រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអនុញ្ញាតឲ្យលោកស្រី Ling Yan អ្នកចាត់ការទូទៅនៃក្រុមហ៊ុន China Telecom Cambodia Co., Ltd. ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង។
លោកស្រី Ling Yan បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីព័ត៌មានទូទៅរបស់ក្រុមហ៊ុន China Telecom Global Limited ព្រមទាំងផលិតផល និងសេវារបស់ខ្លួននៅប្រទេសកម្ពុជានិងនៅទូទាំងពិភពលោក។ លោកស្រីក៏បានបញ្ជាក់ អំពីបំណងរបស់ក្រុមហ៊ុនក្នុងការសហការជាមួយ ក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍សម្រាប់គម្រោងនាពេលអនាគត។
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជម្រាបជូនភ្ញៀវអំពីការងារកំណែទម្រង់ដែលក្រសួងបាននឹងកំពុងធ្វើនិង ការងារជាអាទិភាពមួយចំនួន។ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុន China Telecom Global Limited ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីទាញយកផលប្រយោជន៍ពីសក្កានុពលទីផ្សារទូរគមនាគមន៍របស់កម្ពុជា ក៏ដូចជារួមចំណែកដល់ថវិកាជាតិ និងបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាផងដែរ។
-រូបថតដោយ បូ ពន្លកបញ្ញា
-អត្ថបទ និងបកប្រែជាភាសាអង់គ្លេសដោយ ថោង សុពីមករា