ក្រុមប្រឹក្សាភិបាល​ទូរគមនាគមន៍​កម្ពុជា​អាណត្តិ​ទី៤ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង
 

នា​រសៀល​ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤ នៅ​ទីស្នាក់ការ​ធំ​ទូរគមនាគមន៍​កម្ពុជា ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​តែងតាំង​ក្រុមប្រឹក្សាភិបាល​ទូរគមនាគមន៍​កម្ពុជា​អាណត្តិ​ទី៤ និង​សំណេះសំណាល​ជាមួយ​និយោជិត​ដែលមាន​វត្ត​មាននៅ​ទីនោះ។
 
ឯកឧត្តម ឡាយ ម៉ា​រី​វ៉ូ អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា បានធ្វើ​របាយការណ៍​ស្តីពី​លទ្ធផល​ការងារ​របស់​ក្រុមប្រឹក្សាភិបាល​អាណត្តិ​ទី៣ និង​លទ្ធផល​ការងារ​ដែល​ទូរគមនាគមន៍​កម្ពុជា​សម្រេចបាន​ក្រោម​ការខិតខំ​ប្រឹងប្រែង​រួម​របស់​ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល អគ្គនាយក និង​និយោជិត​ទាំងអស់​ដែល​បាន​យក​អស់កម្លាំង​កាយ​ចិត្ត និង​ប្រាជ្ញា​ស្មារតី​ក្នុង​ការបន្ត​បំពេញ​តួនាទី និង​កាតព្វកិច្ច​ដើម្បី​បម្រើ​ផលប្រយោជន៍​រួម​របស់​សហគ្រាស​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់។
 
ឯកឧត្តម លីវ គឹម​ហេង អគ្គនាយក​រដ្ឋបាល​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​អាន​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ៣៥១ អនក្រ.ត​ត ចុះ​ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៤ ស្តីពី​ការតែងតាំង​ក្រុមប្រឹក្សាភិបាល​ទូរគមនាគមន៍​កម្ពុជា ដែលមាន​ឯកឧត្តម មាស ប៉ូ អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ជា​ប្រធាន, ឯកឧត្តម ជា វុ​ធណា តំណាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជា​សមាជិក, ឯកឧត្តម កឹម រ័ត្ន​វិសិដ្ឋ តំណាង​ទីស្តីការគណៈរដ្ឋមន្ត្រី ជា​សមាជិក, លោក ហាក់ រ័ត្ន តំណាង​ក្រសួងមហាផ្ទៃ ជា​សមាជិក, ឯកឧត្តម​ឡាយ ម៉ា​រី​វ៉ូ អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា ជា​សមាជិក, តំណាង​និយោជិត​ទូរគមនាគមន៍​កម្ពុជា ជា​សមាជិក, ឯកឧត្តម​ងួន ម៉េង​តិច តំណាង​សភាពាណិជ្ជកម្ម ជា​សមាជិក។ ក្នុងនោះ​ក៏មាន​អនុក្រឹត្យ​មួយ​ផ្សេងទៀត លេខ ៣២១ អនក្រ. ត​ត ចុះ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ ស្តីពី​ការតែងតាំង​លោកស្រី  ង៉ែត ម៉ូ​វី​ឡែ​ន បច្ចុប្បន្ន​ជា​ប្រធាន​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​មូលដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជា​មន្ត្រី​ត្រួតពិនិត្យ​រដ្ឋ​អម​ទូរគមនាគមន៍​កម្ពុជា​សម្រាប់​អាណត្តិ​ទី៤រយៈពេល០៣ឆ្នាំ ជំនួស​លោក​សុក វុ​ធ ដែល​បានបញ្ចប់​អាណត្តិ។
 
ឯកឧត្តម មាស ប៉ូ ប្រធាន​ក្រុមប្រឹក្សាភិបាល​បាន​កោតសរសើរ​ចំពោះ​និយោជិត​ទូរគមនាគមន៍​កម្ពុជា​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញការងារ​ប្រកបដោយ​ថាមភាព​ដើម្បី​ចូលរួម​ក្នុងការ​អភិវឌ្ឍន៍​ទូរគមនាគមន៍​កម្ពុជា ប្រកបដោយ​មោទនភាព និង​ផ្លែផ្កា​គួរ​ឲ្យ​កត់សម្គាល់។ ឯកឧត្តម​បាន​ប្តេជ្ញាចិត្ត​ថា នឹង​រួមគ្នា​ជាមួយ​និយោជិត​គ្រប់លំដាប់​ថ្នាក់​ធ្វើ​ឲ្យ​ទូរគមនាគមន៍​កម្ពុជា​ឈរ​នៅលើ​ទីផ្សារ​ទូរគមនាគមន៍​មួយ​ដែលមាន​ការប្រកួតប្រជែង​ខ្ពស់ និង​អភិវឌ្ឍ​បច្ចេកវិទ្យាទំនើបៗបន្ថែមទៀត​ដើម្បី​បម្រើ​សេចក្តីត្រូវការ​របស់​អតិថិជន​ដែលជា​អ្នកប្រើប្រាស់។
 
ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាននិងកំពុង​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍​ដែលជា​វិស័យ​អាទិភាព និង​ជា​ឆ្អឹងខ្នង​សម្រាប់​ទ្រទ្រង់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ព្រមទាំង​ការអភិវឌ្ឍន៍​វិស័យ​ដទៃទៀត។ ក្នុងន័យនេះ សហគ្រាស​សាធារណៈ​ទូរគមនាគមន៍​កម្ពុជា មិន​ត្រឹម​តែមាន​តួនាទី​ជា​អ្នកផ្តល់​សេវា​ជូន​អតិថិជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មាន​តួនាទី​ជា​សេនាធិការ​ឲ្យ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​និង​ពង្រីក​បណ្តាញ​ឆ្អឹងខ្នង​ទូរគមនាគមន៍​ជាតិ​ឲ្យ​ដល់​តំបន់​ជនបទ។
 
ឯកឧត្តម​រដ្ឋមន្ត្រី​មានប្រសាសន៍​ទៀតថា ក្នុងឋានៈ​ជា​អ្នកផ្តល់​សេវា ដែល​នៅជាប់​នឹង​អតិថិជន ថ្នាក់ដឹកនាំ​និង​និយោជិត​ទូរគមនាគមន៍​កម្ពុជា ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ជំហរ​ជា​អ្នកបម្រើ​អតិថិជន តាមរយៈ​ការធានា​ឲ្យ​បាន​នូវ​គុណភាព​នៃ​សេវា​គ្រប់​ប្រភេទ និង​ភាពរហ័សរហួន​ក្នុង​ការផ្តល់សេវា ជាពិសេស​ត្រូវ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា នូវ​រាល់​ទង្វើ​អសកម្ម​ទាំងឡាយ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​អតិថិជន និង​កិត្តិយស​ព្រមទាំង​សេចក្តីថ្លៃថ្នូរ​របស់​ទូរ​គមនាគមន៍​កម្ពុជា។
 
ឯកឧត្តម​មានជំនឿថា ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល អគ្គនាយក និង​និយោជិត​ទាំងអស់​របស់​ទូរគមនាគមន៍​កម្ពុជា នឹងចូលរួម​យ៉ាង​ផុលផុស​ក្នុង​កិច្ចសហការ​ចែករម្លែក​នូវ​បទពិសោធន៍​ទៅវិញទៅមក សម្តៅ​រក​ឲ្យ​ឃើញ​នូវ​ចំណុចខ្លាំង និង​ចំណុចខ្សោយ ព្រមទាំង​បញ្ហា​ប្រឈម​នានា នៅក្នុង​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន ហើយ​និង​អាច​ស្វែង​រកឃើញ​នូវ​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព មាន​លក្ខណៈ​ស៊ីជម្រៅ និង​វិសាលភាព​កាន់តែ​ធំ​ទូលាយ​ដើម្បី​ធ្វើយ៉ាងណា​ពង្រឹង នូវ​គុណភាព​សេវា​ដែល​បានផ្តល់ និង​មាន​ទំនុកចិត្ត​ខ្ពស់​ពី​អតិថិជន​គ្រប់​ប្រភេទ៕
 

អត្ថបទជាប់ទាក់ទង