រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានរៀបចំវេទិកាស្ដីពី ”រដ្ឋាភិបាលអេឡិកត្រូនិកកម្ពុជា-កូរ៉េ” សហការរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងមហាផ្ទៃនិងសុវត្ថិភាពនៃសាធារណៈរដ្ឋកូរ៉េ។ វេទិកានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម NAKYOUNG OH ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Hye Young Kim តំណាងក្រសួងមហាផ្ទៃនិងសុវត្ថិភាពសាធារណៈរដ្ឋកូរ៉េ និងជាប្រធានគណៈប្រតិភូ ព្រមទាំងឯកឧត្តម លោកជំទាវ លោក-លោកស្រី ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងតំណាងក្រសួងស្ថាប័ននានានៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងគណៈប្រតិភូកូរ៉េដែលអញ្ជីញមកពីបណ្តាក្រសួងស្ថាប័នសំខាន់ៗនៃសាធារណៈរដ្ឋកូរ៉េផងដែរ។
១. ចែករំលែកបទពិសោធន៍ សមិទ្ធិផល បញ្ហាប្រឈម គោលនយោបាយ ផែនការយុទ្ធសាស្រ្ត បទដ្ឋានគតិយុត្ត និងកត្តាជោគជ័យក្នុងដំណើរការអភិវឌ្ឍរដ្ឋាភិបាលអេឡិកត្រូនិករបស់សាធារណៈរដ្ឋកូរ៉េចាប់តាំងពីចំនុចចាប់ផ្តើមរហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នាពេលបច្ចុប្បន្ននេះ។ ក្នុងនោះ គណៈប្រតិភូកូរ៉េបានធ្វើបទបង្ហាញមួយចំនួនស្តីពី “ដំណើរឆ្ពោះទៅកាន់រដ្ឋាភិបាលអេឡិកត្រូនិក” “ព័ត៌មានភាវូបនីយកម្មនៃការងារនិងមុខរបរ” និង ”ព័ត៌មានភាវូបនីយកម្មនៃព័ត៌មានភូមិសាស្ត្រជាតិរបស់កូរ៉េ”។
២. ចំណែកភាគីកម្ពុជាក៏បានបង្ហាញអំពីស្ថានភាពបច្ចុប្បន្ននៃរដ្ឋាភិបាលអេឡិកត្រូនិកកម្ពុជា ការគ្រប់គ្រងអត្តសញ្ញាណកម្មប្រជាពលរដ្ឋ ការគំរាមកំហែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន គោលនយោបាយ និងផែនការយុទ្ធសាស្ត្រនានាដែលពាក់ព័ន្ធនឹងការអភិវឌ្ឍរដ្ឋាភិបាលអេឡិកត្រូនិកនៅកម្ពុជា។ ភាគីកម្ពុជាក៏បានបង្ហាញផងដែរអំពីឆន្ទៈក្នុងការអភិវឌ្ឍប្រព័ន្ធរដ្ឋាភិបាលអេឡិកត្រូនិករួម ដែលអាចដំណើរការប្រកបដោយប្រសិទ្ធភាពខ្ពស់។
៣. ភាគីកូរ៉េក៏បានចែករំលែកអំពីបែបផែននៃកិច្ចសហការរវាងប្រទេសកូរ៉េជាមួយប្រទេសនានាលើការអភិវឌ្ឍរដ្ឋាភិបាលអេឡិកត្រូនិក និងផ្តល់យោបល់សម្រាប់ការអភិវឌ្ឍរដ្ឋាភិបាលអេឡិកត្រូនិកនៅកម្ពុជា ជាពិសេសលើការគ្រប់គ្រងអត្តសញ្ញាណកម្មប្រជាពលរដ្ឋដោយផ្អែកលើបទពិសោធន៍របស់ប្រទេសកូរ៉េ៕