ឯកឧត្តមរដ្ឋមន្ត្រី ជួបសំណេះសំណាល សួរសុខទុក្ខនាយទាហាន ពលទាហាន និងពិនិត្យទីតាំងស្ថានភាពវរសេនាតូចលេខ ៤១៥ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥
នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូ អង្គភាពសម្ព័នមេត្រីភាព រួមមាន មន្ត្រីក្រោមឱវាទ ព្រមទាំងអ្នកឧកញ៉ា ម៉ក់ គឹមហុង អគ្គនាយកក្រុមហ៊ុនសុភក្តិនីកា អ៊ីនវេសមិនគ្រុប ខូអិលធីឌី ចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង ពលទាហាន នៃកងវរសេនាតូចលេខ ៤១៥ ចំណុះកងពលតូចថ្មើរជើងលេខ ៤១ ។
លោកវរៈសេនីយឯក ធឿង ជា មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ ៤១ និងជាមេបញ្ជាការកងវរសេនាតូចលេខ ៤១៥ បានគូសបញ្ជាក់ថា ដោយទទួលបានរបបឧបត្ថមប្រចាំថ្ងៃ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន និងអង្គភាពសម្ព័នមេត្រីភាព ដឹកនាំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមផ្សំជាមួយការខិតខំដាំដុះបង្ករបង្កើនផលស្រូវ ពោត ដំឡូងមី និងការចិញ្ចឹមសត្វដោយអង្គភាពខ្លួនឯងផងនោះ បានធ្វើឲ្យជីវភាពរបស់បងប្អូនកងទ័ព និងក្រុមគ្រួសារកងទ័ព មានភាពល្អប្រសើរ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក្តីក៏កងវរសេនាតូចលេខ ៤១៥ នៅជួបប្រទះការលំបាកមួយចំនួន ដូចជា កត្តាអាកាសធាតុនៅរដូវប្រាំងក្តៅហួតហែង ខ្វះខាតទឹកប្រើប្រាស់ និងនៅរដូវវស្សាពិបាកក្នុងការធ្វើដំណើរ ហើយនៅរដូវរងារអាកាសធាតុមានភាពត្រជាក់ខ្លាំង ។
ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំអង្គភាពសម្ព័នមេត្រីភាព ឯកឧត្តមសូមគោរពកោតសរសើរ និងដឹងគុណដ៏ជ្រាលជ្រៅស្មោះអស់ពីដួងចិត្ត ចំពោះវីរៈភាពដ៏អង់អាចក្លាហាន ការពុះពារការលំបាក និងឧបសគ្គប្រឈមនានារបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងវរសេនាតូចលេខ ៤១៥ ដែលបាន និងកំពុងឈរជើងការពារយ៉ាងរឹងមាំនៅសមរភូមិមុខតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីបុព្វហេតុការពារអធិបតេយ្យជាតិ បូរណភាពដែនដី និងសុខសន្តិភាព ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ។ ឯកឧត្តមានប្រសាសន៍ទៀតថា ក្នុងនាមថ្នាក់ដឹកនាំអង្គភាពសម្ព័នមេត្រីភាព ឯកឧត្តមបានខិតខំកៀរគរអំណោយពីសប្បុរសជន ទាំងអង្គភាពរដ្ឋ និងឯកជន យកមកជួយឧបត្ថមគាំទ្រដល់បងប្អូន ដើម្បីចូលរួមចំណែករំលែក និងសម្រាលការលំបាកនានាក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន និងក្រុមគ្រួសារ។
ឯកឧត្តម ក៏បានចែកអំណោយជូនកងវរសេនាតូចលេខ ៤១៥ នូវអង្ករចំនួន ៧៥០ គីឡូក្រាម, មី ១៣០ កេស, ត្រីខកំប៉ុង ៧៤០ កំប៉ុង, ទឹកស៊ីអ៊ីវ ៤៦ យួរ, ប្រេងឆា ១៨៥ ដប, ស្ករស ៤១៥ គីឡូក្រាម និងផ្តល់ថវិការជូនគ្រួសារកងទ័ពចំនួន ១០៥ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៨ ម៉ឺនរៀល ។
តមក ឯកឧត្តមរដ្ឋមន្ត្រី និងអ្នកអមដំណើរក៏បានអញ្ជើញពិនិត្យមើលស្ថានភាពនៃជីវភាពរស់នៅ ការហូបចុក ប្រចាំថ្ងៃរបស់កងទ័ព និងពិនិត្យមើលលេណដ្ឋានរបស់វរសេនាតូចលេខ ៤១៥ ផងដែរ៕