រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អីុវតឹក និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តរាប់បាត្រ និងសំណេះសំណាលជាមួយមន្ត្រីរាជការ និងនិវត្តន៍ជន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរកា នព្វស័ក ព.ស ២៥៦១ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនិវត្តន៍ជនរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អីុវតឹក និងលោកជំទាវ
មានមតិក្នុងពិធីសំណេះសំណាល ឯកឧត្ដមរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះនិវត្តន៍ជនរបស់ក្រសួងទាំងអស់ដែលបានធ្វើពលិកម្មយ៉ាងធំធេងក្នុងការលះបង់កម្លាំងកាយ កម្លាំងប្រាជ្ញា ពុះពាររាល់ឧបសគ្គគ្រប់បែបយ៉ាងដោយមិនខ្លាចនឿយហត់ ខិតខំប្រឹងប្រែងជម្រុញការស្ដា និងអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីជាគុណប្រយោជន៍ចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជាយើង។ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ទោះបីជា លោក លោកស្រី បានចូលនិវត្តន៍ហើយក្ដីក៏ថ្នាក់ដឹកនាំទាំងអស់របស់ក្រសួងនៅតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខរបស់ លោក លោកស្រីជានិវត្តន៍ជនគ្រប់ៗរូបដោយមិនទុកឲ្យអ្នកទាំងអស់គ្នារស់នៅឯកកោឡើយ។
ក្នុងពិធីនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានជូនអំណោយជាប្រាក់ឧបត្ថម្ភ និងវត្ថុអនុស្សាវរីយ៍ ដល់និវត្តន៍ជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ផងដែរ៕