រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុញ្ញាតឲ្យអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ជួបពិភាក្សាការងារនិងធ្វើបទបង្ហាញអំពីការសិក្សាគម្រោង និងលទ្ធភាពក្នុងការបាញ់បង្ហោះផ្កាយរណបរបស់កម្ពុជាជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសមួយចំនួននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ក្នុងជំនួបនេះ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានអញ្ជើញអ្នកបច្ចេកទេសជំនាញផ្នែកបាញ់បង្ហោះផ្កាយរណបដែលមកពីក្រុមហ៊ុន China Great Wall Industry Corporation នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាការងារ និងធ្វើបទបង្ហាញដើម្បីឈានដល់កិច្ចសហប្រតិបត្តិការណ៍ជាមួយគ្នាលើគម្រោងបាញ់ផ្កាយរណប៕