ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលាខេត្តស្វាយរៀង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងលោក គង់ សេរីវុធ ជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តស្វាយរៀង ថ្មី ជំនួសឯកឧត្ដម គឹម ឈន ដែលត្រូវចូលនិវត្តន៍ និងមន្ត្រីចំនួន ០២រូបទៀតតាមដីការសម្រេចរបស់សាលាខេត្ត ជាអនុប្រធានមន្ទីរ និងប្រធានការិយាល័យ។ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ប៊ុន សាវណ្ណ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង ឯកឧត្ដម ហ៊ូ វឌ្ឍនៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំង ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក-លោកស្រី មន្ត្រីរាជការ មកពីបណ្តាក្រសួង មន្ទីរ ស្ថាប័នជុំវិញខេត្តយ៉ាងច្រើនកុះករផងដែរ។
នៅក្នុងឱកាសនេះផងដែរ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានមានប្រសាសន៍កោតសរសើរ និងចងចាំជានិច្ចចំពោះស្មារតីទទួលខុសត្រូវ អំណត់ព្យាយាមរបស់ឯកឧត្ដម គឹម ឈន ក្នុងការដឹកនាំរហូតសម្រេចបាននូវលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ ជម្រុញការអភិវឌ្ឍន៍វិស័យទាំងបីនៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តស្វាយរៀង ឲ្យមានការរីកចំរើនគួរឲ្យកត់សម្គាល់។ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានមានប្រសាសន៍ផ្ដាំផ្ញើរលោក គង់ សេរីវុធ ប្រធានមន្ទីរថ្មី ដែលត្រូវបានតែងតាំង និងលោក លោកស្រីមន្ត្រីរាជការនៅមន្ទីរ ប.ទ.ខេត្តស្វាយរៀងទាំងអស់ត្រូវបន្តស្មារតីទទួលខុសត្រូវ រក្សាឲ្យបានខ្ជាប់ខ្ជួននូវស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង សហការឲ្យបានល្អជានិច្ចជាមួយបណ្ដាមន្ទីរពាក់ព័ន្ធ ដើម្បីធានាសម្រេចបានល្អប្រសើរក្នុងការអនុវត្តផែនការ និងកិច្ចអភិវឌ្ឍវិស័យទាំងបីក្នុងខេត្តឲ្យមានការរីកចម្រើនជាបន្តទៀត។ ម៉្យាងទៀតចំពោះ មន្ត្រីដែលទើបធ្វើការតែងតាំងថ្មីក៏ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចឲ្យបានល្អប្រសើរ ត្រូវចេះសហការជាមួយអស់លោកជាថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីថ្នាក់ក្រោមឱវាទទាំងអស់ដោយកុំប្រកាន់។ យកចិត្តទុកដាក់រៀនសូត្រដកពិសោធន៍ការងារពីគ្នាទៅវិញទៅមក ប្រមូលផ្តុំនូវធនធានបញ្ញា ដើម្បីធានាបានប្រសិទ្ធភាពការងារ និងជាកម្លាំងចលករជំរុញវិស័យទាំងបីឲ្យមានការអភិវឌ្ឍកាន់តែប្រសើរថែមទៀត៕