នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នេះ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលជួបពិភាក្សាការងារជាមួយលោក Jim Holmes អភិបាលក្រុមហ៊ុន Incycle Consulting និងជាទីប្រឹក្សាបច្ចេកទេសនៃលេខាធិការដ្ឋានអាស៊ាន ។
លោក Jim Holmes បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលបានអនុញ្ញាតទទួលជួបពិភាក្សាការងារក្នុងគោលបំណងចង់ស្វែងយល់អំពីលិខិតបទដ្ឋានគតិយុត្តនិងការងារនិយ័តកម្មវិស័យទូរគមនាគមន៍នៅកម្ពុជាពាក់ព័ន្ធនឹងគោលដៅទីផ្សារទូរគមនាគមន៍តែមួយនៅក្នុងតំបន់អាស៊ាន ពិសេសគោលនយោបាយបើកទូលាយក្នុងវិស័យទូរគមនាគមន៍ និងការទាក់ទាញធុរជនបរទេសចូលមកវិនិយោគនៅក្នុងកម្ពុជានៅក្នុងវិស័យដ៏មានសារសំខាន់នេះ។ ឯកឧត្តម ត្រាំ អ៊ីវតឹក បានជម្រាបជូនភ្ញៀវថា រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ក្នុងលើកទឹកចិត្តនិងទាក់ទាញធុរជនបរទេសឱ្យចូលមកវិនិយោគនៅក្នុងកម្ពុជាពិសេសនៅក្នុងវិស័យទូរគមនាគមន៍ មានជាអាទិ៍៖
– រដ្ឋាភិបាលបានកែសម្រួលនីតិវិធីជាបន្តបន្ទាប់ដោយលុបបំបាត់បែបបទមិនចាំបាច់ និងស្មុគ្រស្មាញមួយចំនួនសំដៅសម្រួលដល់អ្នកវិនិយោគ។
– ធ្វើសុខដុមនីយកម្មច្បាប់និងបទប្បញ្ញត្តិនានា ព្រមទាំងជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពនូវរាល់លិខិតបទដ្ឋានគតិយុត្តមានស្រាប់ដើម្បីគាំទ្រដល់ប្រតិបត្តិការទីផ្សារទូរគមនាគមន៍ ធានាការប្រកួតប្រជែងនិងផ្តល់ការការពារដល់អ្នកប្រើប្រាស់។
– គ្មានការរើសអើងចំពោះវិនិយោគិន និងការចូលរួមប្រកួតប្រជែងក្នុងទីផ្សារសេវាទូរគមនាគមន៍ និងមិនដាក់កម្រិតប្រភេទបច្ចេកវិទ្យាដែលបានត្រូវប្រើប្រាស់។
– ប្រតិបត្តិករទូរគមនាគមន៍មានសេរីភាពពេញទីក្នុងការផ្តួចផ្តើមដាក់ចេញយុទ្ធសាស្រ្តអាជីវកម្មរបស់ខ្លួនដើម្បីប្រកួតប្រជែងដោយស្របច្បាប់ដណ្តើមចំណែកទីផ្សារ។
– ជនបរទេសមានសិទ្ធិធ្វើម្ចាស់អាជីវកម្មផ្ទាល់នៅក្នុងឧស្សាហកម្មទូរគមនាគមន៍ ពោលគឺ អនុញ្ញាតឱ្យមានការវិនិយោគផ្ទាល់ពីបរទេស(FDI) 100%។
– គ្មានគោលនយោបាយកម្រិតចំនួនប្រតិបត្តិករចូលរួមប្រកួតប្រជែងក្នុងការផ្តល់សេវាទូរគមនាគមន៍ លើកលែងតែការវិនិយោគបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ដែលរាជរដ្ឋាភិបាលកំណត់ត្រឹម ០៤ក្រុមហ៊ុនប៉ុណ្ណោះ។
ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវក្តីសង្ឃឹមថា ទីផ្សារទូរគមនាគមន៍តែមួយនឹងនាំមកនូវកាលានុវត្តិភាពថ្មី និងផលប្រយោជន៍សម្រាប់កម្ពុជា និងសមាជិកអាស៊ានដទៃទៀត ព្រមទាំងរួមចំណែកកាត់បន្ថយគម្លាតឌីជីថលនៅក្នុងតំបន់អាស៊ានទាំងមូលស្របតាមដំណាក់កាលសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) និងនិន្នាការសកលភាវូបនីយកម្មនាយុគសម័យសេដ្ឋកិច្ចឌីជីថល៕