កិច្ចប្រជុំស្តីពី ផែនការសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃច័ន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការ និងជាប្រធានក្រុមលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក្រសួង ប.ទ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ផែនការសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយរបស់ក្រសួង ប.ទ. សម្រាប់ជាធាតុចូលលើសេចក្តីព្រាងផែនការសកម្មភាពជាតិគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៩-២០២៣ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អស់លោក ដែលជាសមាសភាពក្រុមលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួង ប.ទ. ។
ក្រោយពីបានធ្វើការពិភាក្សាគ្នារួចមកអង្គប្រជុំសម្រេចបាន តារាងផែនការសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយរបស់ក្រសួង ប.ទ. សម្រាប់ជាធាតុចូលលើសេចក្តីព្រាងផែនការសកម្មភាពជាតិគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៩-២០២៣ ដែលក្រសួង ប.ទ.មានសកម្មភាពជាអាទិភាពមួយចំនួនដូចខាងក្រោម៖
– បន្តនិរន្តរភាពសេវាអុីនធឺណិត និងសេវារដ្ឋាភិបាលអេឡិចត្រូនិក និងបន្តការងារគ្រប់គ្រងថែទាំមជ្ឍមណ្ឌលទិន្នន័យ
– បន្តនិរន្តរភាពនៃដំណើរការរបស់ប្រព័ន្ធវីដេអូនៃសន្និសីទរបស់រាជរដ្ឋាភិបាល
– បង្កើតសេវាទូរស័ព្ទសង្គ្រោះបន្ទាន់ និងគ្រោះមហន្តរាយពាក់ព័ន្ធលើវិស័យ (សុខាភិបាល សន្តិសុខសណ្តាប់ធ្នាប់ ជួញដូរមនុស្ស ក្រសួងការងារ ចរាចរផ្លូវគោក អំពើពុករលួយ)
– រៀបចំចុះអនុស្សរណៈយោគយល់ (MoU) លើកិច្ចសហការរវាងក្រុមហ៊ុនបម្រើសេវាវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (T-ICT)នានា ជាមួយទូរគមនាគមន៍កម្ពុជា (T.C)
– រៀបចំហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ វៃឆ្លាត និងរឹងមាំ ឆ្លើយតបនឹងគ្រោះមហន្តរាយ
– រៀបចំផែនការហ្វ្រេកង់ស៍វិទ្យុសម្រាប់សកម្មភាពការងារឆ្លើយតប និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងស្របតាមនិយាមនៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)
– បង្ការនិងកាត់បន្ថយហានិភ័យនៃគ្រោះទឹកជំនន់ ភ្លើងឆេះព្រៃ ខ្យល់ព្យុះ ភ្លៀងធំ បាក់ដី មកលើវិស័យប្រៃសណីយ៍
– បង្ការនិងកាត់បន្ថយហានិភ័យ ពីការចរាចរគ្រឿងញៀន និងអំពើភេរវកម្មក្នុងវិស័យប្រៃសណីយ៍ ៕

-ថតរូបដោយ ពត សែមតារារដ្ឋ
-អត្ថបទដោយ សោ ទីតូ
-បកប្រែទៅភាសាអង់គ្លេសដោយ ថន សុធារិន

អត្ថបទជាប់ទាក់ទង

  • កិច្ចប្រជុំស្តីពី ផែនការសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍