ផែនការមេបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍អាស៊ានឆ្នាំ ២០១៥

សិក្ខា​សាលា​ស្តី​ពី​ផែនការ​មេ​បច្ចេក​វិទ្យាព័ត៌មាន និង​គមនាគមន៍​អាស៊ាន​ឆ្នាំ ២០១៥​បាន​ប្រារព្ធ​ឡើង​កាល​ពី​ថ្ងៃ​ទី២៦ វិច្ចិកា​ឆ្នាំ​២០១៣ នៅ​សណ្ឋាគារ​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។

ថ្លែង​នៅ​ក្នុង​ឱកាស​បើក​អង្គ​សិខាសាលា ឯកឧត្តម​រដ្ឋមន្រ្តី ប្រាក់ សុខុន មាន​ប្រសាសន៍​ថា កាលពី​ថ្ងៃទី ១៤ និង១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លង​មក​នេះ​រដ្ឋមន្រ្តី​ទូរគមនាគមន៍ និង​ព័ត៌មាន​វិទ្យា​អាស៊ាន​បាន​ជួន​ជុំ​គ្នា​ជា​លើក​ទី១៣​នៅ​ប្រទេស​សឹង្ហបុរី​ដើម្បី​ពិនិត្យ​អំពី​លទ្ធផល​ពាក់​កណ្តាល​អាណត្តិ នៃ​ការ​អនុវត្តន៍​ផែន​ការ​មេ​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍​អាស៊ាន​ឆ្នាំ​២០១៥។ ជាលទ្ធផល ក្នុង​រយៈ​ពេល​៣ឆ្នាំ​នេះ​គម្រោង​ចំនួន​៦០​ត្រូវ​បាន​ស្នើ​ដោយ​រដ្ឋ​ជា​សមាជិក។ វិធានការណ៍​ចំនួន​៦២​ភាគរយ នៃ​ផែន​ការ​មេត្រូវ​បាន​អនុវត្ត និង​សម្រេច​ដោយ​រដ្ឋ​ជា​សមាជិក។

ឯកឧត្តម​មាន​ប្រសាសន៍​ទៀតថា សិក្ខា​សាលា​នា​ពេល​នេះ​មិន​ត្រឹម​តែ​ផ្តល់​ឱកាស​ឱ្យ​យើង​ទាំង​អស់​គ្នា​អាច​បូក​សរុប​ការ​អនុវត្តន៍​ការងារ​ក្នុង​ពេល​កន្លង​មក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្តល់​ឱកាស​ឱ្យ​យើង​អាច​រិះរក​ដំណោះ​ស្រាយ​ក្នុង​ទិសដៅ​ធានា​ការ​សម្រេច​បាន​ផែនការ​មេអាស៊ាន​ឆ្នាំ​២០១៥​នេះ ឯកឧត្តម​សូម​រំលេច​នូវ​អាទិភាព​មួយ​ចំនួន​សម្រាប់​ការ​យក​ចិត្ត​ទុក​ដាក់​របស់​យើង​ទាំងអស់​គ្នា រួមមាន​ការ​រក្សា​សន្តិភាព និង​សន្តិសុខ​តំបន់ គឺ​ពិត​ជា​មាន​សារ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​វិបុលភាព និង​កំណើន​នៅ​ក្នុង​អាស៊ាន​ទាំងមូល។ ក្នុង​ចំណោម​គម្រោង​ទាំង ៦០ ដែល​ត្រូវ​បាន​សម្រេច​កន្លង​មក​នៅ​ក្នុង​ការ​អនុវត្តន៍​ផែន​ការ​មេ​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍​អាស៊ាន​កម្ពុជា​ពុំ​បាន​ចូលរួម​លើក និង​អនុវត្ត​គម្រោង​ណា​មួយ​នោះ​ទេ។

អត្ថបទជាប់ទាក់ទង