• ខ្មែរ
  • EN

ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជាបានឈានមកដល់វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីប្រកួតប្រជែងកម្រិតតំបន់ ពានរង្វាន់ឌីជីថលអាស៊ាន (ASEAN Digital Awards 2024) នៅសិង្ហបុរី

នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh  របស់កម្ពុជាយើង ដែលបានអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងត្រូវចូលរួមវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីប្រកួតប្រជែងកម្រិតតំបន់ ASEAN Digital Awards 2024 ដែលរៀបចំឡើងនៅសិង្ហបុរី ។ តាមរយៈ ការប្រកាសលទ្ធផលនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីឌីជីថលអាស៊ាន កម្មវិធី ASEAN Digital Awards 2024 គឺជាកម្មវិធីប្រកួតប្រជែងដ៏ធំនៅក្នុងតំបន់ពាក់ព័ន្ធនឹងឌីជីថល ដែលមានការចូលរួមពីបណ្តាស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងអង្គការសង្គមស៊ីវិល នៅក្នុងបណ្តាប្រទេសទាំងអស់នៅតំបន់អាស៊ាន ក្នុងគោលបំណងបង្ហាញពីស្នាដៃរបស់ខ្លួន ដែលនឹងជំរុញការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន ហើយចូលរួមក្នុងការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ឌីជីថលនៅក្នុងតំបន់។

សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើ ថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។


✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh

Related Post