ពិធី​ប្រកាស​ប្រគល់​ភារកិច្ច​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តកោះកុង

ពិធី​ប្រកាស​ប្រគល់​ភារកិច្ច​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តកោះកុង​បានរៀបចំ​ឡើង​កាលពី​ថ្ងៃទី២៣ ធ្នូ ឆ្នាំ២០១៣ នៅ​សាលា​ខេត្តកោះកុង ក្រោម​អធិបតីភាព​ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍។

បន្ទាប់ពី​លោក​ទូច វុទ្ធី ប្រធានស្តីទី​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តកោះកុង​បានធ្វើ​របាយការណ៍​សង្ខេប​ស្តីពី​សមិទ្ធផល​លើ​វិស័យ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ក្នុង​ខេត្តកោះកុង​រួចមក លោក​យី វណ្ណ​ឫទ្ធិ ប្រធាន​នាយកដ្ឋាន​បុគ្គលិក​និង​បណ្តុះបណ្តាល​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​អាន​ប្រកាស​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​លេខ១០៨ ប.ទ ប្រក ស្តីពី​ការប្រគល់​ភារកិច្ច​ជូន​លោក​ទូច វុទ្ធី​ឲ្យ​បំពេញ​មុខងារ​ជា​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តកោះកុង​ជំនួស​លោក ហង្ស បូ​ណា ដែល​បានដាក់​ចូលនិវត្តន៍។

ឯកឧត្តម​ប្រាក់ សុខុន ក៏បាន​ប្រគល់​លិខិត​និង​ត្រា​ជូន​លោក​ទូច វុទ្ធី ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តកោះកុង ហើយ​លោក​ប្រធាន​មន្ទីរ​ថ្មី​នេះ​ក៏បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ពង្រឹង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​អង្គភាព និង​ខិតខំ​សហការ​ល្អជា​មួយ​អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ជម្រុញ​កិច្ចអភិវឌ្ឍន៍​វិស័យ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ក្នុង​ខេត្តកោះកុង​ឲ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រើប្រាស់​របស់​អតិថិ​ជនជាតិ និង​អន្តរជាតិ។

ឯកឧត្តម ប៊ុន លើ​ត អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកោះកុង​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក​ទូច វុទ្ធី ដែល​ត្រូវ​បានប្រគល់​ភារកិច្ច​ជា​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ថ្មី ហើយ​សង្ឃឹមថា លោក​ប្រធាន​ថ្មី​នឹង​សហការ​ល្អ​ក្នុងការ​បម្រើសេវា​កម្ម​ជូ​ន​អតិថិជន។

ឯកឧត្តម ប្រាក់ សុខុន​បាន​កោតសរសើរ​ចំពោះ​សមិទ្ធផល​លើ​វិស័យ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​រយៈពេល៥ឆ្នាំ​របស់​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តកោះកុង​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​បង្កើន​ប្រភព​ចំណូល​ជូន​រដ្ឋ​តាមរយៈ​ការធ្វើទំនាក់ទំនង​លើ​វិស័យ​ទូរគមនាគមន៍​ហើយ​ខេត្តកោះកុង​ក៏​ជា​ខេត្ត​មួយ​ដែលមាន​សក្តានុពល​ខាង​ផ្នែក​ទេសចរណ៍ ដូច្នេះ​ការពង្រីក​សេវា​គឺត្រូវធ្វើ​ដោយ​ចាប់ពី​ទីក្រុង​ទៅ។

ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹមថា អាជ្ញាធរ​ដែនដី និង​ស្ថាប៍ន​ពាក់ព័ន្ធ​នឹង​ផ្តល់​ការគាំទ្រ​និង​កិច្ចសហការ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​លោក​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តកោះកុង ដើម្បី​រួមគ្នា​ទប់ស្កាត់​បទល្មើស​លើ​វិស័យ​ទូរគមនាគមន៍ ការពង្រីក​សេវា​ដល់​តំបន់​ជនបទ និង​ការបង្កើន​គុណភាព​សេវា ដោយ​ត្រូវ​ចាប់ផ្តើម​ពី​ទី​រួម​ខេត្ត​សម្តៅ​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អតិថិជន ជាពិសេស​ភ្ញៀវ​ទេសចរណ៍ ដោយ​ត្រូវ​ចាត់ទុក​អតិថិជន គឺជា​ស្តេច៕

អត្ថបទជាប់ទាក់ទង