ឯកឧត្តមរដ្ឋមន្ត្រី ជួបសំណេះសំណាល សួរសុខទុក្ខ​ជនរងគ្រោះដោយសារមីន​​  ​និងសំណល់ជាតិផ្ទុះពីសម័យសង្គ្រាម នៅសាលាស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ​​ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១០១៥

នៅរសៀលថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៥ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍ និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា  អមដំណើរដោយមន្ត្រីក្រោមឱវាទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះ​សំណាល សាកសួរសុខទុក្ខ និងផ្តល់គ្រឿងឧបភោគ បរិភោគ ជូនជនរងគ្រោះដោយសារ​មីន និងកាកសំណល់សង្គ្រាម នៅស្រុកអន្លង់វែង ខេត្ត​ឧត្តរមានជ័យ។

លោក ស៊ី ប្រាសិទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ បានគូសបញ្ជាក់ថា ឧត្តរមានជ័យជាខេត្តមួយដែលរងគ្រោះដោយសារសង្គ្រាម​អស់រយៈពេលច្រើន​ទសវត្សរ៍។ តាមរយៈការស្រាវជ្រាវចំការមីនមូលដ្ឋាន ដោយ CMAC និងអង្គការហាឡូគ្រឹស្ត បានរកឃើញថា ផ្ទៃដីចំនួន ២៥ ពាន់ហិកតា ត្រូវបានសង្ស័យថា មានគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម ធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះថ្នាក់ មានស្លាប់ របួស និងពិការ​ដៃជើង​រហូត​ដល់​បច្ចុប្បន្ននេះ។ ជាក់ស្តែង ក្នុងឆមាសទី១ ឆ្នាំ ២០១៥ ចំនួន​ជន​រង​គ្រោះមានចំនួន ០៧ នាក់​ ក្នុងនោះស្លាប់ ០១​នាក់ និងរបួស ០៦ នាក់។

ឯកឧត្តម ប្រាក់ សុខុន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីនកម្ពុជា ជូនចំពោះបងប្អូនជនពិការដោយសារមីន និងជនពិការជាអតីតអ្នកដោះមីន សរុប ​២៥ នាក់ ដែលបានបង្ហាញឲ្យឃើញ ពីការគិតគូរខ្វល់ខ្វាយជាប្រចាំរបស់សម្តេច​តេជោ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង។ ឯកឧត្តមមាន ប្រសាសន៍ទៀតថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ អាជ្ញាធរមីនកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការបោសសំអាតមីន កាត់បន្ថយគ្រោះថ្នាក់ដោយសារមីន​ និងជួយសង្គ្រោះជនពិការដោយសារមីន រួមមាន​ការស្តារលទ្ធភាពពលកម្ម កាយសប្បទាវិជ្ជាជីវៈ ការបណ្តុះបណ្តាលជំនាញ ​និងបង្កលក្ខណៈឲ្យជនពិការបានចូលរួមក្នុងសកម្មភាពសង្គម។ ឯកឧត្តម ក៏បានជូនពរដល់បងប្អូនជនពិការទាំងអស់ សូមឲ្យទទួលបាននូវសុខភាពល្អ​ និងឆាប់បានជាសះស្បើយពីជំងឺ ដើម្បី​បានចូលរួមការងារបង្កបង្កើនផល និងប្រកបមុខរបរផ្សេងៗ ដើម្បីលើកស្ទួយ​ជីវភាព​រស់នៅ​បាន​សមរម្យ។

បន្ទាប់មក​ឯកឧត្តម ប្រាក់ សុខុន ក៏បានជូនគ្រឿងឧបភោគបរិភាគដល់បងប្អូនជនពិការចំនួន ២៥ នាក់ ក្នុងម្នាក់ៗ ទទួលបានអង្ករចំនួន ៥០ គីឡូក្រាម ទឹកស៊ីអ៊ីវមួយយួរ ត្រីខកំប៉ុង ១០ កំប៉ុង មីមួយកេស  ទឹកក្រូចមួយកេស អាវយឺតមួយ មុងមួយ​ ភួយមួយ ក្រម៉ាមួយ ប៊ីចេងមួយកញ្ចប់ ប្រេកូឡាមួយដប និង ថវិការចំនួន ៣០ ម៉ឺនរៀល។ ដោយឡែកអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលចំនួន ៤៨​ នាក់ ក្នុងម្នាក់ទទួលបានអាវយឺតមួយ និងថវិការចំនួន ៤ ម៉ឺនរៀល ​ផ្តល់ថវិកាជូនសាលាស្រុកអន្លង់វែងចំនួន ៤០ ម៉ឺនរៀល ជូន​កងរាជ​អាវុធ​ហត្ថស្រុកអន្លង់វែង និងនគរបាលស្រុកអន្លង់វែង ដោយ​អង្គភាពនីមួយៗ​ទទួល​បានថវិកាចំនួន ២០ ម៉ឺនរៀល

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍