ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៦-២០១៧ របស់វិទ្យាស្ថានជាតិ NIPTICT

ពិធីបើកបវេសនកាលនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីស្វាគមន៍ដល់និស្សិតជ័យលាភីដែលទើបប្រឡងជាប់ចូលរៀន អបអរសាទរនិស្សិតឆ្នើមដែលកំពុងបន្តការសិក្សា និងលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ខិតខំរៀនសូត្របន្តទៀត។ សូមបញ្ជាក់ផងដែរថា ក្នុងឆ្នាំសិក្សាថ្មីនេះ NIPTICT ទទួលនិស្សិតថ្នាក់បរិញ្ញាបត្រជំនាន់ទី៣ ចំនួន១២០នាក់ ដែលបានឆ្លងការប្រឡងប្រជែងប្រកបដោយតម្លាភាពជាមួយបេក្ខជនចូលរួមប្រឡងចំនួនជាង ៦០០នាក់។ 
ក្រៅពីការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស NIPTICT ក៏យកចិត្តទុកដាក់លើការបំពាក់បំប៉នជំនាញទន់របស់និស្សិត ការអភិវឌ្ឍសមត្ថភាពរបស់មន្រ្តីនិងសាស្រ្តាចារ្យ ការសា្រវជ្រាវនិងនវានុវត្តន៍ សកម្មភាពកីឡា និងការស្នាក់នៅរបស់និស្សិតផងដែរ។ ដើម្បីជម្រុញឱ្យសកម្មភាពទាំងនេះមានភាពរីកចំរើនឆាប់រហ័ស ឯកឧត្តម សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានខិតខំពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន។ ឯកឧត្តមបានមានប្រសាសន៍ថា ថ្នាក់ដឹកនាំក្រសួង និងដៃគូអភិវឌ្ឍនានាគឺជាគន្លឹះនៃការរីកចម្រើនរបស់វិទ្យាស្ថានរហូតមកដល់សព្វថ្ងៃ។ ក្នុងរយៈពេលជាងពីរឆ្នាំ NIPTICT បានចុះអនុស្សារណៈយោគយល់ចំនួន១៥ ជាមួយគ្រឹះស្ថានអបរំ វិទ្យាស្ថានស្រាវជ្រាវ វិស័យឯកជន និងដៃគូអភិវឌ្ឍផ្សេងទៀតទាំងក្នុងនិងក្រៅប្រទេស។ 
ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប.ទ គាំទ្រលើយុទ្ធសាស្រ្តនៃការពង្រឹងភាពដៃគូរបស់ NIPTICT។  ឯកឧត្តមបានជម្រុញលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមគាំទ្រ NIPTICT ទាំងផ្នែកស្មារតី និងសម្ភារៈ។ ឯកឧត្ដមបានមានប្រសាសន៍ ផ្ដាំផ្ញើរឲ្យក្មួយៗនិស្សិតទាំងអស់ត្រូវខិតខំរៀបសូត្រលើមុខវិជ្ជាដែលមានជាពិសេស ICT ដែលបានដើរតួយ៉ាងសំខាន់សម្រាប់វិស័យផ្សេងៗដូចជា e-finance, e-banking, e-education,..ជាដើម។
ឯកឧត្តមក៏បានថ្លែង អំណរគុណដល់ក្រុមហ៊ុន Smart Axiata ដែលបានឧបត្ថម្ភអន្តេវាសិកដ្ឋាន, ក្រុមហ៊ុន CFONC និង ក្រុមហ៊ុន Huawei សម្រាប់ការផ្តល់អាហារូបករណ៍៣០កន្លែង, និងក្រុមហ៊ុន SEATEL ដែលបានផ្តល់ជាតារាងបាល់បោះ ដល់និស្សិតរបស់ NIPTICT។ ក្រៅពីនេះ ក្នុងឱកាសបើកបវេសនកាលនេះ ក៏មានការរៀបចំពិធីចុះអនុស្សារណៈយោគយល់រវាង វិទ្យាស្ថានជាតិ NIPTICT និង ក្រុមហ៊ុន SEATEL ផងដែរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។

អត្ថបទជាប់ទាក់ទង

  • ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៦-២០១៧ របស់វិទ្យាស្ថានជាតិ NIPTICT