ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា រៀបចំធ្វើជាម្ចាស់ផ្ទះនៃសិក្ខាសាលាស្តីពីការអភិវឌ្ឍអ៊ិនធឺណិតល្បឿនលឿននិងកាតព្វកិច្ចសេវាសកលនៅកម្ពុជា លើប្រធានបទ “ដំណើរឆ្ពោះទៅកម្ពុជាប្រកបដោយសន្តិភាព” ដែលប្រព្រឹត្តទៅនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ សិក្ខាសាលានេះជាឱកាសមួយសម្រាប់អ្នកបង្កើតគោលនយោបាយជាន់ខ្ពស់ បញ្ញត្តិករ អ្នករៀបចំយុទ្ធសាស្ត្រ ឧស្សាហកម្ម និងដៃគូអភិវឌ្ឍន៍នានា ចូលរួមពិភាក្សាអំពីយុទ្ធសាស្ត្រ ការចែករំលែកព័ត៌មាន បទពិសោធន៍ ឧត្តរមានុវត្ត និងមេរៀនផ្សេងៗពាក់ព័ន្ធនឹងការអភិវឌ្ឍអ៊ិនធឺណិតល្បឿនលឿននិងមូលនិធិកាតព្វកិច្ចសេវាសកល។
សិក្ខាសាលាត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ តាមរយៈសុន្ទរកថាបើកសិក្ខាសាលា ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងអំពីតួនាទីដ៏សំខាន់និងចំាបាច់នៃអ៊ិនធឺណិតល្បឿនលឿនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបានចែករំលែកនូវបញ្ហាស្នូលចំនួនបួនដែលតម្រូវឱ្យមានកិច្ចសហការខ្ជាប់ខ្ជួនទាក់ទងនឹងការអភិវឌ្ឍអ៊ិនធឺណិតល្បឿនលឿន ដែលរួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអ៊ិនធឺណិតល្បឿនលឿន កាតព្វកិច្ចសេវាសកល ធនធានកម្ររនៃអ៊ិនធឺណិតល្បឿនលឿន និងការអភិវឌ្ឍមាតិកា។ ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរដល់វាគ្មិន ក្រុមសហការីនៃការងារក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុនជាដៃគូគាំទ្រគឺក្រុមហ៊ុន Smart Axiata Co., Ltd និងក្រុមហ៊ុន Huawei Technologies (Cambodia) Co., Ltd ។
វាគ្មិនដែលអញ្ជើញមកពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ក្រសួងព័ត៌មាននិងសារគមនាគមន៍វៀតណាម និយ័តករទូរគមនាគមន៍កម្ពុជា ទូរគមនាគមន៍កម្ពុជា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ក្រុមហ៊ុន Google ក្រុមហ៊ុន Ovum ក្រុមហុន Huawei និងក្រុមហ៊ុន Axiata បានធ្វើបទបង្ហាញស៊ីជម្រៅសម្រាប់វគ្គទាំងបួននៃសិក្ខាសាលាលើប្រធានបទរួមគឺ ក្របខ័ណ្ឌគោលនយោបាយអ៊ិនធឺណិតល្បឿនលឿន អ៊ិនធឺណិតល្បឿនលឿននិងសេដ្ឋកិច្ចឌីជីថល កិច្ចសហការក្នុងការអភិវឌ្ឍអ៊ិនធឺណិតល្បឿនលឿន និងមូលនិធិកាតព្វកិច្ចសេវាសកល។
ឯកឧត្តម បណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឡើងថ្លែងបិទសិក្ខាសាលានេះ។ ក្នុងសុន្ទរកថាបិទរបស់ឯកឧត្តម ឯកឧត្តមរដ្ឋលេខាធិការ សូមថ្លែងអំណរគុណចំពោះវាគ្មិន ភ្ញៀវកិត្តិយស សហការី និងអ្នកឧបត្ថមចំពោះព្រឹត្តិការណ៍នេះ និងធ្វើការបញ្ជាក់បន្ថែមថា បទពិសោធន៍ មេរៀន និងឧត្តរមានុវត្តទាំងឡាយដែលត្រូវបានចែករំលេកដោយវាគ្មិនទាំងអស់ក្នុងព្រឹត្តិការណ៍ថ្ងៃនេះ នឹងជាវិភាគទានដល់ការរៀបចំគោលនយោបាយអ៊ិនអឺណិតល្បឿនជាតិ គោលនយោបាយកាតព្វកិច្ចសេវាសកល និងអនុក្រឹត្យពាក់ព័ន្ធ ដែលជាផ្នែកមួយនៃការសម្រេចបាននូវគោលដៅ គោលបំណង និងទស្សនវិស័យរបស់គោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២០។
ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦