ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ ​អុីវតឹក​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែង​តាំង​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​ និង​ទូរ​គមនាគមន៍​ ខេត្ត​ព្រះវិហារ​ ថ្មី​

ខេត្តព្រះវិហារ៖ ព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅសាលាខេត្តព្រះវិហារ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងលោក លាវ ជួន ជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តព្រះវិហារ ថ្មី ជំនួសឯកឧត្ដម ស គង្គា ដែលត្រូវតែងតាំងនិងផ្តល់ឋានៈជាទីប្រឹក្សាអមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងប្រកាសកែសម្រួល និងបំពេញសមាសភាពមន្ត្រីជំនាញមួយចំនួនទៀតរបស់មន្ទីរផងដែរ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំង ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក-លោកស្រី មន្ត្រីរាជការ មកពីបណ្តាក្រសួង មន្ទីរ ស្ថាប័នជុំវិញខេត្តយ៉ាងច្រើនកុះករផងដែរ៕

ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

បន្ទាប់ពីស្តាប់របាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងាររបស់មន្ទីរដែលបានអនុវត្តកន្លងមក និងមតិប្តេជ្ញាចិត្តរបស់លោកប្រធានមន្ទីរថ្មីរួចមក ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តព្រះវិហារ ដែលតែងបានខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ច និងបេសកកម្មរបស់ខ្លួន ហើយសម្រេចបាននូវលទ្ធផលជាផ្លែផ្កាជាបន្តបន្ទាប់គួរជាទីមោទនៈ។ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្ថែមទៀតថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានតួនាទីគ្រប់គ្រងលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) និងមានតួនាទីសំខាន់ៗផ្សេងទៀតដូចជា ការបង្កើតគោលនយោបាយ ការគ្រប់គ្រងសហគ្រាសជាតិ និងសម្របសម្រួលកិច្ចការអន្តរជាតិក្នុងការគ្រប់គ្រងលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងបានខិតខំយ៉ាងច្រើនដើម្បីធ្វើទំនើបកម្មស្ថាប័នតាមរយៈការជំរុញការធ្វើកំណែទម្រង់រដ្ឋបាល ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ ការខិតខំផ្ដល់សេវាទូរគមនាគមន៍ឲ្យគ្របដណ្ដប់ទូទាំងប្រទេស ពិសេសតំបន់ដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ចនិងទេសចរណ៍ ការបញ្ចូលបច្ចេកវិទ្យាថ្មីៗឈានឆ្ពោះទៅរកការអភិវឌ្ឍមួយបានសមស្របឆ្លើយតបទៅនឹងការប្រើប្រាស់ និងសម្រាប់បម្រើដល់គុណប្រយោជន៍ប្រទេសជាតិ។ ការបន្តកែលម្អការគ្រប់គ្រងវិស័យប្រៃសណីយ៍ដោយយកចិត្តទុកដាក់ពង្រឹងនូវរចនាសម្ព័ន្ធប្រៃសណីយ៍ ព្រមទាំងសមត្ថភាពស្ថាប័នដើម្បីធ្វើសេវាកម្ម ការធ្វើទំនើបកម្ម ការផ្ដល់សេវាប្រៃសណីយ៍ឲ្យកាន់តែឆាប់រហ័សកាន់តែមានជំនឿទុកចិត្ត។

ឯកឧត្ដមសង្ឃឹមយ៉ាងមុតមាំថា ការប្រគល់ភារកិច្ចជូនលោក លាវ ជួន ជាប្រធានមន្ទីរថ្មី ព្រមទាំងការកែសម្រួល និងបំពេញសមាសភាពមន្ត្រីជំនាញមួយចំនួនទៀតរបស់មន្ទីរនាពេលនេះ លោក លោកស្រីនឹងបន្តភាពសកម្មជំរុញធ្វើឲ្យវិស័យទាំងបីនេះមានការរីកចម្រើនប្រែប្រួលថែមទៀត ដើម្បីរួមចំណែកដល់កិច្ចអភិវឌ្ឍន៍ប្រទេសជាតិស្របតាម​គោល​នយោបាល​របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕


 

អត្ថបទជាប់ទាក់ទង