ពិធីសូត្រមន្ត​ទទួល​អំណរ​ឆ្នាំ​ថ្មី ឆ្នាំមមី ឆស័ក ព.ស ២៥៥៨

នៅ​ព្រឹក​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៤ នៅ​ទីស្តីការក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​មាន​រៀបចំ​ពិធី​សូត្រមន្ត​រាប់​បាត្រ ព្រះសង្ឃ​ចំនួន០៧អង្គ ក្នុងឱកាស​ត្រៀម​ទទួល​អំណរ​សាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ឆ្នាំមមី ឆស័ក ពុទ្ធសករាជ ២៥៥៨ និង​សំណេះសំណាល​ជាមួយ​និវត្តជន​ចំនួន៣៩៦នាក់ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជា​រដ្ឋ​ល​ខា​ធិ​ការ អនុរដ្ឋលេខាធិការ និង​មន្ត្រី​អ្នកមុខអ្នកការ​ក្រោម​ឱ​វា​ក្រសួង។
 
អង្គពិធី​បាន​ ប្រព្រឹត្ត​ទៅតាម​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា​ដ៏​រុងរឿង​នៃ​យើង ដោយ​សូម​ឧទ្ទិស​កុសលផល​បុណ្យជូន​ចំពោះ​ដួងវិញ្ញាណ​ក្ខ័​ន្ធ បុព្វការី​ជន ជីដូន​ជីតា ឪពុកម្តាយ​និង​ញាតិ​ការ​ទាំង៧សន្តាន​ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក សូម​រំដោះ​រួច​ចាក​ផុតពី​កម្ម​ពារ វេរា​ទាំងឡាយ និង​បាន​ទៅ​សោយសុខ​ក្នុងឋាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ។  អង្គពិធី​ក៏បាន​ឧទ្ទិស​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាពិសេស ទេវតា​ឆ្នាំ​ថ្មី ឆ្នាំមមី ព្រះនាម​គោ​រាគៈ​ទេវី ដែល​នឹង​យាង​មក​គ្រប់គ្រង​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅពេលឆាប់ៗខាងមុខនេះ សូម​ប្រោះព្រំ​ប្រសិទ្ធិ​ពរជ័យ បវរ​សួស្តី មហាប្រសើរ និង​បរមសុខ​គ្រប់ប្រការ ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​អ្នកមុខអ្នកការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ សូម​ឲ្យ​ឆ្នាំ​ថ្មី នាំមក​នូវ​ភារកិច្ច​ថ្មី និង​ជោគជ័យ​ថ្មី ដើម្បី​ចូលរួម​កសាង​និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​មានការ​ រីកចម្រើន​លូតលាស់​ថែមទៀត។
 
នៅក្នុង​ឱកាស​នោះ ឯកឧត្តម ប្រាក់ សុខុន និង​លោកជំទាវ ក៏បាន​ប្រគេន​ទេយវត្ថុ​ព្រះសង្ឃ០៧អង្គ ក្នុងនោះអង្គ​ធំ​មួយអង្គ សាដក​មួយកញ្ចប់ បច្ច័យ៨០.០០០រៀល,  អង្គ​តូច០៦អង្គ  សាដក​មួយកញ្ចប់ បច្ច័យ ៥០.០០០រៀល ជូន​អាចារ្យ​ចំនួន០២នាក់ ក្នុងម្នាក់ៗ សាដក​មួយកញ្ចប់ ថវិកា៤០.០០០រៀល និង យាយជីចំនួន២០នាក់ ក្នុងម្នាក់ៗ ទទួលបាន​ក្រណាត់ស​មួយ​ដុំ ថវិកា២០.០០០រៀល។
 
តម​ក ពិធី​សំណេះសំណាល​ជាមួយ​និវត្តជន​ក៏បាន​ប្រារព្ធ​ឡើង  លោក ព្រុំ សុ​ន្ថា​រ ប្រធាន​សមាគម បុគ្គលិកប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ឲ្យ​ដឹងថា និវត្តជន​ទាំងអស់​មាន​ចំនួន៣៩៦នាក់ ដោយឡែក​នៅ​រាជធានី
ភ្នំពេញ ចំនួន២១៥នាក់ ហើយ​និវត្តជន​ដែល​បាន​ចូលរួម​ជាក់ស្តែង​មាន​ចំនួន៩១នាក់។
 
លោក ទិ​ត ស៊ីម តំណាង​និវត្តជន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី ដែល​បានរៀបចំ​ពិធីសំណេះសំណាល​ជាមួយ​និវត្តជន​ក្នុងន័យ​ផ្តល់ឱកាស​ឲ្យ​ និវត្តជន​ទាំងអស់​បានមក​ជួបជុំ​គ្នា​ស្វែងយល់​ពី​សុខទុក្ខ​គ្នា​ទៅវិញទៅមក និង​ទំនាក់ទំនង​គ្នា​ក្នុង​ជីវភាព​រស់នៅ​ទាំង​ពេលបច្ចុប្បន្ន និង​ទៅ​អនាគត។ ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សម្តែង​នូវ​ការ​នឹករឭក ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ដល់​ក្រុមគ្រួសាររបស់​និវត្តជន ជាពិសេស​ចំពោះ​គុណបំណាច់​របស់​មន្ត្រីរាជកា​រ​ចូលនិវត្តន៍​ទាំងអស់ ដែល​ក្នុង​រយៈកាល​កន្លងមក បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​តាម​មុខនាទីរៀងៗខ្លួន រួមចំណែក​ដល់​ការអភិវឌ្ឍន៍​មន្ទីរ អង្គភាព​ក្រោម​ឱវាទក្រសួង។           
 
បន្ទាប់មក ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជូន​ថវិកា​ដល់​និវត្តជន​ចំនួន៣៩៦នាក់ ក្នុងម្នាក់ៗទទួលបាន១០០.០០០រៀល ដោយឡែក​និវត្តជន​ដែល​បាន​ចូលរួម​ក្នុង​ពិធី ទទួលបាន​ថវិកា​បន្ថែមទៀត​ចំនួន៥០.០០០រៀល ដែលជា​ថវិកា
របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី និង​លោកជំទាវ៕
 

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”

  • ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកម្មវិធី 9th Singapore International Cyber Week និងសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន លើកទី៩ នៅប្រទេសសិង្ហបុរី