រាជធានីភ្នំពេញ៖ រសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅការិយាល័យកណ្តាលក្រុមហ៊ុន Yes Seatel ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីដំណេីរការ សាកល្បងបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G) របស់ក្រុមហ៊ុន Yes Seatel (Yes 018)ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បណ្តាប្រតិបត្តិការវិស័យទូរគមនាគមន៍ និងអស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានមានប្រសាសន៍ថា នៅទូទាំងពិភពលោក មានប្រតិបត្តិករទូរគមនាគមន៍ 5G មកពី ៣១ប្រទេស ដែលបានដាក់ពង្រាយឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G ប្រកបដោយជោគជ័យ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា បច្ចេកវិទ្យា 5G បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគំនិតផ្តួចផ្តើមលើវិស័យឌីជីថលនៅកម្ពុជាក៏ដូចជានៅក្នុងបដិវត្ដឧស្សាហកម្ម 4.0។ លើសពីនេះទៅទៀត ចក្ខុវិស័យរបស់ផែនការមេបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន អាស៊ានឆ្នាំ២០២០ នឹងជំរុញអាស៊ានឆ្ពោះទៅកាន់ការប្រកាន់យកសេដ្ឋកិច្ចឌីជីថល ដែលមានសុវត្ថិភាពខ្ពស់ ចីរភាព និងមានភាពរីកលូតលាស់ ហើយធ្វើឱ្យសហគមន៍អាស៊ានក្លាយជាសហគមន៍មួយមាននវានុវត្តន៍ភាព ពេញលេញ និងរួមបញ្ចូលគ្នាតែមួយ។ ដើម្បីឆ្លើយតបនឹងចក្ខុវិស័យនេះក្រសួង កំពុងដំណើរការទៅមុខយ៉ាងល្អក្នុងការចេញអាជ្ញាបណ្ណវិសាលគមន៍ 5G ដល់ប្រតិបត្តិករ ហើយក្រសួងនឹងបន្តផ្តល់ការគាំទ្រដល់ប្រតិបត្តិករទូរគមនាគមន៍នៅកម្ពុជា ដើម្បីឱ្យបណ្តាខេត្ត ក្រុង ទាំងអស់បានទទួលប្រព័ន្ធសេវា 5G យ៉ាងឆាប់រហ័ស ផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវអំណរសាទរចំពោះក្រុមហ៊ុន Yes Seatel (Yes 018) ដែលបានខិតខំប្រឹងប្រែងរៀបចំពិធីសាកល្បងបច្ចេកវិទ្យា 5G នេះបានជោគជ័យ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះការវិនិយោគ ជាបន្តបន្ទាប់លើផ្នែកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅក្នុងប្រទេសកម្ពុជា ដែលបានជួយអោយប្រជាជនកម្ពុជាទទួលបាននូវបទពិសោធន៍ និងអត្ថប្រយោជន៍ជាច្រើនពីបច្ចេកវិទ្យាទំនើបៗចុងក្រោយ៕