ឯកឧត្តមរដ្ឋមន្ត្រីប្រាក់ សុខុនសំណេះសំណាលជាមួយមន្ត្រីរាជការនិយោជិកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
នាព្រឹកថ្ងៃទី១៧ តុលា ឆ្នាំ២០១៣ នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនិងនិយោជិកគ្រប់លំដាប់ថ្នាក់ក្រោមឱវាទក្រសួងសម្តៅពង្រឹងការអនុវត្តន៍ការងារជំនាញឲ្យមានភាពរីកចម្រើនទ្វេឡើងថែមទៀតស្របតាមការវិវត្តន៍របស់សង្គមជាតិនិងការធ្វើកំណែទម្រង់ស៊ីជម្រៅដើម្បីពង្រឹងប្រសិទ្ធភាពការងារតាមមុខជំនាញរៀងៗខ្លួន ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ នីតិកាលទី៥នៃរដ្ឋសភាឆ្នាំ២០១៣ – ២០១។
បន្ទាប់ពីឯកឧត្តម លីវ គឹមហេង អគ្គនាយករដ្ឋបាល នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានធ្វើរបាយការណ៍អំពីស្ថានភាពមន្ត្រីរាជការនិងការអនុវត្តន៍ភារកិច្ចតាមផ្នែកនីមួយៗរួចមក ឯកឧត្តមរដ្ឋមន្ត្រីប្រាក់ សុខុន មានប្រសាសន៍បញ្ជាក់ពីបេសកកម្មការងារជាចំបងរបស់ក្រសួងដោយផ្តោតលើផ្នែកសំខាន់ៗចំនួន២ គឺបម្រើសេវាកម្មផ្នែកទូរគមនាគមន៍និងការលើកកម្ពស់វិស័យប្រៃសណីយ៍។
ឯកឧត្តមប្រាក់ សុខុន មានប្រសាសន៍លើកឡើងពីទិសដៅ ភារកិច្ចសំខាន់ៗមួយចំនួនក្នុងការពង្រឹងនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងផ្នែកប្រៃសណីយ៍និងទូរគមនាគមន៍ដោយក្រសួងបាននិងកំពុងគ្រប់គ្រងគម្រោងជាអាទិភាពមួយចំនួនសម្តៅលើកកម្ពស់ប្រសិទ្ធភាព គុណភាព ពង្រីកសេវាកម្មទូរគមនាគមន៍ឲ្យប្រសើរជាងមុនឆ្ពោះទៅទីជនបទនិងការធ្វើសមាហរណកម្មកម្ពុជានៅក្នុងតំបន់។ ជាងនេះទៀត លើវិស័យប្រៃសណីយ៍ ក្រសួងបានខិតខំក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងដើម្បីបន្តការអនុវត្តន៍ទាំងសេវាសាធារណៈនិងសេវាកម្មពាណិជ្ជកម្មរហូតដល់គ្រប់ខេត្តនិងទីប្រជុំជន។
ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និយោជិក ក្រោមឱវាទទាំងអស់ត្រូវផ្លាស់ប្តូរឥរិយាបទការងារឲ្យប្រសើរឡើងជាងមុនដោយបង្កើនស្មារតីសាមគ្គីភាពផ្ទៃក្នុងនិងជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសការគោរពវិន័យការងារនិងមានមនសិការទទួលខុសត្រូវរាល់ភារកិច្ចជំនាញសម្តៅបម្រើសេវាកម្មវិស័យប្រៃសណីយ៍និងទូរគមនាគមន៍ឲ្យបានទូលំទូលាយតាំងពីទីប្រជុំជនរហូតដល់តំបន់ជនបទ ស្របតាមការវិវត្តន៍រីកចម្រើនផ្នែកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥៕