ពិធីសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការ សេវាដឹកជញ្ជូនអ្នកដំណើររបស់ប្រៃសណីយ៍កម្ពុជា នាថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ២០១៥

កាលពីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ដាក់ឲ្យដំណើរការជាផ្លូវការសេវាដឹកជញ្ជូនអ្នកដំណើររបស់ ប្រៃសណីយ៍កម្ពុជា ដែលជាសហគ្រាសសាធារណៈ ។

ជាកិច្ចចាប់ផ្តើមកម្មវិធី ឯកឧត្តម អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ប្រៃសណីយ៍កម្ពុជា បានថ្លែងស្វាគមន៍ឯកឧត្តមរដ្ឋមន្ត្រី និងអង្គពិធី ព្រមទាំងបានលើកឡើងអំពី សមិទ្ធផលនានា និងការកើន​ឡើងនូវប្រាក់ចំណូលរបស់ប្រៃសណីយ៍កម្ពុជា បន្ទាប់ពីបានក្លាយខ្លួនជាសហគ្រាសសាធារណៈ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១១មក។ ​តែទោះជាយ៉ាងនេះក្តី ក៏​ប្រៃសណីយ៍កម្ពុជា នៅតែមានមហិច្ឆិតាបង្កើនប្រាក់ចំណូលឲ្យបាន​កាន់តែខ្ពស់ និងពង្រឹងគុណភាពសេវារបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ វិសាលភាពទូលាយ ព្រមទាំងកាត់បន្ថយហានីភ័យពីការពឹងផ្អែកទាំងស្រុង ទៅលើសេវាដឹកជញ្ជូនរបស់ក្រុមហ៊ុនផ្សេងក្នុងការចែកចាយបញ្ញើរវាងរាជធានី និងបណ្តាខេត្ត។ ដើម្បីឆ្លើយតបទៅនឹងមហិច្ឆិតាខាងលើ ប្រៃសណីយ៍កម្ពុជា បានដាក់ចេញនូវគម្រោងវិនិយោគជំហានដំបូង គឺ ការដាក់ឲ្យដំណើរការរថយន្តដឹកអ្នកដំណើរ និងបញ្ញើប្រៃសណីយ៍ ប្រភេទរថយន្តវែន ១៥ កៅអី ចំនួន ១០ គ្រឿង ដែលនឹងត្រូវសម្ពោធជាផ្លូវការនាពេលនេះ។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា ជោគជ័យដែលប្រៃសណីយ៍កម្ពុជាសម្រេចបានក្នុងរយៈពេល ៤ ឆ្នាំកន្លងទៅនេះ គឺកើត​ចេញពីកិច្ចខិតខំប្រឹងប្រែងរបស់​​ថ្នាក់ដឹកនាំ និងនិយោជិតនៃប្រៃសណីយ៍កម្ពុជាទាំងអស់ដែលបាន​និង​កំពុង​បម្រើការនៅទីចាត់ការកណ្តាល ក៏ដូចជានៅតាមសាខានានាទូទាំងប្រទេស​។​ ទោះបីជាយ៉ាងណាក៏​ដោយ ជោគជ័យដែល​ទទួលបាន​ភាគច្រើន គឺបានមកពីការធ្វើអាជីវកម្មលើការផ្តល់​សេវាកម្ម​ប្រៃសណីយ៍​តាមបែបប្រពៃណី​។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ការប្រែប្រួលយ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យា សេដ្ឋកិច្ច សង្គម និង​តម្រូវការជាក់ស្តែង ក៏ដូចជា​ឥរិយាបថរបស់មនុស្ស ទាមទារឲ្យប្រៃសណីយ៍កម្ពុជាត្រូវធ្វើខ្លួនឲ្យ​ឆ្លើយតបទាន់ពេលវេលាទៅនឹងការប្រែប្រួល​ទាំងនោះ ដោយគិតគូរលើការបំពាក់នូវបច្ចេកវិទ្យាថ្មីៗ និង​សមស្របទៅនឹងសេចក្តីត្រូវការរបស់អាជីវកម្ម ជាពិសេសគឺសេវា​ E-commerce ដែលជាផ្នែកមួយ​នៃ​សេវាអេឡិចត្រូវនិច (e-service) កំពុងតែពេញនិយម និងមានសក្តានុពលខ្ពស់។

នៅក្នុងស្ថានភាពមួយដែលមានការប្រកួតប្រជែងកាន់តែស្វិតស្វាញឡើងជាមួយនឹងប្រតិបត្តិករដទៃទៀត ជាពិសេសនៅពេលដែល​អាស៊ានក្លាយជាសហគមន៍សេដ្ឋកិច្ចតែមួយនៅដើមឆ្នាំ ២០១៦ ខាងមុខនេះ​ សេវា​ដឹកជញ្ជូនក្នុងស្រុករបស់ប្រៃសណីយ៍កម្ពុជា នឹងមិនត្រឹមតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ក្នុង​ការពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយទំនុកចិត្ត និងមានភាពបត់បែនតាម​សភាពការណ៍​នៃការរីកចំរើនរបស់សង្គមបច្ចុប្បន្នប៉ុណ្ណោះទេ តែនឹងនាំមកនូវប្រភពចំណូល​ថ្មីថែម​ទៀត​ផងដែរ។ ហេតុដូចនេះ ការពង្រីកសេវាដឹកជញ្ជូនក្នុងស្រុករបស់ប្រៃសណីយ៍កម្ពុជា នេះគឺជាយុទ្ធសាស្រ្ត​មួយក្នុងការប្រកួតប្រជែងជាមួយប្រតិបត្តិករប្រៃសណីយ៍ផេ្សង​ទៀតដែរ។

ដោយឡែកឯកឧត្តមក៏បានបញ្ជាក់ថា ក្រៅពីការគិតគូពង្រីកអាជីវកម្មថ្មី ប្រៃសណីយ៍កម្ពុជាក៏គួរ​តែ​គិតគូរ​អំពីការពង្រឹង និងពង្រីកសេវាដែលមានស្រាប់​ផងដែរ ដូចជា​ការបង្កើនម៉ោងចែកបញ្ញើនៅ​តាម​បញ្ជរ, បង្កើនការចែកបញ្ញើឲ្យដល់ដៃអ្នកទទួល,​ បង្ខិតសេវាប្រៃសណីយ៍ឲ្យទៅជិតអតិថិជន ឬនៅរួម​ជាមួយ​ទីតាំងផ្តល់សេវាផ្សេងទៀត ដែលនេះគឺជាការចង់បានរបស់អតិថិជនភាគច្រើន ហើយក៏អាចកាត់​បន្ថយ​បានការចំណាយលើការសាងសង់សាខាថ្មី និងការចំណាយមូលដ្ឋាននានា។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បីសម្រេចបាន​តាមការគិតគូរដែលបា​ន​លើកឡើងខាងលើនេះ ប្រៃសណីយ៍កម្ពុជា ចាំបាច់ត្រូវមានធនធានមនុស្សមានសមត្ថភាព និងមាន​ឥរិយា​បទ​ជាអ្នកធ្វើអាជីវកម្ម ឬជាអ្នករកស៊ី​ ជាអ្នកបម្រើសេវាសាធារណៈ ហើយជាពិសេស​គឺ​មាន​សាមគ្គីភាព​ផ្ទៃក្នុងយ៉ាងរឹងមាំ ដោយនយោជកត្រូវដឹកនាំដោយសមភាព សមធម៌ មិនលំអៀង មិនបក្ស​ពួកនិយម ចំណែកនិយោជិតត្រូវគោរព និងអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន។

ជាកិច្ចបញ្ចប់កម្មវិធី ឯកឧត្តមរដ្ឋមន្ត្រី បានប្រកាស​ដាក់ឲ្យដំណើរការរថយន្ត​ដឹក​អ្នកដំណើរ និងបញ្ញើប្រៃសណីយ៍របស់​ប្រៃសណីយ៍​កម្ពុជា ព្រមទាំងអញ្ជើញកាត់ខ្សែបូរសម្ពោធជាផ្លូវការចាប់ពីពេលនេះតទៅ៕

(ខ្លឹមសារទាំងស្រុងនៃសុន្ទរកថារបស់ឯកឧត្តមរដ្ឋមន្ត្រី)

អត្ថបទជាប់ទាក់ទង