ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​សំណេះ​សំណាល​ជា​មួយ​មន្ត្រី​រាជការ​ក្រោម​ឱវាទ ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០១៣

នៅទីស្តី​ការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ២០១៣ ឯកឧត្តម ប្រាក់ សុខុន រដ្ឋ​មន្រ្តី​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​មន្រ្តី​រាជការ​ក្រោម​ឱវាទ​ក្រសួង​សំដៅ​ព្រឹង​ការ​អនុវត្តន៍​ការងារ​ជំនាញ​ឱ្យ​មាន​ភាព រីក​ចម្រើន​ទ្វេរ​ឡើង​ថែម​ទៀត​ស្រប​តាម​ការ​អភិវត្តន៍​របស់​សង្គម​ជាតិ។

            បន្ទាប់​ពី​ឯកឧត្តម លីវ គឹមហេង អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ធ្វើ​របាយការណ៍​ពី​ស្ថានភាព​មន្រ្តីរាជការ និងការ​អនុវត្តភារ​កិច្ច​តាម​ផ្នែក​នីមួយៗ​រួចមក ឯកឧត្តម ប្រាប់ សុខុន មាន​ប្រសាសន៍​បញ្ជាក់​ពី​បេសកកម្ម​ការងារ​ជា​ចំបង​របស់​ក្រសួង ដោយ​ផ្តោត​លើ​ផ្នែក​សំខាន់ៗ​ចំនួន ០២គឺ៖ បម្រើ​សេវា​ផ្នែក​ទូរគមនាគមន៍ និង​ការ​លើក​កំពស់​វិស័យ​ប្រៃសណីយ៍។

            ឯកឧត្តម ប្រាក់ សុខុន មាន​ប្រសាសន៍​លើក​ឡើង​ពី​ដំណើរការ និងការ​ប្រព្រឹត្តិ​ទៅ​របស់​ក្រសួង ក៏​ដូច​ជា​ទិសដៅ​ភារកិច្ច​សំខាន់ៗ​មួយ​ចំនួន​ក្នុង​ការ​ពង្រឹង និងអភិវឌ្ឍន៍​ហេដ្ឋា​រចនាសម្ព័ន្ធ​រូបវន្ត​ទាំង​ផ្នែង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដោយ​ក្រសួង​បាន និង​កំពុង​គ្រប់​គ្រង​គម្រោង​ជា​អាទិភាព​មួយ​ចំនួន​សំដៅ​លើក​កំពស់​ប្រសិទ្ធិភាព គុណភាព ព្រឺក​សេវាកម្ម​ទូរគមនាគមន៍​ឱ្យ​ប្រសើរ​ជាង​មុន ឆ្ពោះទៅទីជនបទ និង​ការ​ធ្វើ​សមាហរណ​កម្ម​កម្ពុជា​នៅ​ក្នុង​តំបន់។ ជាង​នេះ​ទៀត​លើវិស័យ​ប្រៃសណីយ៍ ក្រសួង​បាន​ខិតខំ​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​គ្រប់គ្រង ដើម្បី​បន្តការ​អភិវឌ្ឍ​ទាំង​សេវាសាធារណៈ​ទាំង​សេវាពាណិជ្ជកម្ម​រហូត​ដល់​គ្រប់​ខេត្ត និងទីប្រជុំជន។

            ឯកឧត្តម​រដ្ឋ​មន្រ្តី​បាន​ផ្តាំផ្ញើរ​ដល់​ថ្នាក់​ដឹកនាំ មន្រ្តី​រាជការ ក្រោម​ឱវាទ​ត្រូវ​ផ្លាស់​ប្តូរ ឥរិយាបទ​ការងារ​ឱ្យ​ប្រសើរ​ជាង​មុន​ដោយ​ត្រូវ​បង្កើន​ស្មារតី​សាមគ្គី​ភាព​ផ្ទៃក្នុង និង​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​ការ​គោរព​វិន័យ​ការងារ និង​មាន​មន​សិកា​ទទួល​ខុស​ត្រូវ​រាល់​ភារកិច្ច​ជំនាញ​សំដៅ​បម្រើ​សេវាកម្ម​វិស័យ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ឱ្យ​បាន​ទូ​លំ​ទូលាយ​តាំង​ពី​ទី​ប្រជុំជន​រហូត​ដល់​តំបន់​ជនបទ​ស្រប​តាម​ការ​វិវត្ត​រីក​ចម្រើន​ផ្នែក​បច្ចេកគមនាគមន៍ និង​ស្រប​តាម​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិទី៥។

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​សំណេះ​សំណាល​ជា​មួយ​មន្ត្រី​រាជការ​ក្រោម​ឱវាទ ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០១៣