ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ចុះស្វែងយល់ និងដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋនៅស្រុកស្អាង ខេត្តកណ្តាល
កាលពីវេលាម៉ោង ០៨:០០នាទីព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ មានការរៀបចំវេទិកាសាធារណៈ ស្តីពី “ការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ការផ្តល់សេវាសាធារណៈ និងបញ្ហានានាពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ” នៅក្នុងបរិវេណវត្តធនមន្ត ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អនុប្រធានក្រុមការងារថ្នាក់ជាតិប្រចាំខេត្តកណ្តាល និងជាប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកស្អាង និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីក្រុមការងារថ្នាក់ជាតិប្រចាំស្រុកស្អាង មន្ត្រីថ្នាក់មូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋមកពីឃុំព្រែកគយ និងឃុំទឹកវិល សរុបចំនួន ៥០០ នាក់។
បន្ទាប់ពីបានស្តាប់មតិស្វាគមន៍ និងរបាយការណ៍សង្ខេបលទ្ធផលការងារស្រុកស្អាងឆ្នាំ២០១៤ របស់លោក ខឹម ច័ន្ទគិរី អភិបាលស្រុកស្អាង ដែលបង្ហាញឲ្យឃើញអំពីសមិទ្ធផលជាច្រើនដែលស្រុកស្អាងសម្រេចបានក្នុងឆ្នាំកន្លងមក លើផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ការគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន គ្រោះមហន្តរាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ, បញ្ហាប្រឈមនានាដែលស្រុកស្អាងបានជួបប្រទះ ជាអាទិ៍ កង្វះខាតឯកសារអត្រានុកូលដ្ឋាន អនាម័យបរិស្ថាន បទល្មើសនេសាទ ល្បែងស៊ីសង គ្រឿងញៀន, ព្រមទាំងការចូលរួមសម្តែងមតិយ៉ាងផុលផុសពីសំណាក់បងប្អូនប្រជាពលរដ្ឋរួចមក ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា៖ ឯកឧត្តមមានអារម្មណ៍សប្បាយរីករាយដែលបានជួបជាមួយនឹងបងប្អូនប្រជាពលរដ្ឋក្នុងវេទិកាសាធារណៈនាពេលនេះ។
គោលបំណងនៃការធ្វើវេទិកាសាធារណៈនាថ្ងៃនេះ គឺដើម្បីបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋ បានសម្តែងមតិជុំវិញជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន ថាតើមានសុខនិងទុក្ខបែបណាខ្លះ? តើមានការថ្នាំងថ្នាក់ចិត្តលើកត្តាអ្វីខ្លះ? ដើម្បីឲ្យអាជ្ញាធរ និងក្រុមការងារថ្នាក់ជាតិបានចូលរួមចំណែកជួយដោះស្រាយសម្រាលការលំបាកជូនបងប្អូន។ ចំពោះការលំបាក និងសំណូមដែលបងប្អូនប្រជាពលបានលើកឡើងនៅថ្ងៃនេះ មានជាអាទិ៍ ការស្នើសុំឲ្យជួយជួសជុលកែលម្អផ្លូវលំមួយខ្សែពីព្រែកតាប៉ប់ទៅភូមិចាម ប្រវែង ៨,៥ គីឡូម៉ែត្រ, បញ្ហាកន្លែងលក់ត្រី, បញ្ហាកង្វះខាតទឹកសម្រាប់ធ្វើកសិកម្ម, និងបញ្ហាឃ្លាំងកសិកម្មរបស់រដ្ឋ សេសសល់តាំងពីសម័យមុន មានសភាពចាស់ទ្រុឌទ្រោម និងបង្កក្តីបារម្ភខ្លាចបាក់សង្កត់បងប្អូនអ្នកភូមិនោះ ឯកឧត្តមនឹងខិតខំសម្របសម្រួលជាមួយក្រសួងស្ថាប័នដែលពាក់ព័ន្ធឲ្យជួយដោះស្រាយជូនឲ្យបានឆាប់។
ចំណែកករណីមានការរំលោភលើដីសាធារណៈរបស់រដ្ឋ និងផ្លូវសាធារណៈពីសំណាក់បុគ្គលមួយចំនួនតូចដែលបង្កជាការលំបាកដល់បងប្អូនប្រជាពលរដ្ឋភាគច្រើន ឯកឧត្តមសូមបង្ហាញជំហរថា ឯកឧត្តមមិនគាំទ្របុគ្គលណាដែលប្រព្រឹត្តផ្ទុយទៅនឹងច្បាប់ជាដាច់ខាត និងសូមជូននូវជម្រើសពីរជូនអាជ្ញាធរថ្នាក់មូលដ្ឋានយកទៅធ្វើជាគោលក្នុងការដោះស្រាយក្នុងរឿងនេះ គឺ តើត្រូវដោះស្រាយតាមផ្លូវតុលាការ ឬមួយដោះស្រាយដោយវិធីសម្របសម្រួលគ្នារវាងភាគីមានជម្លោះ? និងធ្វើយ៉ាងណាកុំប្រើហឹង្សាក្នុងការដោះស្រាយបញ្ហា គឺត្រូវតែប្រើសន្តិវិធីតាមរយៈការពិភាក្សា ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអំពាវនាវដល់គ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ត្រូវប្រើ “វប្បធម៌សន្ទនា” ក្នុងការដោះស្រាយរាល់បញ្ហាដែលកើតមានឡើង។
ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនបងប្អូនប្រជាពលបន្ថែមថា ចំពោះបញ្ហាអាហារូបករណ៍ ឯកឧត្តមនឹងផ្តួចផ្តើមបង្កើតមូលនិធិមួយ ដើម្បីផ្តល់អាហារូបករណ៍ដល់សិស្សរៀនពូកែ និងសិស្សដែលមានជីវភាពក្រលំបាកនៅទូទាំងស្រុកស្អាង ហើយឯកឧត្តមនឹងធ្វើជាប្រធានមូលនិធិនេះដោយខ្លួនឯង ដូចដែលឯកឧត្តមបាននិងកំពុងធ្វើនៅសង្កាត់ស្នោ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានចំណាយពេលវេលាដ៏មមាញឹកមកចូលរួមផ្តល់មតិយោបល់យ៉ាងផុលផុស និងសូមថ្លែងអំណរគុណចំពោះអាជ្ញាធរស្រុកស្អាងដែលបានយកចិត្តទុកដាក់បំរើសេវាសាធារណៈ និងដោះស្រាយការលំបាកនានាជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានគូសបញ្ជាក់ និងផ្តាំផ្ញើ អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋថា ក្រុមការងារថ្នាក់ជាតិមានតួនាទីគ្រាន់តែជាអ្នកសម្របសម្រួល និងត្រួតពិនិត្យការអនុវត្តតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិ បាលតែប៉ុណ្ណោះ មិនមែនធ្វើការជំនួសអាជ្ញាធរមូលដ្ឋានទេ ដូច្នេះអាជ្ញាធរមូលដ្ឋានត្រូវបន្តខិតខំបំពេញការងាររបស់ខ្លួន និងសហការជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីបំរើសេវាសាធារណៈ និងដោះស្រាយទុក្ខលំបាកជូនបងប្អូនប្រជាពលរដ្ឋយ៉ាងអស់ពីកម្លាំងកាយចិត្តជាបន្តទៀត។
ក្រោយពីបិទបញ្ចប់វេទិកាសាធារណៈ ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញទៅក្រាបថ្វាយបង្គុំព្រះចៅអធិការ និងព្រះសង្ឃគង់នៅវត្តធនមន្ត ព្រមទាំងប្រគេននូវបច្ច័យសម្រាប់ចូលរួមចំណែកកសាងទីអារ៉ាម និងទ័យវត្ថុ ជាគ្រឿងឧបភោគបរិភោគមួយចំនួន៕