ពិធីផ្ទេរនិងប្រគល់តំណែងរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
ពិធីផ្ទេរនិងប្រគល់មុខតំណែងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី២៧ កញ្ញា ឆ្នាំ២០១៣ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមអធិបតីភាពឯកឧត្តមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ឯកឧត្តម កែម មង្គល អគ្គលេខាធិការរងរាជរដ្ឋាភិបាលកម្ពុជា បានអានព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៤ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ត្រាស់បង្គាប់ឯកឧត្តម ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អមដោយរដ្ឋលេខាធិការចំនួន៦រូប និងអនុរដ្ឋលេខាធិការចំនួន៧រូប។
ឯកឧត្តម សូរ ឃុន អតីរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដែលត្រូវផ្ទេរភារកិច្ចថ្មីជាអ្នកតំណាងរាស្ត្រខេត្តតាកែវបានធ្វើរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងាររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដែលជារួមយើងសន្និដ្ឋាននិងវាយតម្លៃបានថា នាសម័យតេជោ សែន ប្រជាពលរដ្ឋដែលរស់នៅទីជនបទឆ្ងាយៗក៏អាចមានលទ្ធភាព និងមធ្យាបាយគ្រប់គ្រាន់ក្នុងការទំនាក់ទំនងព័ត៌មានផ្នែកមនោសញ្ចេតនានិងការធ្វើពាណិជ្ជកម្មរវាងគ្នានិងគ្នាបានយ៉ាងងាយស្រួលនិងឆាប់រហ័ស ទាន់ចិត្តបំផុតតាមរយៈការប្រើប្រាស់សេវាប្រៃសណីយ៍និងទូរគមនាគមន៍ប្រសើរជាងពេលមុនៗ ពោលគឺ ការទំនាក់ទំនងពីជនបទមកទីប្រជុំជនខេត្ត-ក្រុង និងចេញទៅអន្តរជាតិក្នុងពិភពលោកទាំងមូលបានយ៉ាងងាយស្រួល។
ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាមន៍ដែលទើបត្រូវបានតែងតាំង មានប្រសាសន៍ថា តាងនាមថ្នាក់ដឹកនាំទាំងចាស់និងថ្មីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តមសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាដែលបានផ្តល់សេចក្តីទុកចិត្ត កិត្តិយស និងឱកាស បម្រើជាតិ និងមាតុភូមិក្នុងមុខតំណែងខ្ពង់ខ្ពស់នេះ។ ឯកឧត្តមមានប្រសាសន៍ទៀតថា ក្នុងអាណត្តិថ្មីនេះ ក្រសួងនឹងបន្តដំណើរការកំណែទម្រង់នានាដ៏ចាំបាច់ដើម្បីជម្នះឲ្យបានបញ្ហាប្រឈមទាំងក្នុងក្របខណ្ឌគោលនយោបាយ និង ច្បាប់ ទាំងក្នុងក្របខណ្ឌស្ថាប័នធនធានមនុស្ស សេវាកម្មនិងការគ្រប់គ្រងឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍វិស័យប្រៃសណីយ៍និងទូរគមនាគមន៍ប្រកបដោយគុណភាព ប្រសិទ្ធភាព ទំនើបកម្ម និងការប្រកួតប្រជែង។
ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដែលបានខិតខំបំពេញភារកិច្ចយ៉ាងល្អប្រសើរធ្វើឲ្យការងារគ្រប់ផ្នែករបស់ក្រសួងបានបោះជំហានទៅមុខជាលំដាប់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានជំនឿយ៉ាងមុតមាំថា ឯកឧត្តមប្រាក់ សុខុន ក្នុងតំណែងជារដ្ឋមន្រី្តក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានសមត្ថភាព បទពិសោធន៍ គំនិតច្នៃប្រឌិត ស្មារតីស្នេហាជាតិខ្ពស់ និងដោយមានឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាជំនួយ ឯកឧត្តមរដ្ឋមន្ត្រីថ្មីពិតជានឹងដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ឲ្យទទួលបានលទ្ធផលជាផ្លែផ្កា រួមចំណែកក្នុងការអនុវត្តន៍កម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥នៃរដ្ឋសភាឲ្យមានប្រសិទ្ធភាព ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍គប្បីយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗមានជាអាទិ៍ ជម្រុញការអនុម័តច្បាប់ស្តីពីទូរគមនាគមន៍ និងការរៀបចំច្បាប់ពាក់ព័ន្ធផ្សេងៗទៀតដើម្បី បន្តអភិវឌ្ឍប្រព័ន្ធប្រៃសណីយ៍និងទូរគមនាគមន៍ និងបន្តលើកទឹកចិត្តការវិនិយោគឯកជនដោយធ្វើទំនើបកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងបន្តពង្រីកការកសាងហេដ្ឋារចនា សម្ព័ន្ធឆ្អឹងខ្នងនិងបន្តអភិវឌ្ឍប្រព័ន្ធរដ្ឋបាលគ្រប់គ្រងអេឡិកត្រូនិកទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិឲ្យមានប្រសិទ្ធភាពខ្ពស់៕