កិច្ចប្រជុំកំពូលនៃការភ្ជាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៣

កិច្ចប្រជុំ​កំពូល​នៃ​ការភ្ជាប់​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ឆ្នាំ២០១៣បាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៣ នៅ​រាជធានី​បាងកក ក្រោម​អធិបតីភាព​លោកជំទាវ យី​ង​ឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ និង​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ប្រតិភូ​ចំនួន៣៧ប្រទេស​ដែលជា​សមាជិក​អង្គការ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ ក្នុងនោះ​ប្រតិភូ​កម្ពុជា​យើង​ដឹកនាំ​ដោយ​ឯកឧត្តម​គាត ឈន់ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​អមដំណើរ​ដោយ​ឯកឧត្តម​ប្រាក់​សុខុន​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍។

មេដឹកនាំ​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​អះអាងថា ឆ្នាំ២០២០ មនុស្ស​គ្រប់រូប​អាច​ដំណើរ​ការប្រើ, បង្កើត និង​ចែករម្លែក​ព័ត៌មាន​និង​ចំណេះដឹង​ដើម្បី​ពង្រឹង​សិទ្ធិអំណាច​បុគ្គល, សហគមន៍, ឧស្សាហកម្ម និង​ប្រទេស សម្តៅ​ដល់​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព។ ក្នុង​គោលបំណង​ដើម្បី​សម្រេចបាន​នូវ​ចក្ខុ​វិស័យនេះ មេដឹកនាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បានកំណត់​នូវ​សកម្ម​ភាពជា​អាទិភាព​ដូចខាងក្រោម​នេះ ១. ការវិនិយោគ​នៅក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍, ២. ច្នៃប្រឌិត​និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍, ៣. លើកទឹកចិត្ត​ឲ្យ​ភាពជា​ដៃគូ​សាធារណៈ​និង​ឯកជន​មានគំនិត​ច្នៃប្រឌិត, ៤. លើកកម្ពស់​ការអភិវឌ្ឍ​ន៍​ប្រកបដោយ​ចីរភាព​តាមរយៈ​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍, ៥. ជម្រុញ​ឲ្យ​មានការ​បញ្ចូល​ប្រព័ន្ធ​ឌីជីថល, ៦. សម្រេច​ឲ្យ​បាន​អក្ខរកម្ម​ឌីជីថល​និង​ការកសាង​សម្ថ​ភាព ធនធានមនុស្ស​និង​ស្ថាប័ន។

កិច្ចប្រជុំ​កំពូល​នេះ បានទទួល​ស្គាល់​បញ្ហា​ប្រឈម​ដែល​បាន​ជួបប្រទះ​ដោយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែលមាន២ភាគ៣នៃ​ចំនួន​ប្រជាពលរដ្ឋ​ក្នុង​ពិភពលោក នោះ​គឺ​បណ្តា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៃ​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​កំពុងអភិវឌ្ឍន៍។

បញ្ហា​ប្រឈម​ទាំងនេះ ក៏បានផ្តល់​ឱកាស​នូវ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍​ឲ្យ​មាន​លក្ខណៈ​ច្នៃប្រឌិត​និង​កម្មវិធី​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍​ច្នៃប្រឌិត​ក្នុង​បំណង​ប្រែក្លាយជា​វិជ្ជមាន​ដល់​ជីវិត​រស់នៅ​របស់​ប្រជាជន​ឆ្ពោះទៅរក​ការសម្រេចបាន​ចក្ខុវិស័យ​នៃ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​នា​ឆ្នាំ២០២០ផងដែរ។

គួររម្លឹកថា នេះ​ជា​កិច្ចប្រជុំ​កំពូល​លើក​ទី៥របស់​អង្គការ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​ដែល​បាន​ដឹកនាំ​ប្រកបដោយ​ភាពជោគជ័យ​ក្នុងការ​សម្រេចបាន​នូវ​គោលដៅសំខាន់ៗរបស់ខ្លួន​ដើម្បី​ជួយ​ដល់​មនុស្ស​គ្រប់រូប​ប្រមូល​ធនធាន​ហិរញ្ញវត្ថុ​និង​បច្ចេកទេស​ដើម្បី​ផ្សាភ្ជាប់​និង​ពង្រឹង​តួនាទី​របស់​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍៕

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”

  • ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកម្មវិធី 9th Singapore International Cyber Week និងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន លើកទី៩ នៅប្រទេសសិង្ហបុរី