ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញចូលរួមបើកវេទិកាកម្ពុជា-ជប៉ុន ស្តីពីបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន លើកដំបូងនៅកម្ពុជា

នៅវេលាម៉ោង ៨ ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៥ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតី បើកវេទិកាកម្ពុជា ជប៉ុន ស្តីពីបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឆ្នាំ២០១៥ ដែលប្រារព្ធធ្វើឡើងនាសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

ឯកឧត្តម គូម៉ាម៉ារូ យូជី(KUMAMARU Yuji) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងភាគីជប៉ុន ចូលរួមក្នុងពិធីបើកវេទិកា បានថ្លែងសុន្ទរកថាទៅកាន់អង្គវេទិកាថា វិស័យ ICT នៅកម្ពុជា ពិតជាមានវឌ្ឍនភាពយ៉ាងឆាប់រហ័ស និងគួរឲ្យភ្ញាក់ផ្អើល។ ក្នុងបរិការណ៍នេះ ឯកឧត្តមសម្លឹងឃើញនូវសក្តានុពលក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យ ICT តាមរយៈការរួមគ្នាប្រើប្រាស់បច្ចេកវិទ្យា ICT ដើម្បីបង្ការគ្រោះមហន្តរាយធម្មជាតិ, លើកកំពស់គុណភាពអប់រំ, លើកកំពស់សេវាសុខាភិបាល, និងការគ្រប់គ្រងចរាចរជាដើម។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងផ្នែករដ្ឋ និងផ្នែកឯកជន កម្ពុជា ជប៉ុន នឹងនាំមកនូវទំនាក់ទំនងឈ្នះ ឈ្នះជូនប្រទេសទាំងពីរ ព្រមទាំងនឹងលើកកំពស់កិច្ចសហប្រតិបត្តិការលើវិស័យ ICT រវាងកម្ពុជា ជប៉ុន ឲ្យឈានទៅកាន់កំរិតថ្មីមួយទៀត។

ថ្លែងទៅកាន់អង្គវេទិកា ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា ព្រឹត្តិការណ៍ថ្ងៃនេះ គឺស្តែងឲ្យឃើញអំពីកិច្ចសហប្រតិបត្តិការជាមិត្តភាព និងប្រកបដោយផ្លែផ្ការរវាងកម្ពុជា ជប៉ុននិយាយជារួម និងក្នុងវិស័យ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឬ ICT និយាយដោយឡែក។ ជាក់ស្តែង ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ជប៉ុនបានជួយដល់កម្ពុជា៖ ធ្វើការកែលម្អប្រព័ន្ធទូរគមនាគមន៍ក្នុងរាជធានីភ្នំពេញជំហ៊ានទី១ នៅឆ្នាំ១៩៩៥ និងជំហ៊ានទី២ ឆ្នាំ១៩៩៦ ដំណើរការគម្រោងកែលម្អស្ថានីយ៍ជាតិសម្រាប់ការផ្សព្វផ្សាយតាមរលកធាតុអាកាស ឆ្នាំ១៩៩៦ ដំណើរការគម្រោងបណ្តាញឆ្នឹងខ្នងទូរគមនាគមន៍មហាតំបន់មេគង្គ ក្នុងឆ្នាំ២០០៥, និង ដំណើរការគម្រោងអភិវឌ្ឍសមត្ថភាពក្នុងការគ្រប់គ្រងវិស័យ ICT របស់អតីត NiDA ឆ្នាំ២០០៨។

ឆ្លៀតក្នុងឱកាសនេះ តាងនាមឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា ជាពិសេសក្នុងវិស័យ ICT ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងបន្ថែមថា បច្ចុប្បន្ន បដិវត្តន៍ ICT បានផ្លាស់ប្តូរនូវរបៀបរបបរស់នៅ, ការធ្វើការ, ការគ្រប់គ្រងស្ថាប័ន ទាំងក្នុងផ្នែករដ្ឋ និងផ្នែកឯកជន ព្រមទាំងបង្កើតនូវបញ្ហាប្រឈមជាច្រើន ដែលទាមទារនូវយន្តការកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយតាមរយៈការលើក កំពស់នវានុវត្តន៍វិស័យ ICT ទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន ជាពិសេសនៅតាមបណ្តាសកលវិទ្យាល័យ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយម និងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ស្តីពីវិស័យ បច្ចេកវិទ្យាទូរគមនាគមន៍ ដោយផ្តោតសំខាន់លើការអភិវឌ្ឍវិស័យ ICT ឲ្យទំនើប គុណភាពល្អ ស្របស្តង់ដាអន្តរជាតិ តម្លៃសមរម្យ និងមានសេវាគ្របដណ្តប់ទូទាំងប្រទេស ប្រជាពលរដ្ឋអាចប្រើប្រាស់បានគ្រប់ៗគ្នា។

ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងបន្ថែមទៀតថា ឆ្លើយតបនឹងតម្រូវការខាងលើនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងខិតខំកសាងនូវប្រព័ន្ធច្បាប់ដ៏រឹងមាំដើម្បីគ្រប់គ្រងវិស័យដែលស្ថិតក្រោមឱវាទខ្លួន ជាពិសេស ICT, អភិវឌ្ឍធនធានមនុស្ស, កសាង និងពង្រីកហេដ្ឋរចនាសម្ព័ន្ធនិងបណ្តាញទូរគមនាគមន៍, កសាងប្រព័ន្ធបញ្ជូនទិន្នន័យខ្នាតធំនិងមាតិកាឌីជីថល, និងបង្រួមនិងតភ្ជាប់គំលាតផ្នែកឌីជីថល ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកម្ពុជាបានប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះគ្រប់ៗគ្នា។
ចុងបញ្ចប់ ជាមួយនឹងការប្រកាសបើកជាផ្លូវការ ឯកឧត្តមសូមជូនពរឲ្យវេទិកាពិភាក្សាផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក លើវិស័យ ICT លើកដំបូងបង្អស់រវាងអ្នកជំនាញការកម្ពុជា ជប៉ុននាពេលនេះ បានប្រព្រឹត្តទៅប្រកបដោយផ្លែផ្ការ និងទទួលបានជោគជ័យ។

វេទិកាកម្ពុជា ជប៉ុន ស្តីពីបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឆ្នាំ២០១៥ ត្រូវបានរៀបចំឡើងរយៈពេលមួយថ្ងៃពេញ គឺថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៥ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសហព័ន្ធវិស្វករជប៉ុន ក្នុងគោលបំណងរៀនសូត្រ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមករវាងអ្នកជំនាញការកម្ពុជា និងអ្នកជំនាញការជប៉ុនលើវិស័យ ICT ពិសេសអំពីការគ្រប់គ្រងរដ្ឋាភិបាលអេឡិចត្រូនិក, ការធ្វើទំនើបកម្ម ICT ឲ្យស្របតាមស្តង់ដាអន្តរជាតិ, ការអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យ ICT, និងការការពារសន្តិសុខតាមប្រព័ន្ធ ICT ជាដើម៕

អត្ថបទជាប់ទាក់ទង