មជ្ឈមណ្ឌល​ស្រាវជ្រាវ​ព័ត៌មាន​កម្ពុជា-កូរ៉េ​ត្រូវបាន​សម្ពោធ

ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ព័ត៌មាន​កម្ពុជា-កូរ៉េ បាន​ប្រារព្ធ​ឡើង​នៅ​រសៀល​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ នៅ​វិទ្យាស្ថាន​ជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ដោយមាន​ការអញ្ជើញ​ចូលរួម​ដោយ​ឯកឧត្តម កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ និង​ជា​តំណាង​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ឯកឧត្តម ប្រាក់ សុខុន និង ឯកឧត្តម លី ចាង​ហាន អនុរដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន និង​ផែនការ​អនាគត នៃ​សាធារណរដ្ឋ​កូរ៉េ។
ឯកឧត្តម​បណ្ឌិត សេង សុភាព ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ មានប្រសាសន៍ថា មជ្ឈមណ្ឌល​ស្រាវជ្រាវ​ព័ត៌មាន​កម្ពុជា-កូរ៉េ ត្រូវបាន​បង្កើតឡើង​ដើម្បី​រួមចំណែក​ក្នុងការ​កាត់បន្ថយ​គម្លាត​ឌីជីថល​ដោយផ្ទាល់​ដល់​សហគមន៍ និង​ផ្តល់ឱកាស​ទូលំទូលាយ​ផ្នែក​ព័​ត៌​មា​នីយកម្ម ដូចជា ការអប់រំ ព័ត៌មានវិទ្យា ការប្រើប្រាស់​អ៊ិន​ថឹ​ណិ​ត​ក្នុង​ល្បឿន​លឿន​ដោយ​ឥតគិតថ្លៃ និង​សិក្ខាសាលា​ស្តីពី​ព័ត៌មានវិទ្យា​ជាដើម។ មជ្ឈមណ្ឌល​នេះ ក៏​ជាទី​តាំង​មួយ​ដែល​សាធារណជន​អាច​ទទួលបាន​ផលប្រយោជន៍​ពី​ការប្រើប្រាស់​ព័ត៌មានវិទ្យា និង​ដើម្បី​លើកកម្ពស់​អក្ខរកម្ម​ព័ត៌មានវិទ្យា ព្រមទាំង​ជំនាញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ព័ត៌មានវិទ្យា​រវាង​ប្រទេស​ទាំងពីរ កម្ពុជា-កូរ៉េ​ផងដែរ។
ឯកឧត្តម លី ចាង​ហាន អនុរដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​និង​ផែនការ​អនាគត​នៃ​សាធារណរដ្ឋ​កូរ៉េ មានប្រសាសន៍ថា ទោះបីជា​មានការ​លំបាក​យ៉ាងណា ក៏​មជ្ឈមណ្ឌល​នេះ​បានកកើតឡើង​ដោយសារ​ការយកចិត្តទុកដាក់​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ដោយបាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​លើ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន។ ឯកឧត្តម​អនុរដ្ឋមន្ត្រី កូរ៉េ បានបញ្ជាក់​ទៀតថា កាលពី៦០ឆ្នាំមុន​សាធារណរដ្ឋ​កូរ៉េ​គ្មាន​ជំនួយ​បរទេស​ទេ ប៉ុន្តែ​រយៈពេល៥០ឆ្នាំ​ចុងក្រោយ​ប៉ុណ្ណោះ កូរ៉េខាងត្បូង​ត្រូវបានគេទទួលស្គាល់​ថា ជា​ប្រទេស​ដែលមាន​បច្ចេកវិទ្យា​គម​នាគ​មន៍​និង​ព័ត៌មាន​គួរ​ជាទី​ទុកចិត្ត ព្រោះ​យើង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ធនធានមនុស្ស​ជំនាញ​ក្នុង​វិស័យនេះ។
ឯកឧត្តម កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ មានប្រសាសន៍ថា ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ព័ត៌មាន​កម្ពុជា-កូរ៉េ ចំពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​សមា​ហរ​ណ​ម្ម ដើម្បី​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​មក​នៅក្នុង​ក្រសួង​ប្រៃ​ស​ណិ​យ៍​និង​ទូរគមនាគមន៍ ដោយ​សម្រេច​បង្កើត​ឲ្យ​មាន​ជា​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ដែលមាន​ភារកិច្ច​អប់រំ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន។ ក្រៅពីនេះ​វិទ្យាស្ថាន​ជាតិ ក៏មាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មួយ ដេ​ល​មាន​ភារកិច្ច​ស្រាវជ្រាវ និង​អភិវឌ្ឍ​លើ​បច្ចេកវិទ្យាថ្មីៗ ទាក់ទង​នឹង​វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន។ ក្នុងន័យនេះ មជ្ឈមណ្ឌល​ស្រាវជ្រាវ​ព័ត៌មាន​កម្ពុជា-កូរ៉េ នឹង​ផ្តល់​ផលប្រយោជន៍​កាន់តែខ្លាំង​ឡើង និង​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​សម្របសម្រួល និង​ជម្រុញ​ឲ្យ​ការងារ​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​វិទ្យាស្ថាន កាន់​តែមាន​ប្រសិទ្ធភាព និង​រីកចម្រើន​ទៅមុខ។
បន្ទាប់មក គណៈអធិបតី​ក៏បាន​អញ្ជើញ​កាត់​ខ្សែបូរ​ជា​និមិត្តរូប​នៃ​ការសម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ព័ត៌មាន កម្ពុជា-កូរ៉េ ដែល​ត្រូវបាន​បំពាក់​ដោយ​កុំព្យូទ័រ​ដោយ​ភ្ជាប់​អ៊ិន​ថឹ​ណិ​ត​ល្បឿន​លឿន, និង​បន្ទប់​សិក្សា​ដ៏​ប្រណីត​បំពាក់​ដោយ​សម្ភារទំនើបៗផ្តល់​ដោយ​សម​ភាគី​កូរ៉េ។
មជ្ឈមណ្ឌល​នេះ រួមមាន​បន្ទប់​ស្រាវជ្រាវ​ព័ត៌មាន បន្ទប់​ប្រើប្រាស់​អ៊ិន​ថឹ​ណិ​ត បន្ទប់​សិក្ខាសាលា និង​បន្ទប់ពិសោធន៍​ការបណ្តុះបណ្តាល​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន៕

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”

  • ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកម្មវិធី 9th Singapore International Cyber Week និងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន លើកទី៩ នៅប្រទេសសិង្ហបុរី