ពិធីប្រកាសតែងតាំងប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកែប

ខេត្តកែប៖ នាព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅសាលាខេត្តកែប ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង លោក ហេង ប្រាណ ជាប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកែប ជំនួសលោក សាម ណូក ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប មន្ត្រីរាជការនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត និងមន្ត្រីរាជការនៃបណ្តាមន្ទីរ-អង្គភាព ជុំវិញខេត្ត មានចំនួនប្រមាណ ១៨០នាក់។

ថ្លែងនៅក្នុងពិធីប្រកាសតែងតាំងនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ដោយវិសាលភាពនៃការរីកចម្រើនខាងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងlបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងបានពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង សម្របសម្រួលការងារលើវិស័យទាំងនោះ ក៏ដូចជាការរក្សា ការពារនូវសុខសុវត្ថិភាព ប្រជាពលរដ្ឋ សន្តិសុខជាតិ ក៏ដូចជាពង្រឹងយន្តការនៃការកៀរគរចំណូលចូលថវិកាជាតិ។ ឯកឧត្តមរដ្ឋលេខាធិការ បន្តទៀតថា នៅអាណត្តិទី៦ នេះ ក្រសួងនឹងកែសម្រួលរចនាសម្ព័ន្ធ និងបង្កើតអង្គភាពជំនាញមួយចំនួនបន្ថែមទៀត លើវិស័យជាចម្បង ហើយនឹងត្រូវពិនិត្យជ្រើសរើសសមាសភាពមន្ត្រីរាជការជំនាញដើម្បីគ្រប់គ្រង ដឹកនាំ និងបំពេញការងារទាំងនោះ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់លោក ហេង ប្រាណ ប្រធានមន្ទីរ ដែលត្រូវបានតែងតាំង សូមមានស្មារតីទទួលខុសត្រូវខ្ពស់លើភារកិច្ចការងារប្រចាំថ្ងៃឱ្យបានល្អ និងសូមធ្វើការដោយមានកិច្ចសហការ ជាមួយថ្នាក់ដឹកនាំតាមឋានានុក្រម ដើម្បីបង្កើននូវទំនាក់ទំនងល្អ ការសិក្សារៀនសូត្រ ដកស្រង់ បង្កើនបទពិសោធន៍ និងចំណេះដឹងវិជ្ជាជីវៈថ្មីៗបន្ថែមទៀត។ ម្យ៉ាងទៀត ក៏ត្រូវមានទំនាក់ទំនងល្អជាមួយមន្ត្រីថ្នាក់ក្រោម ដោយដើរតួរជាអ្នកដឹកនាំ សម្របសម្រួលការងារ និងធ្វើខ្លួនឱ្យបានជាគម្រូល្អដល់មន្ត្រីថ្នាក់ក្រោម ដោយស្មារតីទទួលខុសត្រូវ។ ជារួមមន្ត្រីរាជការទាំងអស់ គ្រប់លំដាប់ថ្នាក់ ត្រូវគោរពទៅតាមអភិក្រមទាំង០៥ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី រួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងត្រូវគោរពទៅតាមក្រឹត្យក្រមនៃច្បាប់ និងត្រូវមានឥរិយាបថបំពេញការងាររួមមាន ឆន្ទះម្ចាស់ការ ភក្តីភាពចំពោះការងារ និងមនសិការវិជ្ជាជីវៈ៕

-អត្ថបទដោយ ពត សែមតារារដ្ឋ
-រូបថតដោយ ជីវ យ៉ាង
-បកប្រែជាភាសាអង់គ្លេសដោយ ថន សុធារិន

អត្ថបទជាប់ទាក់ទង

  • ពិធីប្រកាសតែងតាំងប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកែប