ឯឧ.រដ្ឋមន្ត្រី ទទួលគ្រឿងឥស្សរិយយស ពីរដ្ឋាភិបាលបារាំង

កាលពីល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានបើកនិវេសនដ្ឋានរបស់ខ្លួន ដើម្បីប្រារព្វពិធីបំពាក់គ្រឿងឥស្សរិយយស មេដាយថ្នាក់ Officier dans l’Ordre National de la Légion d’Honneur របស់រដ្ឋាភិបាលបារាំង ជូនឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ថ្លែងក្នុងពិធីដ៏វិសេសវិសាលនេះ ឯកឧត្តម Jean-Claude Poimboeuf ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានលើកឡើងថា មូលហេតុចម្បងដែលរដ្ឋាភិបាលបារាំងសម្រេចបំពាក់គ្រឿងឥស្សរិយយសជាន់ខ្ពស់ជូនឯកឧត្តម ប្រាក់ សុខុន នាពេលនេះ គឺ “ដោយសារឯកឧត្តមមានចំណេះដឹងខ្ពង់ខ្ពស់ និងមានស្នាដៃដ៏ត្រចះត្រចង់ក្នុងការបំរើជាតិមាតុភូមិកម្ពុជាទាំងក្នុងវិស័យស៊ីវិល និងយោធា”។ ក្នុងនាមឯកឧត្តមប្រធានាធិបតីបារាំង François Hollande ឯកឧត្តមសូមបំពាក់ជូនឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន នូវគ្រឿងឥស្សរិយយសដ៏ឧត្តុង្គឧត្តមនេះ។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះឯកឧត្តមប្រធានាធិបតីបារាំង François Hollande ដែលបានសម្រេចជ្រើសរើសឯកឧត្តមឲ្យទទួលនូវកិត្តិយសដ៏ខ្ពង់ខ្ពស់ ប្រកបដោយមានមោទនភាពនេះ។ ទន្ទឹមនេះឯកឧត្តមក៏មានអារម្មណ៍ទទួលបានកិត្តិយសយ៉ាងក្រៃលែងផងដែរដែលបានទទួលការបំពាក់ដោយផ្ទាល់ដៃពីឯកឧត្តម Jean-Claude Poimboeuf អគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជានាពេលនេះ។ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងទៀតថា អ្នកដែលឯកឧត្តមត្រូវតែថ្លែងអំណរគុណគឺ ក្រុមគ្រួសារ មិត្តភក្តិ និងសហសេវិកដែលស្រឡាញ់ និងតែងតែជួយគាំទ្រដល់ឯកឧត្តមអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ជាពិសេសបំផុតគឺ ឯកឧត្តមសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងបានផ្តល់ឱកាសដល់ឯកឧត្តម ឲ្យបំរើការងាររហូតទទួលបានជោគជ័យ និងកិត្តិយសដ៏ឧត្តុង្គឧត្តមនាពេលនេះ

អត្ថបទជាប់ទាក់ទង

  • ឯឧ.រដ្ឋមន្ត្រី ទទួលគ្រឿងឥស្សរិយយស ពីរដ្ឋាភិបាលបារាំង