រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ០៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៦៥១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានកិត្តិយសសមាគមបុគ្គលិកប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារសមាគមបុគ្គលិកប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា អាណត្តិទី៨ ទិសដៅការងារអាណត្តិទី៩ និងធ្វើការបោះឆ្នោតជ្រើសតាំងសមាសភាពគណៈកម្មាធិការកណ្តាលសមាគមអាណត្តិទី៩ ថ្មី សម្រាប់ឆ្នាំ២០១៨-២០១៩ ដោយមានបេក្ខជនឈរឈ្មោះចំនួន ២០រូប។ ជាលទ្ធផលឆ្លងតាមការបោះឆ្នោតចំនួន ១១៦សម្លេង ឯកឧត្ដម ទេព ប៊ុន្ថា និងឯកឧត្ដម អ៊ូ បូរ៉ាត់ ទទួលបានសម្លេងស្មើគ្នា ហេតុនេះគណៈកម្មាធិការទាំង ១១រូប នឹងប្រកាសជ្រើសរើសប្រធានមួយរូបនៅពេលក្រោយ។ អង្គសន្និបាតក៏បានសម្រេចជាឯកច្ឆ័នផងដែរដោយធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមលើមាត្រា៥៥ និងមាត្រា៥៦ ជំពូក៨ ស្តីពីជំនួយវិភាគទាន ដោយទទួលសម្លេងគាំទ្រ១០០%៕