រាជធានីភ្នំពេញ៖ ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នៅសាលប្រជុំទូរគមនាគមន៍កម្ពុជា ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសតែងតាំងក្រុមប្រឹក្សាភិបាល សម្រាប់អាណត្តិទី៥ របស់ទូរគមនាគមន៍កម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្នាក់ដឹកនាំ និងនិយោជិកទូរគមនាគមន៍កម្ពុជា ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ពិធីប្រកាសតែងតាំងក្រុមប្រឹក្សាភិបាល នៃទូរគមនាគមន៍កម្ពុជាសម្រាប់អាណត្តិទី៥ មានសមាសភាពដូចខាងក្រោម៖
-ឯកឧត្ដម សុខ ពុទ្ធិវុធ តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រធាន
-ឯកឧត្ដម កឹមរ័ត្ន វិសិដ្ឋ តំណាងទីស្ដីការគណៈរដ្ឋមន្ត្រី សមាជិក
-ឯកឧត្តម ជា ម៉ានិត តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សមាជិក
-ឯកឧត្ដម ជា វុធណា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិក
-លោក យឿន ឌីណា តំណាងក្រសួងការពារជាតិ សមាជិក
-ឯកឧត្តម សន វី អគ្គនាយកទូរគមនាគមន៍កម្ពុជា សមាជិក
-លោក សរ ធូរី តំណាងនិយោជិតទូរគមនាគមន៍កម្ពុជា សមាជិក
ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានចាត់ទុកការប្រកាសតែងតាំងក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជាថ្មីនៅពេលនេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យដ៏ជ្រាលជ្រៅ ឆ្លុះបញ្ចាំងឲ្យឃើញពីការគាំទ្រ និងការបន្តយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងអាណាព្យាបាលចំពោះទូរគមនាគមន៍កម្ពុជាក្នុងការពង្រឹង និងពង្រីកការងារអាជីវកម្មនៅក្នុងទីផ្សារប្រកួតប្រជែង ព្រមទាំងបន្តអភិវឌ្ឍវិស័យទូរគមនាគមន៍នៅកម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ដល់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងនិយោជិកទូរគមនាគមន៍កម្ពុជាទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់ការផ្ដល់សេវាជូនអតិថិជនប្រកបដោយស្មារតីម្ចាស់ការ ភក្ដីភាព និងមានសីលធម៌ក្នុងវិជ្ជាជីវៈក្នុងគោលបំណងធ្វើយ៉ាងណាបម្រើអតិថិជនឲ្យបានកាន់តែប្រសើរឡើង។ ថ្នាក់ដឹកនាំ និងនិយោជិកទាំងអស់ត្រូវមានទស្សនាទានផ្លាស់ផ្ដូរឥរិយាបថ និងផ្នត់គំនិតពី “មន្ត្រីរាជការ” ទៅជា “អ្នកផ្ដល់សេវាជូនប្រជាពលរដ្ឋ” ប្រកបដោយភាពស្មោះត្រង់ និងទាន់ពេលវេលា។ ត្រូវប្រកាន់ខ្ជាប់នូវជំហរជាអ្នកបម្រើអតិថិជនតាមរយៈការធានាឲ្យបាននូវគុណភាពនៃសេវាគ្រប់ប្រភេទ និងភាពរហ័សរហួននៃការផ្ដល់សេវា ជាពិសេសត្រូវទប់ស្កាត់ឲ្យបានទាន់ពេលវេលានូវរាល់ទង្វើអសកម្មទាំងឡាយដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍អតិថិជន និងកិត្តិយស ព្រមទាំងសេចក្ដីថ្លៃថ្នូរបស់ទូរគមនាគមន៍កម្ពុជា។
ឯកឧត្ដមរដ្ឋមន្រ្តី បានផ្តល់ជាគំនិតខ្លះៗដែលជាធាតុចូលសម្រាប់ការអនុវត្ត ដើម្បីរួមចំណែកដល់ការដោះស្រាយបញ្ហាប្រឈមនានា ដូចខាងក្រោម៖
១- បន្តរក្សាឲ្យបានខ្ជាប់ខ្ជួននូវវប្បធម៌សហការ និងសាមគ្គីភាពផ្ទៃក្នុង។
២- ក្រុមប្រឹក្សាភិបាល អគ្គនាយក ថ្នាក់ដឹកនាំ និងនិយោជិតតាមបណ្តានាយកដ្ឋាន អង្គភាពក្រោមឱវាទត្រូវខិតខំប្រឹងប្រែងអនុវត្តការងារតាមតួនាទី ភារកិច្ចរៀងៗខ្លួនដើម្បីឱ្យទទួលបាននូវប្រសិទ្ធភាពខ្ពស់។
៣- ថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល និងអគ្គនាយក ទ.ក ត្រូវចូលរួមជាមួយនិយោជិតក្នុងការដោះស្រាយរាល់បញ្ហាដែលកើតមានឡើងជាពិសេសការងារបច្ចេកទេស និងអាជីវកម្មដែលកំពុងមានភាពប្រកួតប្រជែង។
៤- ពង្រីកតំបន់សេវាគ្របដណ្តប់ និងពង្រីកទីតាំងអាជីវកម្មគ្រប់ខេត្ត-ក្រុង ឲ្យនៅកៀកជាប់ជាមួយអតិថិជន និងពង្រឹងការងារផ្នែកអាជីវកម្មឲ្យមានលក្ខណៈបត់បែន និងរស់រវើក(Flexible)។
៥- សហការជាមួយសាជីវកម្មកូរ៉េ KT ដើម្បីបង្កើនសេវាកម្មថ្មីៗបន្ថែមទៀត។
៦- ធ្វើកំណែទម្រង់រចនាសម្ព័ន្ធការងាររដ្ឋបាល អាជីវកម្ម និងបច្ចេកទេស ដោយចាត់តាំងនិយោជិតឲ្យត្រូវតាមជំនាញ និងលើកទឹកចិត្តនិយោជិតដែលខិតខំប្រឹងប្រែងបំពេញការងារ។
៧- ពង្រឹងការប្រមូលចំណូលគ្រប់ប្រភេទ និងទារបំណុល ព្រមទាំងកាត់បន្ថយចំណាយដែលមិនសូវចាំបាច់។
៨- បន្តកិច្ចសហការជាមួយប្រតិបត្តិករទូរគមនាគមន៍ ដើម្បីដោះស្រាយបញ្ហារអាក់រអួលផ្នែកបច្ចេកទេស និងពង្រឹងគុណភាពសេវារបស់ខ្លួន និងរកដៃគូសហការវិនិយោគ។
៩- បន្តចែករំលែកបទពិសោធន៍ការងារ និងបណ្តុះបណ្តាលនិយោជិតឲ្យមានជំនាញខ្ពស់ក្នុងវិជ្ជាជីវៈ៕