សារសំខាន់ក្នុងការស្នើសុំអាហារូបករណ៍ទៅសិក្សានៅប្រទេស
ជប៉ុន

នា​រសៀល​ថ្ងៃទី១០ តុលា ឆ្នាំ២០១៣ នៅ​ទីស្តីការក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​មាន​រៀបចំ​ពិធី​ធ្វើ​បទ​បង្ហាញ​ស្តីពី​សារសំខាន់​និង​របៀប​ដាក់ពាក្យ​ស្នើសុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅតាម​សាកលវិទ្យាល័យ​ជំនាញ​នានា​ក្នុងប្រទេស​ជប៉ុន​សម្រាប់​ឆ្នាំ២០១៤ក្រោម​កិច្ចដឹកនាំ​ប្រជុំ​ដោយ​ឯកឧត្តម​អនុរដ្ឋលេខាធិការ កុយ ពុំ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍។

ថ្លែង​ក្នុង​ពិធី​នោះ ឯកឧត្តម កុយ ពុំ មានប្រសាសន៍ថា ជប៉ុន​ជា​ប្រទេសមួយ​ដែល​បាន​ជួយ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​នូវ​រាល់​ហេ​ដ្ឋា​ច​នា​សម្ព័ន្ធ​និង​ជួយ​ទ្រទ្រង់​វិស័យផ្សេងៗទៀត​ជាច្រើន ក្នុងនោះ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​និង​អភិវឌ្ឍ​ជំនាញ​ក៏​ជា​គោលដៅ​សំខាន់​របស់​ប្រទេស​នេះ​ផងដែរ។ ជាក់ស្តែង​ថ្ងៃនេះ រាជរដ្ឋាភិបាល​ជប៉ុន​បាន​ចាត់​គ្រូ​ឧទ្ទេសនាម​ឲ្យ​មក​ពន្យល់​អំពី​សារសំខាន់​និង​បង្ហាញ​ពី​របៀប​និង​លក្ខខណ្ឌ​នៃ​ការដាក់​ពាក្យស្នើសុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ក្នុងន័យ​ជួយ​បណ្តុះបណ្តាល​ដល់​មន្ត្រីរាជកា​រ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ឲ្យ​មានការ​អភិវឌ្ឍន៍​ចំណេះដឹង​និង​ចំណេះធ្វើ​បន្ថែមទៀត។

ឯកឧត្តម​អនុរដ្ឋលេខាធិការ កុយ ពុំ បាន​បន្តទៀតថា រាជ​រដ្ឋា​ផិ​បាល​ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ គឺ​បន្ត​ពង្រឹង​និង​អភិវឌ្ឍ​សមត្ថភាព​មន្ត្រីរាជការ ជាពិសេស​ដោយមាន​ការ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ទើប​នៅពេលនេះ​ក្រសួង​បាន​ណែនាំ​ដល់​មន្ត្រីរាជការ​ដែលមាន​សមត្ថភាព​អាចដាក់​ពាក្យស្នើសុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ដើម្បី​ក្រេប​យកមុខ​ជំនាញ​បច្ចេកទេស​មក​បម្រើ​ប្រទេសជាតិ មាតុភូមិ​របស់​យើង​ឲ្យ​សម្បូរ​ណ៍​ថ្កុំថ្កើង ហើយ​ឯកឧត្តម​សង្ឃឹមថា អ្នកចូលរួម​ទាំងអស់​នឹង​យកចិត្តទុកដាក់​ត្រងត្រាប់​ស្តាប់​គ្រូ​ឧទ្ទេសនាម​ដើម្បី​ឲ្យ​បាន​យល់ដឹង​កាន់តែច្បាស់​ឡើង​ថែមទៀត​នូវ​គុណប្រយោជន៍​និង​សារសំខាន់​នៃ​ការសិក្សា​មុខជំនាញ​ឯកទេស​នៅតាម​សាកលវិទ្យាល័យ​ជំនាញ​នានា​នៅក្នុង​ប្រទេស​ជប៉ុន៕

អត្ថបទជាប់ទាក់ទង

  • សារសំខាន់ក្នុងការស្នើសុំអាហារូបករណ៍ទៅសិក្សានៅប្រទេស
    ជប៉ុន