ពិធី​ចុះហត្ថលេខា​ឯកសារ​កិច្ចសហ​ប្រតិបត្តិការ​រវាង​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងព័ត៌មាន និងគមនាគមន៍ វៀតណាម

            នាព្រឹកថ្ងៃទី២២ ខែកញ្ញា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ប.ទ) បានរៀបចំកិច្ចប្រជុំទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចរបស់ប្រតិភូក្រសួងព័ត៌មាន និងគមនាគមន៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម (MIC) និងពិធីចុះហត្ថលេខា ឯកសារកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងព័ត៌មាន និង គមនាគមន៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
            ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមរដ្ឋមន្រ្តី Truang Minh Tuan និងមន្រ្តីក្រសួងព័ត៌មាន និងគមនាគមន៍ នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូ ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើដំណើរទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម នាពេលថ្មីៗ កន្លងទៅនេះ។
            ជាកិច្ចបន្ទាប់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួង ប.ទ បានធ្វើការសង្ខេបពីដំណើរការ និងការវិវឌ្ឍន៍នៃកិច្ចប្រតិបត្តិការរបស់ក្រសួងប.ទ នាពេលកន្លងទៅនេះ។ ឯកឧត្តមក៏បានបង្ហាញអោយឃើញអំពីវឌ្ឍនៈភាព និងភាពរីកចម្រើននៅក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដោយផ្តោតសំខាន់ទៅលើកំណើននៃការប្រើប្រាស់សេវាទូរស័ព្ទ និងសេវា អ៊ីនធឺណេតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមក៏បានលើកឡើងបន្ថែមផងដែរថា ការរីកចម្រើននៅក្នុងវិស័យទាំងបីនេះធ្វើឱ្យ មានភាពចាំបាច់សម្រាប់ក្រសួងក្នុងការបង្កើតច្បាប់ និងបទដ្ឋានគតិយុទ្ធនានា ដើម្បីជួយជំរុញកិច្ចអភិវឌ្ឍន៍នៅក្នុងវិស័យទាំងបីនេះ ក្នុងន័យធានាអោយបាននូវគុណភាពនៃសេវា និងការប្រកួតប្រជែងក្នុងតំលៃសមរម្យ។
            មុននឹងបញ្ចប់​ឯកឧត្តមរដ្ឋមន្រ្តីក៏បានសំណូមពរអោយបន្តពង្រឹងចំណងមិត្តភាពនិងកិច្ចសហការរវាងក្រសួងទាំងពីរ ដើម្បី ជម្រុញកិច្ចអភិវឌ្ឍន៍រួមគ្នាទៅលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន តាមរយៈការផ្លាស់ប្តូរបទ ពិសោធន៍ បច្ចេកទេសនិងចំណេះដឹង ការចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗ។ ឯកឧត្តមក៏បានសំណូមពរក្នុងការ ជំរុញកិច្ចសហការរវាងវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន(NIPTIC) និងវិទ្យាស្ថានជាតិ របស់ប្រទេសវៀតណាមនាពេលអនាគត។
 ឯកឧត្តម Truang Minh Tuan រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងគមនាគមន៍ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានយល់ស្រប និងគាំទ្រទៅលើប្រសាសន៍របស់ ឯកឧត្តមរដ្ឋមន្រ្តី ត្រាំ អ៊ីវតឹក ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការវាងក្រសួងទាំងពីរ ដើម្បីជម្រុញកិច្ចអភិវឌ្ឍន៍ និងពង្រីកការវិនិយោគទៅលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ឯកឧត្តមក៏បានឯកភាព និងគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមរដ្ឋមន្រ្តី ត្រាំ អ៊ីវតឹក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងវិទ្យា ស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT) និងវិទ្យាស្ថានជាតិរបស់ប្រទេសវៀតណាម នាពេលអនាគត ហើយ​ឯកឧត្តមក៏បានសំណូមពរឱ្យក្រសួង ប.ទ បង្កើនការយកចិត្តទុកដាក់ទៅលើក្រុមហ៊ុនវិនិយោគរបស់ វៀតណាមនៅកម្ពុជា​ ក្នុងន័យលើកទឹកចិត្តអោយប្រតិបត្តិករឱ្យបង្កើនការវិនិយោគនៅកម្ពុជា ក្នុងរយៈពេលវែង។
            ជាកិច្ចបញ្ចប់នៃកម្មវិធី ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់គណៈប្រតិភូវៀតណាម ដែលបានបំពេញទស្សនៈកិច្ច ដ៏មានអត្ថន័យ និងមានក្តីសោមនស្សរីករាយ ព្រមទាំងសង្ឃឹមយ៉ាងខ្ពង់ខ្ពស់អំពីការចូលរួមអភិវឌ្ឍទៅលើវិស័យទាំងបីនេះអោយកាន់ តែល្អប្រសើរឡើងនាពេលខាងមុខ។
            ក្រៅពីការសំណេះសំណាលផ្លាស់ប្តូរទស្សនៈទៅវិញទៅមកក្នុងវិស័យដែលជាសមត្ថកិច្ចរបស់ក្រសួង ភាគីទាំងពីបានចុះ ហត្ថលេខាលើឯកសារចំនួនបីរួមមាន៖
ទី១. កំណត់ហេតុកិច្ចពិភាក្សារវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា (MPTC) នឹងក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម (MIC)។
ទី២. អនុស្សរណយោគយល់គ្នារវាងអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា(MPTC) ជាមួយនឹងមជ្ឈមណ្ឌលជាតិផ្ទៀងផ្ទាត់អេឡិចត្រូនិក (NEAC) នៃក្រសួង គមនាគមន៍ និងព័ត៌មានវៀតណាម(MIC)។  
ទី៣. អនុស្សរណយោគយល់គ្នារវាងទូរគមនាគមន៍កម្ពុជា (T.C.) ជាមួយនឹងសហគ្រាសប្រៃសណីយ៍ និង ទូរគមនាគមន៍វៀតណាម (VNPT)។
            កិច្ចប្រជុំនេះត្រូវបានបញ្ចប់នៅវេលាម៉ោងដប់សាមសិបនាទីព្រឹកនាថ្ងៃខែឆ្នាំដដែលប្រកបដោយក្តីរីករាយ និងស្មារតីទទួល ខុសត្រូវខ្ពស់។ 

អត្ថបទជាប់ទាក់ទង

  • ពិធី​ចុះហត្ថលេខា​ឯកសារ​កិច្ចសហ​ប្រតិបត្តិការ​រវាង​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងព័ត៌មាន និងគមនាគមន៍ វៀតណាម