• ខ្មែរ
  • EN

ឯកឧត្តមរដ្ឋមន្ដ្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីភាពក្នុងបាឋកថាស្ដីអំពី “ការវិវត្តនៃវិស័យទូរគមនាគមន៍នៅកម្ពុជា”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបាឋកថាស្ដីអំពី “ការវិវត្តនៃវិស័យទូរគមនាគមន៍នៅកម្ពុជា” ជូនដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វេីបទឧទ្ទេសនាមស្ដីពី រចនាសម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ការធ្វេីកំណែទម្រង់ផ្ទៃក្នុងដើម្បីធ្វើឱ្យប្រព័ន្ធការងារថ្មីមានភាពងាយស្រួល និងឆាប់រហ័ស និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបចេ្ចកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធិភាពការងារ។ បន្ថែមពីនេះទៀត ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានជម្រាបជូនពីការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ និងការបណ្ដុះបណ្តាលធនធានមនុស្សដើម្បីជំរុញបរិវត្តកម្មឌីជីថលស្របតាមទិលដៅគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ថែមថា​នឹងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដេីម្បីផ្គត់ផ្គង់បណ្តាញអ៊ីនធឺណិតតាមសាកលវិទ្យាទាំងអស់ឱ្យមានសមត្ថភាពប្រើប្រាស់គ្រប់គ្រាន់ស្របតាមបទដ្ឋានបច្ចេកទេស។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ក្រសួងកំពុងរៀបចំប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាតាមបែបឌីជីថល ដើម្បីឱ្យសាកលវិទ្យាល័យទាំងអស់ភ្ជាប់គ្នា សម្របដល់ការគ្រប់គ្រងនិស្សិត​ និងផ្លាស់ប្ដូរទិន្នន័យតាមប្រព័ន្ធឌីជីថល។ លើសពីនេះ ក្រសួងនឹងបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលជូនវិទ្យាល័យ​ និងសាកលវិទ្យាល័យដែលមានជំនាញបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន​ (ICT) និងជំនាញពាក់ព័ន្ធនឹងឌីជីថល។ ស្របជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី នឹងជួយរៀបចំអង្គភាពបរិវត្តកម្មឌីជីថលនៅក្នុងសាកលវិទ្យាល័យ ដើម្បីជំរុញក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អាហារូបករណ៍បង់ថ្ងៃសិក្សាចំនួន ៥០កន្លែង ជូននិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យា នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ហើយ ឯកឧត្តមរដ្ឋមន្ត្រី នឹងបន្តចូលរួមចំណែកតាមលទ្ធភាពដែលក្រសួងមានដល់ការអភិវឌ្ឍនៅក្នុងវិទ្យាស្ថាននេះបន្ថែមទៀត។

Related Post