សន្និបាទ​បូកសរុប​ការងារ ២០១៤  និងលើកទិសដៅ ២០១៥ របស់​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍

ជាកិច្ចចាប់ផ្តើមបើកសន្និបាត ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងទៅកាន់អង្គសន្និបាតទាំងមូលថា សន្និបាតក្នុងពេលនេះ គឺជាការផ្តល់ឱកាសឱ្យយើងធ្វើការបូកសរុបលទ្ធផលការងារទូទៅ ដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ និងគូសរំលេចនូវសមិទ្ធផលសំខាន់ៗ ពិនិត្យ វាយតម្លៃអំពីភាពងាយស្រួល ការលំបាក និងបញ្ហាប្រឈមនានា។ វេទិកានេះ ក៏បើកឱកាសឲ្យយើងពិគ្រោះពិភាក្សាគ្នា លើកជាគំនិត និងវិធានការរកដំណោះស្រាយកំណត់ឱ្យបាននូវគោលដៅការងារសំខាន់ៗ និងដំណើរឆ្ពោះទៅមុខរបស់ក្រសួង ពិសេសក្នុងបរិបទនៃការប្រែប្រួលយ៉ាងឆាប់រហ័សនៃវិស័យប្រៃសណីយ៍,ទូរគមនាគមន៍, និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ក្នុងឆ្នាំ២០១៤កន្លងទៅ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្រេចនូវសមិទ្ធផល សំខាន់ៗជាច្រើនគួរឱ្យកត់សម្គាល់ រួមមាន៖

– បានរៀបចំឡើងវិញនូវរចនាសម្ព័ន្ធរបស់ក្រសួង ដែលតបនិងការធ្វើសមារហណកម្មអាជ្ញាធរជាតិ អភិវឌ្ឍន៍បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(NiDA)ឲ្យស្ថិត​ក្រោម​ឱវាទ​ក្រសួង និងការបង្កើត​វិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(NIPTICT)។

– បានកែលម្អលក្ខខណ្ឌការងារជូនមន្រ្តីរាជការ បុគ្គលិក ដោយលើកទឹកចិត្ត និងគិតគូរដល់ផ្នែកជីវភាព និង ទីកន្លែងធ្វើការ ការបែងចែកការងារស្របតាមជំនាញ សមត្ថភាព និងគុណសម្បត្តិ លើមូលដ្ឋាន នៃតម្លាភាព និងគណនេយ្យភាព។

– បានបន្តកសាងនិងការអភិវឌ្ឍក្របខ័ណ្ឌគោលនយោបាយ, យុទ្ធសាស្រ្ត, និងលិខិតបទដ្ឋានគតិយុត្តនានា សំដៅពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងវិស័យទាំង៣ ឱ្យមាន​លក្ខណៈ​​ទំនើប​​ទាន់សម័យ មានគុណភាព​​ខ្ពស់ស្របតាម​ស្តង់ដារ​អន្តរជាតិ និងមានសេវាគ្របដណ្តប់នៅទូទាំងប្រទេស ដែល​ប្រជាជន​ទូទៅ​អាច​ទទួល​បាន​ផល​ប្រយោជន៍​គ្រប់ៗគ្នា។

– ការកែសម្រួលរបៀបរបបការងារ ពង្រឹងវិន័យការងារ និងការកំណត់ រៀបចំបែងចែកភារកិច្ចក្នុងគ្រប់កម្រិតនៃក្រសួង។ ការបង្កើតនូវក្រុម ការងារតាមវិស័យចាំបាច់ និងយន្តការតាមដានការអនុវត្តផែនការការងារ។

បន្ទាប់ពីបានស្តាប់បទអន្តរាគមន៍របស់ឯកឧត្តម សារ៉ាក់ ខាន់ រដ្ឋលេខាធិការ អំពីស្ថានភាពទូទៅរបស់ក្រសួង និងបទ​អន្តាគមន៍​របស់អង្គភាពក្រោមឱវាទ រួមទាំងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ដែលបានលើកឡើងនូវយោបល់ល្អៗ រំលេច​ឱ្យ​ឃើញ​នូវ​សមិទ្ធផល​ដែល​សម្រច​បាន ចំណុច​ដែលបានធ្វើការកែលម្អ បញ្ហាប្រឈម និងចំណុចដែលត្រូវធ្វើបន្ត, ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបូកសរុបថា សន្និបាត​របស់​យើង​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​សកម្ម និងទទួលបាននូវលទ្ធផលល្អប្រសើរ។

ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងថា យើង​បាន​រួមគ្នា​ត្រួត​ពិនិត្យ​មើល​ឡើងវិញ​នូវ​លទ្ធផល​ការងារ​ដែល​សម្រេច​បានក្នុង​ឆ្នាំ២០១៤​កន្លង​ទៅ និងស្វែងរកទិសដៅយុទ្ធសាស្រ្ត និងយន្តការគន្លឹះសម្រាប់អភិវឌ្ឍវិស័យទាំង ៣ ឱ្យរីកចម្រើនថែមទៀតក្នុងឆ្នាំ២០១៥នេះ ក៏ដូចជាបណ្តាឆ្នាំខាងមុខទៀត ដើម្បីចូលរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ចជាតិ ការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ក្រោមការ​ដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី។

ឯកឧត្តមរដ្ឋមន្ត្រី បានប្រកាស​បិទសន្និបាត​ជាមួយ​នឹងការ​សម្តែង​នូវក្តីសង្ឃឹមជឿ​ជាក់យ៉ាងមុតមាំថា មន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទក្រសួងទាំងអស់ ព្រមទាំងវិស័យឯកជនដែលជាដៃគូ នឹងបន្តគាំទ្រ និងចូលរួម​ចំណែក​យ៉ាងសកម្ម​តទៅទៀត ដើម្បីសម្រេចបានជាផ្លែផ្កា​នូវទិសដៅការងារ ដែលក្រសួងក៏ដូចជាអង្គភាពក្រោម ឱវាទទាំងអស់បានដាក់ចេញដើម្បីអនុវត្ត។

សន្និបាតបូកសរុបការងារឆ្នាំ២០១៤ និងលើកទិសដៅការងារឆ្នាំ២០១៥ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានរៀបចំឡើងរយៈពេល ១ ថ្ងៃ គឺនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ នាទីស្តីការក្រសួង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

អត្ថបទជាប់ទាក់ទង