងដៃគូនានាក្នុងកិច្ចសហប្រតិបត្តិការ និង សម្របសម្រួលការពង្រឹងសន្តិសុខតាមអ៊ីនធឺណិត។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ស្នើឱ្យបង្កើនកម្មវិធីកសាងសមត្ថភាព សន្តិសុខតាមប្រព័ន្ធអ៊ីធឺណិត តាមរយៈមជ្ឈមណ្ឌលសន្តិសុខបច្ចេកវិទ្យាអាស៊ាន-សិង្ហបុរី និងមជ្ឈមណ្ឌលកសាងសមត្ថភាពសន្តិសុខបច្ចេកវិទ្យាអាស៊ាន-ជប៉ុន។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថាផងដែរថា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ការងារអាទិភាព មួយចំនួនរួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការកសាងសមត្ថភាព និងការបង្កើតច្បាប់ និងក្របខណ្ឌគតិយុត្ត ដូចជាការអនុម័តច្បាប់ស្ដីពីពាណិជ្ជកម្មអេឡិចត្រូនិច និងច្បាប់ស្ដីពីការពារអ្នកប្រើប្រាស់ ខណៈដែរក្រសួងពាក់ព័ន្ធបានបញ្ចប់សេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល គោលនយោបាយសេដ្ឋកិច្ចឌីជីថល សេចក្តីព្រាងច្បាប់សន្តិសុខតាមអ៊ីនធឺណិត និងសេចក្តីព្រាងច្បាប់ស្ដីពីឧក្រិដ្ឋកម្មតាមអុិនធឺណិតជាដើម។

-រូបថតដោយ បូ ពន្លកបញ្ញា

-បកប្រែជាភាសាអង់គ្លេសដោយ ថន សុធារិន

ព័ត៌មានជាប់ទាក់ទង