• ខ្មែរ
  • EN

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញទៅចូលរួមវេទិកាសហភាពទូរគមនាគមន៍អន្តរជាតិ

នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានដឹកនាំប្រតិភូក្រសួងអញ្ជើញទៅចូលរួមវេទិកាសហភាពទូរគមនាគមន៍អន្តរជាតិ«ទូរគមនាគមន៍ ពិភពលោក» (ITU TELECOM WORLD) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងបាងកក ប្រទេសថៃឡង់ដ៍។ វេទិកានេះ ជាប្រព្រឹត្តិការណ៍ប្រចាំឆ្នាំ រៀបចំឡើងដោយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដែលមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលពីបណ្តាប្រទេសជាសមាជិក និយ័តករ ភ្នាក់ងារអន្តរជាតិ ដៃគូអភិវឌ្ឍន៍ អ្នកស្រាវជ្រាវ ផ្នែកឯកជនដែលផ្តល់ដំណោះស្រាយបច្ចេកទេស ក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខារ ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានធំៗមកពីជុំវិញពិភពលោក។ គំនិតផ្តួចផ្តើមក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្សារភ្ជាប់ទស្សនរវាងភាគីពាក់ព័ន្ធក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន  បង្កើតបានជាបណ្តុំបណ្តាញ​មួយចែករំលែកព័ត៌មាន បទពិសោធន៍ និងឧត្តមានុវត្តក្នុងការគ្រប់គ្រង ការងារនិយ័តកម្ម និងប្រតិបត្តិការប្រព័ន្ធអេកូបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សំដៅពូនផ្តុំនូវចំណុចគន្លឹះល្អក្នុងការដោះស្រាយបញ្ហាប្រឈម បង្កើតកាលានុវត្តិភាពថ្មីៗ បង្កបរិយាកាសល្អសម្រាប់ការប្រកួតប្រជែង និងលក្ខណៈអំណោយផលដល់ធុរកិច្ចសហគ្រាសខ្នាតតូចនិងមធ្យម (SMEs) សហគ្រិនភាព និងនវានុវត្តកម្មបច្ចេកវិទ្យា។  
ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក និងប្រតិភូអមដំណើរនឹងចូលរួមកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្រ្តីបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ព្រមទាំងវេទិកាសំខាន់ៗមួយចំនួនស្របនឹងប្រធានបទដែលផ្តោតសំខាន់លើកិច្ចសហការ ជំរុញសេដ្ឋកិច្ចឌីជីថល ឆ្ពោះទៅរកការអភិវឌ្ឍ និងការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានជាសកល ប្រកប​ដោយចីរភាពនិងបរិយាប័ន្ន។ ក្នុងនោះប្រធានបទជាអាទិភាពរួមមាន ការតភ្ជាប់         បច្ចេកវិទ្យាក្នុងកិច្ចដំណើរការឆ្ពោះទៅការតភ្ជាប់ជាសកលក្នុងតម្លៃសមរម្យ, ការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ (5G, កម្មសិទ្ធិបញ្ញា និងស្តង់ដា IoT-Internet of Thing), នវានុវត្តភាពទម្រង់ទិន្នន័យធំៗ និងរបាំងរាំងស្ទះចំពោះអ្នកបង្កើតធុរកិច្ចថ្មី (Start-up) និងសហគ្រាសខ្នាតតូចនិងមធ្យម(SME) ដែលត្រូវដោះស្រាយ។ ទន្ទឹមនឹងនេះ ក្រៅពីចូលរួមទស្សនាការតាំងពិព័រណ៍បច្ចេកវិទ្យា ប្រតិភូក៏មានកម្មវិធីជួបពិភាក្សាទ្វេភាគី ជាមួយសមភាគីសំខាន់ៗមួយចំនួន ដូចជាតំណាងសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ប្រតិភូម្ចាស់ផ្ទះ (ថៃឡង់ដ៍) និងតំណាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា ក្រុមហ៊ុន Huawei  ដើម្បីស្វែងយល់ពីការ រៀបចំលិខិតបទដ្ឋាន        គតិយុត្ត គោលនយោបាយវិស័យ ការងារនិយ័តកម្ម ឧត្តមានុវត្តក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍបច្ចេកវិទ្យា និងនវានុវត្តន៍ ​៕ 

Related Post