ពិធីសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការ សេវាដឹកជញ្ជូនអ្នកដំណើររបស់ប្រៃសណីយ៍កម្ពុជា នាថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ២០១៥
កាលពីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ដាក់ឲ្យដំណើរការជាផ្លូវការសេវាដឹកជញ្ជូនអ្នកដំណើររបស់ ប្រៃសណីយ៍កម្ពុជា ដែលជាសហគ្រាសសាធារណៈ ។
ជាកិច្ចចាប់ផ្តើមកម្មវិធី ឯកឧត្តម អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា បានថ្លែងស្វាគមន៍ឯកឧត្តមរដ្ឋមន្ត្រី និងអង្គពិធី ព្រមទាំងបានលើកឡើងអំពី សមិទ្ធផលនានា និងការកើនឡើងនូវប្រាក់ចំណូលរបស់ប្រៃសណីយ៍កម្ពុជា បន្ទាប់ពីបានក្លាយខ្លួនជាសហគ្រាសសាធារណៈ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១១មក។ តែទោះជាយ៉ាងនេះក្តី ក៏ប្រៃសណីយ៍កម្ពុជា នៅតែមានមហិច្ឆិតាបង្កើនប្រាក់ចំណូលឲ្យបានកាន់តែខ្ពស់ និងពង្រឹងគុណភាពសេវារបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ វិសាលភាពទូលាយ ព្រមទាំងកាត់បន្ថយហានីភ័យពីការពឹងផ្អែកទាំងស្រុង ទៅលើសេវាដឹកជញ្ជូនរបស់ក្រុមហ៊ុនផ្សេងក្នុងការចែកចាយបញ្ញើរវាងរាជធានី និងបណ្តាខេត្ត។ ដើម្បីឆ្លើយតបទៅនឹងមហិច្ឆិតាខាងលើ ប្រៃសណីយ៍កម្ពុជា បានដាក់ចេញនូវគម្រោងវិនិយោគជំហានដំបូង គឺ ការដាក់ឲ្យដំណើរការរថយន្តដឹកអ្នកដំណើរ និងបញ្ញើប្រៃសណីយ៍ ប្រភេទរថយន្តវែន ១៥ កៅអី ចំនួន ១០ គ្រឿង ដែលនឹងត្រូវសម្ពោធជាផ្លូវការនាពេលនេះ។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា ជោគជ័យដែលប្រៃសណីយ៍កម្ពុជាសម្រេចបានក្នុងរយៈពេល ៤ ឆ្នាំកន្លងទៅនេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងនិយោជិតនៃប្រៃសណីយ៍កម្ពុជាទាំងអស់ដែលបាននិងកំពុងបម្រើការនៅទីចាត់ការកណ្តាល ក៏ដូចជានៅតាមសាខានានាទូទាំងប្រទេស។ ទោះបីជាយ៉ាងណាក៏ដោយ ជោគជ័យដែលទទួលបានភាគច្រើន គឺបានមកពីការធ្វើអាជីវកម្មលើការផ្តល់សេវាកម្មប្រៃសណីយ៍តាមបែបប្រពៃណី។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ការប្រែប្រួលយ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យា សេដ្ឋកិច្ច សង្គម និងតម្រូវការជាក់ស្តែង ក៏ដូចជាឥរិយាបថរបស់មនុស្ស ទាមទារឲ្យប្រៃសណីយ៍កម្ពុជាត្រូវធ្វើខ្លួនឲ្យឆ្លើយតបទាន់ពេលវេលាទៅនឹងការប្រែប្រួលទាំងនោះ ដោយគិតគូរលើការបំពាក់នូវបច្ចេកវិទ្យាថ្មីៗ និងសមស្របទៅនឹងសេចក្តីត្រូវការរបស់អាជីវកម្ម ជាពិសេសគឺសេវា E-commerce ដែលជាផ្នែកមួយនៃសេវាអេឡិចត្រូវនិច (e-service) កំពុងតែពេញនិយម និងមានសក្តានុពលខ្ពស់។
នៅក្នុងស្ថានភាពមួយដែលមានការប្រកួតប្រជែងកាន់តែស្វិតស្វាញឡើងជាមួយនឹងប្រតិបត្តិករដទៃទៀត ជាពិសេសនៅពេលដែលអាស៊ានក្លាយជាសហគមន៍សេដ្ឋកិច្ចតែមួយនៅដើមឆ្នាំ ២០១៦ ខាងមុខនេះ សេវាដឹកជញ្ជូនក្នុងស្រុករបស់ប្រៃសណីយ៍កម្ពុជា នឹងមិនត្រឹមតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយទំនុកចិត្ត និងមានភាពបត់បែនតាមសភាពការណ៍នៃការរីកចំរើនរបស់សង្គមបច្ចុប្បន្នប៉ុណ្ណោះទេ តែនឹងនាំមកនូវប្រភពចំណូលថ្មីថែមទៀតផងដែរ។ ហេតុដូចនេះ ការពង្រីកសេវាដឹកជញ្ជូនក្នុងស្រុករបស់ប្រៃសណីយ៍កម្ពុជា នេះគឺជាយុទ្ធសាស្រ្តមួយក្នុងការប្រកួតប្រជែងជាមួយប្រតិបត្តិករប្រៃសណីយ៍ផេ្សងទៀតដែរ។
ដោយឡែកឯកឧត្តមក៏បានបញ្ជាក់ថា ក្រៅពីការគិតគូពង្រីកអាជីវកម្មថ្មី ប្រៃសណីយ៍កម្ពុជាក៏គួរតែគិតគូរអំពីការពង្រឹង និងពង្រីកសេវាដែលមានស្រាប់ផងដែរ ដូចជាការបង្កើនម៉ោងចែកបញ្ញើនៅតាមបញ្ជរ, បង្កើនការចែកបញ្ញើឲ្យដល់ដៃអ្នកទទួល, បង្ខិតសេវាប្រៃសណីយ៍ឲ្យទៅជិតអតិថិជន ឬនៅរួមជាមួយទីតាំងផ្តល់សេវាផ្សេងទៀត ដែលនេះគឺជាការចង់បានរបស់អតិថិជនភាគច្រើន ហើយក៏អាចកាត់បន្ថយបានការចំណាយលើការសាងសង់សាខាថ្មី និងការចំណាយមូលដ្ឋាននានា។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បីសម្រេចបានតាមការគិតគូរដែលបានលើកឡើងខាងលើនេះ ប្រៃសណីយ៍កម្ពុជា ចាំបាច់ត្រូវមានធនធានមនុស្សមានសមត្ថភាព និងមានឥរិយាបទជាអ្នកធ្វើអាជីវកម្ម ឬជាអ្នករកស៊ី ជាអ្នកបម្រើសេវាសាធារណៈ ហើយជាពិសេសគឺមានសាមគ្គីភាពផ្ទៃក្នុងយ៉ាងរឹងមាំ ដោយនយោជកត្រូវដឹកនាំដោយសមភាព សមធម៌ មិនលំអៀង មិនបក្សពួកនិយម ចំណែកនិយោជិតត្រូវគោរព និងអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន។
ជាកិច្ចបញ្ចប់កម្មវិធី ឯកឧត្តមរដ្ឋមន្ត្រី បានប្រកាសដាក់ឲ្យដំណើរការរថយន្តដឹកអ្នកដំណើរ និងបញ្ញើប្រៃសណីយ៍របស់ប្រៃសណីយ៍កម្ពុជា ព្រមទាំងអញ្ជើញកាត់ខ្សែបូរសម្ពោធជាផ្លូវការចាប់ពីពេលនេះតទៅ៕