សន្និសីទស្តីពីការសម្រេចរបស់រាជរដ្ឋាភិបាលទាក់ទងនឹងបញ្ញត្តិកម្មលើ សេវាកម្មទូរស័ព្ទ

 

ថ្លែង​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា មូលហេតុ​ចម្បង៤យ៉ាង​ដែល​បាន​រុញច្រាន​ឲ្យ​មានការ​កំណត់​តម្លៃ​អប្បបរមា​នេះ​ដែល​រួមមាន​ទី១ គឺ​ដើម្បី​ទប់ស្កាត់​ការប្រកួតប្រជែង​ដែលមាន​ភាពមិនស្មោះត្រង់។ ទី២ ធានា​គុណភាព​សេវាកម្ម​ឲ្យ​មានការ​កើនឡើង។ ទី៣ ធ្វើ​ឲ្យ​តម្លៃ​មូលដ្ឋាន​មាន​លក្ខណៈ​សមរម្យ និង​ទី៤ ធានា​ចំណូល​រដ្ឋ​ឲ្យ​មាន​ស្ថិរភាព ពីព្រោះ​រយៈពេល៥ឆ្នាំកន្លងមក​ចំណូល​រដ្ឋ​ដែល​បានមកពី​វិស័យ​ទូរគមនាគមន៍​មានការ​ធ្លាក់ចុះ។

ឯកឧត្តម ប្រាក់ សុខុន បាន​បំភ្លឺ​ទៀតថា ការដែល​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​លូកដៃ​ក្នុង​ការធ្វើ​បញ្ញត្តិ​កម្ម​តម្លៃ​សេវា​ទូរស័ព្ទ គឺ​ដើម្បី​ទប់ស្កាត់​ការប្រកួតប្រជែង​ដែលមាន​ភាពមិនស្មោះត្រង់​និង​ដើម្បី​ធានា​ផលប្រយោជន៍​យូរអង្វែង​ដល់​អតិថិជន ក្រុមហ៊ុនទូរស័ព្ទ​និង​អ្នកវិនិយោគ។ឯកឧត្តម​បានបញ្ជាក់​ទៀតថា ការសម្រេច​របស់​រាជ​រដ្ឋាភិបាល​ទាក់ទង​នឹង​បញ្ញត្តិ​កម្ម​លើ​សេវាកម្ម​ទូរស័ព្ទ​គឺ ការដាក់​ឲ្យ​ដំណើរការ​សេចក្តីប្រកាស​អន្តរក្រសួង​លេខ២៣២រវាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ សេចក្តីជូនដំណឹង​តម្រូវ​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ទាំងអស់​មិនត្រូវ​ផ្តល់​ទឹកប្រាក់​បន្ថែម​ដែល​នាំ​ឲ្យ​អត្រា​ហៅ​ចេញ​ក្នុង​ប្រព័ន្ធ​តិចជាង៤,៥សេន​ដុល្លារ​ក្នុង១នាទី និង​តម្លៃ​ហៅ​ចេញ​ក្រៅ​ប្រព័ន្ធ​ទាប​បំផុត៥,៩៥សេន​ដុល្លារ​ក្នុង១នាទី។

គួររម្លឹកថា កាលពី​ថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ ទីស្តីការគណៈរដ្ឋមន្ត្រី​បានសម្រេច​ដាក់​ឲ្យ​ដំណើរការ​នូវ​សេចក្តីសម្រេច​ប្រកាស​អន្តរក្រសួង​លេខ២៣២ រវាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដោយបាន​កំណត់​ឲ្យ​ក្រុមហ៊ុន​បម្រើសេវា​ទូរស័ព្ទ​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មិនត្រូវ​អនុញ្ញាត​ឲ្យ​គិតលុយ ឬក៏​ផ្តល់​លុយ​បន្ថែម​ដែល​បណ្តាល​ឲ្យ​អត្រា​តម្លៃ​ហៅ​ចេញ​ក្នុង​ប្រព័ន្ធ​តិចជាង៤,៥សេន​ដុល្លារ​ក្នុង១នាទី​នោះទេ។ ទោះជា​យ៉ាងណាក៏ដោយ ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែមទៀតថា នេះ​គ្រាន់តែ​ជា​វិធានការណ៍​បណ្តោះអាសន្ន​ប៉ុណ្ណោះ​ពីព្រោះ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ត្រូវ​ជួបប្រជុំគ្នា​ថែមទៀត​ជាមួយ​អ្នកជំនាញ​ជាតិ អន្តរជាតិ​នាពេល​ខាងមុខនេះ​ដើម្បី​កំណត់​គោលការណ៍​មួយ​ឲ្យ​បានច្បាស់លាស់។

ឯកឧត្តម​ជូ វិ​ជិ​ត្ត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​វិញ បានបង្ហាញ​ពី​តួលេខ​ចំនួន​អ្នកប្រើប្រាស់​ទូរស័ព្ទ​នៅ​កម្ពុជា​ថា អត្រា​អ្នកប្រើប្រាស់​ទូរស័ព្ទ​មានការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយ​កាលពី​ឆ្នាំ២០០៨កន្លងទៅ គឺមាន​អ្នកប្រើប្រាស់​លេខ​ទូរស័ព្ទ​ប្រមាណ​តែ​ជា៣លាន៨សែន​នាក់ ហើយ​នៅ​ឆ្នាំ២០១២ អត្រា​ជាវ​លេខ​ទូរស័ព្ទ​បាន​ហក់​ឡើង​រហូតដល់១៩លាន​លេខ។ ប៉ុន្តែ​បើ​គិត​ត្រឹម១១ខែ ក្នុង​ឆ្នាំ២០១៣ ពន្ធ​រដ្ឋ​គ្រប់​ប្រភេទ​ដែល​បានមកពី​សេវា​ទូរស័ព្ទ​នេះ គឺ​នៅតែមាន​កម្រិត​ទាប​នៅឡើយ​មិន​សមតុល្យ​នឹង​កំណើន​លេខ​ទូរស័ព្ទ​ឡើយ៕ 

អត្ថបទជាប់ទាក់ទង