• ខ្មែរ
  • EN

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អញ្ជើញចូលរួមមហាសន្និបាតទូរស័ព្ទចល័តឥណ្ឌាឆ្នាំ២០១៨ 

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណ:ប្រតិភូក្រសួង អញ្ជើញចូលរួមមហាសន្និបាតទូរស័ព្ទចល័តឥណ្ឌាឆ្នាំ២០១៨ (India-Mobile Congress 2018) ដែលប្រព្រឹត្តិទៅពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នៅសាធារណរដ្ឋឥណ្ឌា។

មហាសន្និបាតនេះ ត្រូវបានរៀបចំឡើងដោយនាយកដ្ឋានទូរគមនាគមន៍ និងសមាគមប្រតិបតិ្តករឥណ្ឌា ក្រោមប្រធានបទ “New Digital Horizons Connect, Create, Innovate” ក្នុងគោលបំណងកសាងគំនិត ក៏ដូចជាពង្រឹងទំនាក់ទំនងក្នុងវិស័យឧស្សាហកម្មឱ្យបានស្ថិតស្ថេរ និងការដាក់តាំងបង្ហាញពីបចេ្ចកវិទ្យាទូរស័ព្ទចល័តចុងក្រោយ និន្នាការផលិតផល សេវាកម្មផលិត និងដំណោះស្រាយដែលមានឥទ្ធិពល។ មហាសន្និបាតនេះ មានការចូលរួមពីបណ្តាថ្នាក់រដ្ឋមន្ត្រីប្រចាំអាស៊ាន និង BIMSTEC (មានចំនួន០៧ ប្រទេសជាសមាជិករួមមាន សាធារណរដ្ឋឥណ្ឌា សាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ប៊ូតាន នេប៉ាល់ មីយ៉ាន់ម៉ា ស្រីលង្កា និងថៃ)។ ក្នុងនោះក៏មានការចូលរួមពីបណ្តាប្រទេសជាដៃគូ និងវាគ្មិនអន្តរជាតិប្រមាណ ១០០នាក់ រួមជាមួយអ្នកចូលរួមរៀបចំតាំងពិពរណ៌ប្រមាណ ១៣០០ស្តង់ អ្នកសារព័ត៌មានអន្តរជាតិប្រមាណ ១០០០នាក់ និងអ្នកចូលរួមប្រមាណជាង ២០០.០០០នាក់។

ប្រទេសឥណ្ឌាមានការជឿជាក់យ៉ាងមុតមាំថា មហាសន្និបាតទូរស័ព្ទចល័តឥណ្ឌាឆ្នាំ២០១៨ នេះនឹងក្លាយជាវេទិកាដ៏មានសារ:សំខាន់ក្នុងការពិភាក្សាផ្លាស់ប្តូរយោបល់ ក៏ដូចជាការចែករំលែកចំណេះដឹងដែលពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា ទូរគមនាគមន៍ និងប្រព័ន្ធអេកូឡូស៊ីទូរគមនាគមន៍។

នៅក្នុងសន្និបាតនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយឯកឧត្តម Manoj Sinha រដ្ឋមន្ត្រីគមនាគមន៍ និងជារដ្ឋមន្ត្រីផ្លូវដែកឥណ្ឌា និងបានថ្លែងសារនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន ASEAN  និងតំបន់អាស៊ីខាងត្បូង BIMSTEC ផងដែរ៕


 

Related Post