បាសេឡូណា៖ ព្រឹកថ្ងៃច័ន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ទីក្រុងបាសេឡូណា ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញចូលរួមសន្និសីទសមាគមប្រព័ន្ធទូរស័ព្ទចល័តពិភពលោក “GSM Association Mobile World Congress” ប្រចាំឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។ សន្និសីទនេះរៀបចំឡើងដោយសមាគមប្រព័ន្ធទូរស័ព្ទចល័តពិភពលោក (GSM Association Mobile World Congress)។ វេទិកានេះប្រមូលផ្តុំនូវអ្នករៀបចំគោលនយោបាយ និយ័តករទូរគមនាគមន៍ អ្នកផលិតគ្រឿងបរិក្ខារទូរគមនាគមន៍ អ្នកស្រាវជ្រាវ និងប្រតិបត្តិករទូរស័ព្ទចល័តមកពីជុំវិញពិភពលោក ដើម្បីពិភាក្សាផ្លាស់ប្តូរទស្សនៈ ចែករំលែកបទពិសោធន៍ ឧត្តមានុវត្តក្នុងការគ្រប់គ្រង ការងារនិយ័តកម្ម និងនវានុវត្តទាក់ទងនឹងការអភិវឌ្ឍបច្ចេកវិទ្យាទូរស័ព្ទចល័តចុងក្រោយក្នុងបរិបទសេដ្ឋកិច្ចពុទ្ធិ និងការប្តូរប្រព័ន្ធសោតទស្សន៍ទៅជាឌីជីថលប្រកបដោយបរិយាប័ន។ ក្រៅពីនេះក៏មានការដាក់តាំងពិពរណ៌បច្ចេកវិទ្យាទាក់ទងនឹងឧស្សាហកម្មទូរស័ព្ទចល័តពីសំណាក់ក្រុមហ៊ុនល្បីៗមកពីគ្រប់តំបន់នៃពិភពលោកចូលរួមផងដែរ៕