ពិធីផ្ទេរនិងប្រគល់តំណែងរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ពិធី​ផ្ទេរ​និង​ប្រគល់​មុខតំណែង​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​ប្រារព្ធ​ឡើង​នៅ​ព្រឹក​ថ្ងៃទី២៧ កញ្ញា ឆ្នាំ២០១៣  នៅ​ទីស្តីការក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ក្រោម​អធិបតីភាព​ឯកឧត្តម​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។

ឯកឧត្តម កែម មង្គល អគ្គលេខាធិការរង​រាជរដ្ឋាភិបាល​កម្ពុជា បាន​អាន​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៩១៣/៩០៤ របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ត្រាស់បង្គាប់​ឯកឧត្តម ប្រាក់ សុខុន ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ អមដោយ​រដ្ឋលេខាធិកា​រ​ចំនួន៦រូប និង​អនុរដ្ឋលេខាធិការ​ចំនួន៧រូប។

ឯកឧត្តម សូរ ឃុន អតីរដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ថ្មី​ជា​អ្នកតំណាងរាស្ត្រ​ខេត្តតាកែវ​បានធ្វើ​របាយការណ៍​សង្ខេប​ស្តីពី​លទ្ធផល​ការងារ​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ក្នុង​រយៈពេល៥ឆ្នាំ​ចុង​ក្រោយនេះ ដែលជា​រួម​យើង​សន្និដ្ឋាន​និង​វាយតម្លៃ​បាន​ថា នា​សម័យ​តេ​ជោ សែន ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីជនបទឆ្ងាយៗក៏​អាចមាន​លទ្ធភាព និង​ម​ធ្យា​បាយ​គ្រប់គ្រាន់​ក្នុងការ​ទំនាក់ទំនង​ព័ត៌មាន​ផ្នែក​មនោសញ្ចេតនា​និង​ការធ្វើ​ពាណិជ្ជកម្ម​រវាង​គ្នា​និង​គ្នា​បាន​យ៉ាង​ងាយស្រួល​និង​ឆាប់រហ័ស ទាន់​ចិត្ត​បំផុត​តាមរយៈ​ការប្រើប្រាស់​សេវា​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ប្រសើរ​ជាងពេលមុនៗ ពោលគឺ ការទំនាក់ទំនង​ពី​ជនបទ​មក​ទីប្រជុំជន​ខេត្ត-ក្រុង និង​ចេញទៅ​អន្តរជាតិ​ក្នុង​ពិភពលោក​ទាំងមូល​បាន​យ៉ាង​ងាយស្រួល។

ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរ​គម​នា​មន៍​ដែល​ទើបត្រូវ​បានតែងតាំង មានប្រសាសន៍ថា  តាងនាម​ថ្នាក់ដឹកនាំ​ទាំងចាស់​និង​ថ្មី​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ឯកឧត្តម​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា​ដែល​បានផ្តល់​សេចក្តីទុកចិត្ត កិត្តិយស និង​ឱកាស បម្រើ​ជាតិ និង​មាតុភូមិ​ក្នុង​មុខតំណែង​ខ្ពង់ខ្ពស់​នេះ។ ឯកឧត្តម​មានប្រសាសន៍​ទៀតថា ក្នុង​អាណត្តិ​ថ្មី​នេះ ក្រសួង​នឹង​បន្ត​ដំណើរការ​កំណែទម្រង់​នានា​ដ៏​ចាំបាច់​ដើម្បី​ជម្នះ​ឲ្យ​បាន​បញ្ហា​ប្រឈម​ទាំង​ក្នុង​ក្របខណ្ឌ​គោលនយោបាយ និង ច្បាប់ ទាំង​ក្នុង​ក្របខណ្ឌ​ស្ថាប័ន​ធនធានមនុស្ស សេវាកម្ម​និង​ការគ្រប់គ្រង​ឈានទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​វិស័យ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព ទំនើបកម្ម និង​ការប្រកួតប្រជែង។

ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ដែល​បាន​ខិតខំ​បំពេញភារកិច្ច​យ៉ាង​ល្អប្រសើរ​ធ្វើ​ឲ្យ​ការងារ​គ្រប់ផ្នែក​របស់​ក្រសួង​បាន​បោះជំហាន​ទៅ​មុខជា​លំដាប់។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា  ឯកឧត្តម​ប្រាក់ សុខុន ក្នុង​តំណែង​ជា​រដ្ឋ​ម​ន្រី្ត​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ដែលមាន​សមត្ថភាព បទពិសោធន៍ គំនិត​ច្នៃប្រឌិត ស្មារតី​ស្នេហា​ជាតិ​ខ្ពស់ និង​ដោយមាន​ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជា​ជំនួយ ឯកឧត្តម​រដ្ឋមន្ត្រី​ថ្មី​ពិតជា​នឹង​ដឹកនាំ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ឲ្យ​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា រួមចំណែក​ក្នុងការ​អនុវត្តន៍​កម្ម​វិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី៥នៃ​រដ្ឋសភា​ឲ្យ​មាន​ប្រសិទ្ធភាព ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​គប្បី​យ​ក​ចិត្ត​ទុកដាក់​អនុវត្ត​ការងារសំខាន់ៗមាន​ជាអាទិ៍ ជម្រុញ​ការអនុម័ត​ច្បាប់​ស្តីពី​ទូរគមនាគមន៍ និង​ការរៀបចំ​ច្បាប់​ពាក់ព័ន្ធផ្សេងៗទៀត​ដើម្បី បន្ត​អភិវឌ្ឍ​ប្រព័ន្ធ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​បន្ត​លើកទឹកចិត្ត​ការវិនិយោគ​ឯកជន​ដោយ​ធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ព្រមទាំង​បន្ត​ពង្រីក​ការកសាង​ហេ​ដ្ឋា​រចនា        សម្ព័ន្ធ​ឆ្អឹងខ្នង​និង​បន្ត​អភិវឌ្ឍ​ប្រព័ន្ធ​រដ្ឋបាល​គ្រប់គ្រង​អេ​ឡិ​ក​ត្រូ​និក​ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់៕

អត្ថបទជាប់ទាក់ទង