• ខ្មែរ
  • EN

ឯកឧត្ដមរដ្ឋមន្ត្រី ​ត្រាំ អុីវតឹក​ អញ្ជើញ​ជា​អធិបតី​បើក​វេទិកា​ធុរ​កិច្ច​បច្ចេកវិទ្យា​ និងសហគ្រាស​ខ្នាត​តូច ​និង​មធ្យម​ លើក​ទី១​ ឆ្នាំ​២០១៧​ ​នៅ​សណ្ឋាគារ​សូហ្វីតែល​ភូកេត្រា​ភ្នំពេញ​

រាជធានីភ្នំពេញ៖ ​ព្រឹក​ថ្ងៃអង្គារ៍ ​២កើត ​ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព.ស​ ២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី​១៩​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ឯកឧត្ដម​ ត្រាំ អុីវ​តឹក​ រដ្ឋមន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ បាន​អញ្ជើញ​ជា​អធិបតី​បើក​វេទិកា​ធុរ​កិច្ច​បច្ចេកវិទ្យា​ និង​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ លើក​ទី១​ ឆ្នាំ​២០១៧ ​នៅ​សណ្ឋាគារ​សូហ្វីតែល​ភូកេត្រា​ភ្នំពេញ​។​
 

ឯកឧត្ដម​ ត្រាំ អុីវ​តឹក​ រដ្ឋមន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍

ថ្លែងក្នុងកម្មវិធីបើកវេទិការធុរកិច្ចនេះ ឯកឧត្តម​ ត្រាំ​ អុីវតឹក​ រដ្ឋ​មន្រ្តី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ បាន​មាន​ប្រសាសន៍​ថា​ «ថ្មីៗ​នេះ​សហគ្រាស​ខ្នាត​តូច​ មធ្យម​ និង​ក្រុមហ៊ុន​ទើប​ចាប់​ផ្ដើម​អាជីវកម្ម​ផ្នែក​បច្ចេក​វិទ្យា​ត្រូវ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ និង​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​រាជ​រដ្ឋាភិបាល​កម្ពុជា​។​ ជាមួយគ្នា​នោះដែ​រ ​រាជ​រដ្ឋាភិបាល​កម្ពុជា​កំពុង​សិក្សា​អំពី​លទ្ធភាព​ក្នុង​ការ​គាំទ្រ​ Startup​ Eco-system​ និង​លើក​ទឹកចិត្ត​ដល់​ផលិតផល​ឌីជីថល​ក៏​ដូចជា​សេវាកម្ម​ដែល​បង្កើ​ត​ឡើង​ក្នុង​ស្រុក​រួម​ទាំង​ទីផ្សារ​តាម​អ៊ីន​ធឺណិត​ ដែល​វា​មាន​ភាព​ងាយ​ស្រួល​សម្រាប់​ក្រុម​ហ៊ុន​ធ្វើ​ការ​ជាមួយ​អតិថិជន​ក្នុង​និង​ក្រៅ​ប្រទេស​។ សេវាកម្មបច្ចេក​វិទ្យា​គមនាគមន៍ ​និង​ព័ត៌មាន​ (ICT)​ បាន​បង្កើត​នូវ​ឱកាស​ពិសេស​សម្រាប់​អាជីវកម្ម​ដែល​ទើប​បង្កើត​ថ្មី​ ដោយ​ផ្តល់​ដល់​អតិថិជន​នូវ​ផលិតផល​ និង​សេវាកម្ម​ថ្មីៗ​ដែល​មិន​ទាន់​មាន​នៅ​លើ​ទីផ្សា​»។​

ឯកឧត្ដមបណ្ឌិត​​ សេង សុភាព ​ប្រធាន​វិទ្យាស្ថាន​​ជាតិ​​ប្រៃសណីយ៍ ​​ទូរ​គមនាគមន៍​​ បច្ចេក​​វិទ្យា​​គមនាគមន៍​​ និង​​ព័ត៌មាន​​ ហៅកាត់ថា​ នីបតិក​ (NIPTICT) ​បាន​លើក​ឡើង​ថា៖​ វិទ្យាស្ថានជាតិ ​NIPTICT​ មាន​មោទនភាព​បាន​សហការ​ជាមួយ​ក្រុម​ហ៊ុន​ស្មាត​អាហ៊្សាតា​ និង​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រសួង​ដល់​ទៅ ​៦ ​ក្នុង​ការ​រៀប​ចំវេទិកា​ធុរកិច្ច​បច្ចេកវិទ្យា​ (Tech​ Startups)​ និង​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ដែល​មាន​អ្នក​ចូល​រួម​មក​ពី​ គ្រឹះ​ស្ថាន​សាធារណៈ​ វិស័យ​ឯកជន​ វិស័យ​អប់រំ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ ហើយ​នេះ​ជា​លើក​ទីមួយ​ដែល​កម្ពុជា​បាន​រៀប​ចំ​ព្រឹត្តិការ​ណ៍​ធុរ​កិច្ច​ដ៏​ធំបែប​នេះ​។ ​ឯកឧត្ដម​បណ្ឌិត​​​ បាន​​បញ្ជាក់​អំពី​គោល​បំនង​នៃ​វេទិការ​ធុរកិច្ចនេះ ​គឺ​ដើម្បី​ផ្តល់​នូវ​វេទិកា​ធុរកិ​ច្ច​បច្ចេកវិទ្យា​ (Tec​h​ Startups) ​សហគ្រាស​ខ្នាត​តូច និង​ខ្នាត​មធ្យ​ម​ ក្នុង​ការ​ចែក​រំលែក​បទ​ពិសោធន៍​ សហ​ប្រតិបត្តិការ​ និង​ការ​ជួយ​គ្នា​ទៅវិញ​ទៅមក​ ដើម្បី​បង្កើន​ចំនួន​នៃ​អាជីវកម្ម​ខ្នាត​តូច​ មធ្យម​ ក៏ដូចជា​ក្រុម​ហ៊ុន​បច្ចេកវិទ្យា ​(Tech ​Startups)​ ដែល​មាន​សក្តា​នុពល​ឱ្យ​បាន​កាន់​តែ​ច្រើន​ឡើង​ និង​ផ្តល់​ដល់​  ក្រុម​ហ៊ុន​ទាំង​នោះ​នូវ​ការ​ពង្រីក​អាជីវកម្ម​ទៅ​កំរិត​តំបន់​ និង​ពិភព​លោក​។​

វេទិការនេះ​បាន​ផ្តល់​នូវ​កិច្ច​ពិភាក្សា​លើ​ប្រធាន​បទ​៥​ធំ​ៗគឺ៖​
ប្រធានបទ​ទី​១៖​ ការផ្តូច​ផ្តើម​ និង​តួនាទី​របស់​រាជរ​​ដ្ឋាភិបាល​​ក្នុង​ការ​គាំទ្រ​ Tech Startup ​និង​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​
ប្រធានបទទី២៖ ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ដំណើរ​ទៅ​កាន់​ឌីជីថល ​“កាលានុវត្តភាព​ និង​បញ្ហា​ប្រឈម​”​
ប្រធានបទទី៣៖ ផលិតផល​ និង​សេវារបស់ ​Tech​ Startup​ សម្រា​ប់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​
ប្រធានបទទី៤៖ ការទទួលបានមូលនិធិសម្រាប់ ​Tech Startup​ និងសហគ្រាស​ខ្នាត​តូច និង​មធ្យម​
ប្រធានបទទី៥៖ ជំនាញ ការស្រាវជ្រាវ​ និងនវានុវត្តន៍​ជា​គន្លឹះ​​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល៕​

សូមបញ្ជាក់ផងដែរថា ​វេទិការ​ធុរកិច្ច​នេះ​មាន​ការ​គាំទ្រ​ពី​ក្រសួង​ចំនួន ​០៦ ​រួមមាន ​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ ក្រសួង​ពាណិជ្ជកម្ម​ ក្រសួង​អប់រំកីឡា​ យុវជន ​និង​កីឡា ​និង​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ដោយ​មាន​ការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ស្មាត​អាហ៊្សាតា។​​ វាទិការ​នេះ​មាន​អ្នក​ចូលរួម​ប្រមាណ​៣០០នាក់​ និង​មាន​វាគ្មិន​ល្បីៗ​ជាច្រើន​រូបមក​ពីរដ្ឋា​ភិបាល​ វិស័យ​ឯក​ជន​ និង​សហគ្រាស​ ជា​ពិសេស​វាគ្មិន​ពី​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ Tech​ Startup​ សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ អ្នក​ផ្តល់​ប្រឹក្សា​ហិរញ្ញវត្ថុ​ អ្នក​ប្រឹក្សា​ខាង​អាជីវកម្ម​ ប្រតិបត្តិករ​ទូរ​គមនាគមន៍​ វិនិយោគិន​ គ្រឹះ​ស្ថាន​អប់រំ​ផ្នែក​បច្ចេកទេស​ និង​ជំនួញ ​អ្នក​ស្រាវជ្រាវ​ និង​សហគមន៍​នានា​ចំរុះ​ជាតិ​សាសន៍​ដែល​ពួក​គាត់​បាន​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ ផ្លាស់​ប្តូរ​ទស្សនៈយោបល់​ដល់​អ្នក​ចូល​រួម​ដើម្បី​បង្កើត​យុទ្ធសាស្ត្រ​ គោល​នយោបាយ​ស្តីពី​ធុរ​កិច្ច​បច្ចេក​វិទ្យា​ Tech Startups ​ សហគ្រាស​ខ្នាត​តូច​ និង​ខ្នាត​មធ្យម​ដោយ​ប្រើ​ប្រព័ន្ធ​ឌីជីថល​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​នៃ​ការ​ឆ្ពោះ​ទៅ​​រក​សេដ្ឋកិច្ច​ឌីជីថល​នៅ​ប្រាំ​ឆ្នាំ​ក្រោយ​របស់​កម្ពុជា​។​


 

Related Post