———————————————————
សិក្ខាសាលាស្ដីពីការប្រើប្រាស់បច្ចេកវិទ្យាដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ច ដែលមានខ្លឹមសារជាភាសាអង់គ្លេស Seminar on IT Utilization to Strengthen Economics and Social Infrastructure ត្រូវបានសហការរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិសម្រាប់កុំព្យូទ័រនីយកម្មរបស់ប្រទេសជប៉ុន (CICC) ដោយមានអ្នកចូលរួមពីបណ្ដាក្រសួង-ស្ថាប័នពាក់ព័ន្ធ បណ្ដាស្ថាទូត ក្រុមហ៊ុនឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ប្រមាណ១០០នាក់បានចូលរួម។
គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺការពិភាក្សា និងការចែករំលែកនូវបទពិសោធន៍ល្អៗរបស់ក្រុមហ៊ុនជប៉ុនជាមួយភាគីកម្ពុជាទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការពង្រឹងសេវាសាធារណៈនិងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត វិធីសាស្ត្រទប់ស្កាត់ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេតនិងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានៅក្នុងវិស័យសុខាភិបាល។ ដោយឡែកវាគ្មិនភាគីកម្ពុជាមកពីនាយកដ្ឋានគោលនយោបាយនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសហព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT Federation of Cambodia) ក៏បានបង្ហាញជូនអង្គសិក្ខាសាលាអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យ/សក្ដានុពលនៃឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលា ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កិច្ចសហការរវាងវិស័យសាធារណៈ និងវិស័យឯកជន គឺពិតជាពុំអាចខ្វះបានក្នុងការជម្រុញឱ្យមានវឌ្ឍនភាពនៅក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននិងបានស្នើឱ្យក្រុមហ៊ុនទាំងអស់បន្តពង្រឹងនិងពង្រីកការវិនិយោគបន្ថែមនៅក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន៕