ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ៦ នាក់ ដែលទទួលបានអាហារូបករណ៍រួមគ្នារវាងក្រសួងនិងរដ្ឋាភិបាលបារាំង ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ ពាក់ព័ន្ធនឹងវិស័យ ICT នៅប្រទេសបារាំង

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យ និស្សិតកម្ពុជា ៦នាក់ ដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសបារាំង ក្នុងឆ្នាំ២០២០ នេះ ចូលជួបសម្តែងការគួរសម។ និស្សិតទាំង ៦នាក់ នឹងទៅសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសកលវិទ្យាល័យរដ្ឋល្បីៗនៅប្រទេសបារាំង ផ្នែកវិទ្យាសាស្រ្តទិន្នន័យ បច្ចេកវិទ្យាបណ្តាញទូរគមនាគមន៍ បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាភាសាក្នុងប្រព័ន្ធកុំព្យូទ័រ។

ថ្លែងក្នុងពិធីសំណេះសំណាល ឯកឧត្ដមរដ្ឋមន្ត្រី បានសំដែងនូវការអបអរសាទរចំពោះនិស្សិតទាំង ៦នាក់ ដែលទទួលបានអាហារូបកណ៍ទៅសិក្សានៅប្រទេសបារាំង ក្នុងឆ្នាំ២០២០ នេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់និស្សិតទាំងអស់ត្រៀមលក្ខណៈឱ្យបានល្អ ត្រូវផ្តោតការយកចិត្តទុកដាក់រៀនសូត្រឱ្យពូកែ និងធ្វើការស្រាវជ្រាវឱ្យបានច្រើន ព្រោះការរៀនសូត្រទោះបីជារៀនមួយជិវិតក៏ចេះមិនអស់ដែរ។ ឯកឧត្ដមរដ្ឋមន្ត្រី បានបញ្ជាក់អំពីការគាំទ្រ និងរងចាំស្វាគមន៍ការវិលត្រឡប់របស់ជ័យលាភី មកបម្រើការងារនៅ ក្រសួង និងវិទ្យាស្ថានជាតិ NIPTICT វិញក្រោយបញ្ចប់ការសិក្សា ដើម្បីរួមចំណែកអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។

ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានចែករំលែកជូននិស្សិតដែលត្រូវចេញសិក្សាទាំងអស់នោះ នូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់ ឯកឧត្ដម ក្នុងនាមជាយុវជនខ្មែរមួយរូប ដែលធ្លាប់បានឆ្លងកាត់ដំណាក់កាលត្រូវចាកចេញពីគ្រួសារនិងមាតុប្រទេស ដើម្បីទៅធ្វើការសិក្សានៅបរទេសអស់រយៈពេលជិត ១០ឆ្នាំ ពីថ្នាក់បរិញ្ញាបត្រដល់ថ្នាក់បណ្ឌិត។

សូមបញ្ជាក់ថា អាហារូបករណ៍សម្រាប់និស្សិតជ័យលាភីទាំង ៦រូប ខាងលើត្រូវបានជ្រើសរើសតាមយន្តការរៀបចំដោយស្ថានទូតបារាំង និងប្រើប្រាស់ថវិការមួយផ្នែកពីរដ្ឋាភិបាលបារាំង និងមួយផ្នែកទៀតពីមូលនិធិការកសាងសមត្ថភាពការស្រាវជ្រាវ និងអភិវឌ្ឍន៍ (មូលនិធិ CBRD) វិស័យទូរគមនាគមន៍ និង ICT របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

-រូបថតដោយ បូ ពន្លកបញ្ញា
-បកប្រែជាភាសាអង់គ្លេសដោយ ថន សុធារិន

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ៦ នាក់ ដែលទទួលបានអាហារូបករណ៍រួមគ្នារវាងក្រសួងនិងរដ្ឋាភិបាលបារាំង ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ ពាក់ព័ន្ធនឹងវិស័យ ICT នៅប្រទេសបារាំង