សមាគម​បុគ្គលិក​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម្ពុជា​ធ្វើ​សន្និបាត​របស់ខ្លួន

សន្និបាត​បូកសរុប​លទ្ធផល​ការងារ​សមាគម​បុគ្គលិក​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា​អាណត្តិ​ទី៦ និង​ទិសដៅ​ការងារ​អាណត្តិ​ទី៧ សម្រាប់​ឆ្នាំ២០១៤និង២០១៥ បាន​ប្រារព្ធ​ឡើង​នៅ​ទីស្តីការក្រសួង កាលពី​ថ្ង​ទី១៧ ខែមីនា ឆ្នាំ២០១៤ ក្រោម​អធិបតីភាព​ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។
លោក​ព្រុំ សុ​ន្ថា​រ ប្រធាន​សមាគម​បុគ្គលិក​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា មានប្រសាសន៍ថា អតីតរដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ឯកឧត្តម សូរ ឃុន បានអនុញ្ញាត​ឲ្យ​បង្កើត​សមាគម​នេះ​ចាប់​តាំ​ពី​ខែមេសា ឆ្នាំ១៩៩៩ ហើយ​មកដល់ពេលនេះ​មាន​រយៈពេល១៤ឆ្នាំ​ហើយ។ គោលបំណង​នៃ​ការបង្កើត​សមាគម​បុគ្គលិក​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម្ពុជា គឺ​ដើម្បី​ពង្រឹង​សាមគ្គីភាព​រវាង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ទោះបី​មន្ត្រី​ទាំងនោះ​ចូលនិវត្តន៍ ឬ​ឈប់សម្រាក​ពី​ការងារ​ក៏ដោយ ក៏​យើង​គ្រប់គ្នា​នៅតែ​ជួយឧបត្ថម្ភ​គ្នា​ទៅវិញទៅមក​នៅពេល​មាន​វិបត្តិ​ភ័យ​នៃ​ជីវិត។ ជាពិសេស ឯកឧត្តម​អតីតរដ្ឋមន្ត្រី តែងតែ​សម្រេច​ឲ្យ​គណៈកម្មាធិការ​កណ្តា​លស​មា​គម​រៀបចំ​ពិធី​សំណេះសំណាល និង​ធ្វើការ​ឧបត្ថម្ភ​ជា​ថវិកា​ជូន​និវត្តជនគ្រប់ៗគ្នា ទាំង​នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត ទទួលបាន​នូវ​ថវិកាស្មើៗគ្នា ខុសគ្នា​ត្រង់​ថា នៅ​រាជធានី​ភ្នំពេញ ឯកឧត្តម​អតីតរដ្ឋមន្ត្រី​រមែង​បាន​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ដោយផ្ទាល់ ចំណែក​នៅតាម​បណ្តា​ខេត្ត​វិញ ពិធី​នេះ​ត្រូវធ្វើ​តាមរយៈ​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​និង​គណៈកម្មាធិការ​សមាគម​តាម​មូលដ្ឋាន។
លោកស្រី សៅ សារឿន តំណាង​សមាគម​បុគ្គលិក​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តព្រៃវែង មានប្រសាសន៍ថា ការបំពេញភារកិច្ចរ​បស់​គណៈកម្មាធិការ​ក​ណ្តា​ល​ក្នុង​អាណត្តិ​ទី៦កន្លងមក​បានធ្វើ​ឲ្យ​សមាជិក សមាជិកា​សមាគម​ទូទាំងប្រទេស​ដែល​ទទួលរង​នូវ​វិបត្តិ គ្រោះភ័យ ទទួលបាន​នូវ​ប្រាក់ឧបត្ថម្ភ​បាន​ទាន់ពេលវេលា និង​គ្រប់​ចំនួន​ស្របតាម​ការកំណត់​ក្នុង​លក្ខន្តិកៈ​របស់​សមាគម។ តាម​លក្ខន្តិកៈ​របស់​ស​មា​គម សមាជិក សមាជិកា​សមាគម​ដែល​ទទួលរង​នូវ​វិបត្តិ​គ្រោះភ័យ ដូចជា មាន​ជម្ងឺ​វះកាត់​ធ្ងន់ធ្ងរ, ភ្លើង​ឆេះ​ផ្ទះ, កូន​ក្នុងបន្ទុក​ទទួលមរណភាព ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន ២០០.០០០រៀល, គ្រួសារ​សមាជិក សមាជិកា​សមាគម​ទទួលមរណភាព​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ចំនួន ៦០០.០០០រៀល, សមាជិក សមាជិកា​សមាគម​ទទួលមរណភាព ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន១.២០០.០០០រៀល និង​មានគ្រួសារ (ប្តី ប្រពន្ធ) ជា​សមាជិក​ទាំងពីរ​នា​ក់ ពេល​មាន​សមាជិក​ណា​ម្នាក់​ទទួលមរណភាព ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន១.៨០០.០០០រៀល។ ប្រាក់ឧបត្ថម្ភ​នេះ​ថ្វីបើ​តិចតួច​មែន ប៉ុន្តែ​អាចជួយ​សម្រួល​ដល់​គ្រួសារ​មាន​វិបត្តិ​គ្រោះភ័យ​បាន​មួយចំណែក​ផងដែរ។
បន្ទាប់ពី​ការបោះឆ្នោត​និង​រាប់​សន្លឹកឆ្នោត​ដើម្បី​ជ្រើស​បេក្ខជន​ចំនួន១១រូប​ក្នុងចំណោម២០រូប​ក្នុង​ការដឹកនាំ​ការងារ​សមាគម​សម្រាប់​អាណត្តិ​ទី៧ ឆ្នាំ២០១៤ – ២០១៥ ជា​បន្តទៀត រួចមក ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​គាំទ្រ​ទាំងស្រុង​ចំពោះ​គណៈកម្មាធិការ​កណ្តា​លស​មា​គម​អាណត្តិ​ទី៧នេះ ហើយ​ក៏បាន​ណែនាំ​នូវ​នីតិវិធី​ក្នុងការ​បោះឆ្នោត​សម្រាប់​អាណត្តិក្រោយៗទៀត​ឲ្យ​មាន​ភាពត្រឹមត្រូវ​និង​តម្លាភាព​ដែល​អាច​ទទួលយកបាន​ទាំងអស់គ្នា។
ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តទៀតថា សន្និបាត​សមាគម​នាពេលនេះ គឺជា​សកម្មភាព មិត្តភាព​រួមមួយ​ដែលមាន​លទ្ធភាព​ប្រមូលផ្តុំ​ទាំង​បញ្ញាញាណ​បទពិសោធន៍​ចាស់ទុំ ដើម្បី​រួមគ្នា បម្រើ​វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ដែលជា​សរសៃឈាម​នៃ​សេដ្ឋកិច្ចជាតិ។ កិច្ចពិភាក្សា​នៅក្នុង​សន្និបាត​នេះ ក៏​ជាការ​បញ្ជាក់​យ៉ាង​ជាក់ស្តែង​នូវ​ការពង្រឹង​ពង្រីក​ស្មារតី​សាមគ្គីភាព ឯកភាព និង​ជា​គម្រូ​ល្អ​ប្រពៃ​ក្នុង​ការជួយ​រម្លែក​ទុក្ខ​គ្នា​ក្នុង​គ្រា​ដែលមាន​សមាជិក សមាជិកា​ណា​ម្នាក់​ជួប​គ្រោះភ័យ។
ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ទៀតថា ទន្ទឹមនឹង​ចំណុចល្អៗ ក៏​នៅមាន​ចំណុច​អសកម្ម​មួយចំនួន​ដែល​គណៈកម្មាធិការ​កណ្តា​ល​អាណត្តិ​ទី៧នេះ​ត្រូវ​យកមក​ធ្វើជា​ប្រធានបទ​ពិភាក្សា ពិចារណា​រិះរក​មធ្យោបាយ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ប្រមូលផ្តុំ​គំនិត​បញ្ញា​ថ្មី​ក្លាយជា​គំនិត​រួម បទពិសោធន៍​រួម សម្រាប់​ដោះស្រាយ​ជួយ​បង្កើន​ថវិកា ដើម្បី​ជួយឧបត្ថម្ភ​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​សម្តៅ​ជួយ​កាត់បន្ថយ​ការលំបាក​របស់​សមាជិក សមាជិកា សមាគម។
គួររម្លឹកថា គណៈកម្មាធិការ​កណ្តាល​សមាគម​បុគ្គលិក​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បានធ្វើការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ចំនួន១១រូប​ក្នុងចំណោម២០រូប​ឲ្យ​ដឹកនាំ​ការងារ​សមាគម​បន្ត​ក្នុង​អាណត្តិ៧ ឆ្នាំ២០១៤ – ២០១៥៕

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”

  • ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកម្មវិធី 9th Singapore International Cyber Week និងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន លើកទី៩ នៅប្រទេសសិង្ហបុរី