កិច្ចប្រជុំកំពូលនៃការភ្ជាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៣
កិច្ចប្រជុំកំពូលនៃការភ្ជាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៣បានប្រារព្ធឡើងកាលពីថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៣ នៅរាជធានីបាងកក ក្រោមអធិបតីភាពលោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃឡង់ដ៍ និងដោយមានការអញ្ជើញចូលរួមពីប្រតិភូចំនួន៣៧ប្រទេសដែលជាសមាជិកអង្គការសហភាពទូរគមនាគមន៍អន្តរជាតិ ក្នុងនោះប្រតិភូកម្ពុជាយើងដឹកនាំដោយឯកឧត្តមគាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការអមដំណើរដោយឯកឧត្តមប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
មេដឹកនាំសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកបានអះអាងថា ឆ្នាំ២០២០ មនុស្សគ្រប់រូបអាចដំណើរការប្រើ, បង្កើត និងចែករម្លែកព័ត៌មាននិងចំណេះដឹងដើម្បីពង្រឹងសិទ្ធិអំណាចបុគ្គល, សហគមន៍, ឧស្សាហកម្ម និងប្រទេស សម្តៅដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ក្នុងគោលបំណងដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ មេដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានកំណត់នូវសកម្មភាពជាអាទិភាពដូចខាងក្រោមនេះ ១. ការវិនិយោគនៅក្នុងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍, ២. ច្នៃប្រឌិតនិងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍, ៣. លើកទឹកចិត្តឲ្យភាពជាដៃគូសាធារណៈនិងឯកជនមានគំនិតច្នៃប្រឌិត, ៤. លើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមរយៈបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍, ៥. ជម្រុញឲ្យមានការបញ្ចូលប្រព័ន្ធឌីជីថល, ៦. សម្រេចឲ្យបានអក្ខរកម្មឌីជីថលនិងការកសាងសម្ថភាព ធនធានមនុស្សនិងស្ថាប័ន។
កិច្ចប្រជុំកំពូលនេះ បានទទួលស្គាល់បញ្ហាប្រឈមដែលបានជួបប្រទះដោយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមាន២ភាគ៣នៃចំនួនប្រជាពលរដ្ឋក្នុងពិភពលោក នោះគឺបណ្តាប្រទេសមានប្រាក់ចំណូលខ្ពស់នៃប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍។
បញ្ហាប្រឈមទាំងនេះ ក៏បានផ្តល់ឱកាសនូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ឲ្យមានលក្ខណៈច្នៃប្រឌិតនិងកម្មវិធីបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ច្នៃប្រឌិតក្នុងបំណងប្រែក្លាយជាវិជ្ជមានដល់ជីវិតរស់នៅរបស់ប្រជាជនឆ្ពោះទៅរកការសម្រេចបានចក្ខុវិស័យនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកនាឆ្នាំ២០២០ផងដែរ។
គួររម្លឹកថា នេះជាកិច្ចប្រជុំកំពូលលើកទី៥របស់អង្គការសហភាពទូរគមនាគមន៍អន្តរជាតិដែលបានដឹកនាំប្រកបដោយភាពជោគជ័យក្នុងការសម្រេចបាននូវគោលដៅសំខាន់ៗរបស់ខ្លួនដើម្បីជួយដល់មនុស្សគ្រប់រូបប្រមូលធនធានហិរញ្ញវត្ថុនិងបច្ចេកទេសដើម្បីផ្សាភ្ជាប់និងពង្រឹងតួនាទីរបស់បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍៕