• ខ្មែរ
  • EN

ឯកឧត្ដមរដ្ឋមន្ត្រី ​ត្រាំ អុីវតឹក ​អញ្ជើញ​ជាអធិបតី​ក្នុង​ពិធីបើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨​ របស់​ក្រសួង​ប្រៃ​សណីយ៍

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨  ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក​សន្និបាត​បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ និយោជិត ព្រមទាំងវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន តំណាងប្រតិបត្តិករ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិផងដែរ។

ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានផ្តាំផ្ញើ​នូវអំណរគុណ​ និង​ការកោតសរសើរ​ដោយស្មោះ​ចំពោះ​មន្រ្តី​រាជការ​ និយោជិត​​ របស់ក្រសួង​ដែលបាន​ខិតខំ​ប្រឹងប្រែង​ អំណត់ព្យាយាម​បំពេញ​ភារកិច្ច​ដោយស្មារតីទទួលខុសត្រូវ​​ខ្ពស់​សម្រេចបាន​លទ្ធផលជា​ផ្លែ​ផ្កា​គួរជាទីមោទនៈ និងអំណរគុណ​ចំពោះគ្រប់ប្រតិបត្តិករ​​ជាដៃគូទាំងអស់​​ ដែលបានរួមសហការ​ជាមួយ​ក្រសួង​ទាំងប្រភពទុន- បច្ចេកវិទ្យាទំនើប និង​ធនធានមនុស្ស​ក្នុងការជំរុញ​បន្តការអភិវឌ្ឍន៍​លើវិស័យទាំង​បី​​ និង​ការបណ្តុះ​បណ្តាលធនធានមនុស្ស។ ឯកឧត្ដមរដ្ឋមន្ត្រី បានចាត់ទុនសន្និបាតនាពេលនេះគឺជា​​​​វេទិកា​នៃការ​ជួបជុំគ្នា​​ ដើម្បីធ្វើការ​បូកសរុប​ ត្រួតពិនិត្យ វាយតម្លៃ​ចំពោះ​លទ្ធផលការងារទូទៅ​ដែលសម្រេច​បាន​​ក្នុងឆ្នាំកន្លង​​ទៅ​ និង​ពិគ្រោះពិភាក្សា​គ្នាលើក​ជាគំនិត​ និងវិធានការរកដំណោះស្រាយ​​ ដើម្បីកំណត់ឲ្យបាន​នូវទិសដៅ​​ និងគោល​ដៅ​ការងារសំខាន់ៗ​​សម្រាប់អនុវត្តន៍បន្ត​ និងដំណើរឆ្ពោះទៅមុខ​​របស់ក្រសួង​​ ពិសេសក្នុងបរិបទ​នៃការប្រែ​ប្រួល​​យ៉ាង​ឆាប់រហ័ស​នៃវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT)​ ​។ ចុងបញ្ចប់ ឯកឧត្ដមរដ្ឋមន្ត្រី បានប្រកាស​​បើកសន្និបាត​បូកសរុបលទ្ធផលការងារ​ឆ្នាំ២០១៧ ​និង ទិសដៅការងារ​ឆ្នាំ២០១៨ ​របស់ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍​​ ចាប់ពីពេលនេះតទៅក្រោមបរិយាយកាសសប្បាយរីករាយផងដែរ៕


 

Related Post