រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឲ្យឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។
នៅក្នុងជំនួបនោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុន បានលើកឡើងពីការចូលរួមជាប្រចាំនិងយ៉ាងសកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រីក្នុងការចូលរួមការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា អស់ជាច្រើនឆ្នាំមកហើយ។ តាមរយៈជំនួបនេះ ឯកឧត្តមឯកអគ្គរាជទូត បានស្នើសុំការគាំទ្រ ពីឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្របសម្រួលលើការងារសំខាន់ៗនានា ក្នុងឱកាសដែលឯកឧត្តមត្រូវបំពេញការងារនៅព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលត្រូវបានរដ្ឋាភិបាលជប៉ុន ផ្តល់ទំនុកចិត្ត និងប្រគល់ភារកិច្ចថ្មី មកបំពេញបេសកកម្ម ជាឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា វត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនៅព្រះរាជាណាចក្រកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត រវាងប្រទេសទាំងពីរ។ បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានជួយដល់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការជួយដល់ការកសាងសមត្ថភាពមន្ត្រីរាជការលើវិស័យ ICT ការបណ្តុះបណ្តាលលើសន្តិសុខព័ត៌មានវិទ្យា និងជំនួយគាំទ្រហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃមួយចំនួនទៀត នាពេលកន្លងមក។
នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសាវតាខ្លះៗរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងការរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័សនៃវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង បច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មាន (ICT) នៅកម្ពុជាផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងផងដែរអំពីការងារជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការត្រៀមខ្លួនទាញយកផលប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដើម្បីសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ ក្នុងការការងារសំខាន់ៗដែលបាននិងកំពុងយកចិត្តទុកដាក់ រួមការរៀបចំក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីល គោលនយោបាយសេដ្ឋកិច្ចឌីជីថល ការការពារសន្តិសុខព័ត៌មានវិទ្យា ពាណិជ្ជកម្មអេឡិចត្រូនិក ការកសាងបទដ្ឋានគតិយុត្តគាំទ្រ ជាដើម។ សម្រាប់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននិងកំពុងធ្វើការជាមួយអន្តរក្រសួងលើការរៀបចំក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ដែលគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២០ ខាងមុខ។ ចេញពីក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថលនេះ យើងនឹងរៀបចំនូវផែនការមេ និងផែនការវិនិយោគបន្តទៀត។ ទាក់ទងនឹងពាណិជ្ជកម្មអេឡិចត្រូនិកដែលកំពុងរីកចម្រើនក្នុងព្រះរាជាណាចក្រកម្ពុជា និងពិភពលោក។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងនូវ ការខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនប្រៃសណីយ៍ដើម្បីជួយគាំទ្រដល់វិស័យនេះ ក៏ដូចជាការបង្កើតនូវហត្ថលេខាឌីជីថល ដែលនឹងដើរតួសំខាន់នៅក្នុងពាណិជ្ជអេឡិកត្រូនិក។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុន ក្នុងបន្តជួយគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាលមន្ត្រីរាជការក្រសួង ក៏ដូចជាការគាំទ្រផ្នែកបច្ចេកទេសដល់ការកសាងគោលនយោបាយ និងបទដ្ឋានគតិយុត្តទាក់ទងនឹងវិស័យប្រៃសណីយ៍ផងដែរ៕