ឯកឧត្តមរដ្ឋមន្ត្រី ជួបសំណេះសំណាល សួរសុខទុក្ខជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសម័យសង្គ្រាម នៅសាលាស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១០១៥
នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា អមដំណើរដោយមន្ត្រីក្រោមឱវាទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់គ្រឿងឧបភោគ បរិភោគ ជូនជនរងគ្រោះដោយសារមីន និងកាកសំណល់សង្គ្រាម នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោក ស៊ី ប្រាសិទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ បានគូសបញ្ជាក់ថា ឧត្តរមានជ័យជាខេត្តមួយដែលរងគ្រោះដោយសារសង្គ្រាមអស់រយៈពេលច្រើនទសវត្សរ៍។ តាមរយៈការស្រាវជ្រាវចំការមីនមូលដ្ឋាន ដោយ CMAC និងអង្គការហាឡូគ្រឹស្ត បានរកឃើញថា ផ្ទៃដីចំនួន ២៥ ពាន់ហិកតា ត្រូវបានសង្ស័យថា មានគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម ធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះថ្នាក់ មានស្លាប់ របួស និងពិការដៃជើងរហូតដល់បច្ចុប្បន្ននេះ។ ជាក់ស្តែង ក្នុងឆមាសទី១ ឆ្នាំ ២០១៥ ចំនួនជនរងគ្រោះមានចំនួន ០៧ នាក់ ក្នុងនោះស្លាប់ ០១នាក់ និងរបួស ០៦ នាក់។
ឯកឧត្តម ប្រាក់ សុខុន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីនកម្ពុជា ជូនចំពោះបងប្អូនជនពិការដោយសារមីន និងជនពិការជាអតីតអ្នកដោះមីន សរុប ២៥ នាក់ ដែលបានបង្ហាញឲ្យឃើញ ពីការគិតគូរខ្វល់ខ្វាយជាប្រចាំរបស់សម្តេចតេជោ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង។ ឯកឧត្តមមាន ប្រសាសន៍ទៀតថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ អាជ្ញាធរមីនកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការបោសសំអាតមីន កាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងជួយសង្គ្រោះជនពិការដោយសារមីន រួមមានការស្តារលទ្ធភាពពលកម្ម កាយសប្បទាវិជ្ជាជីវៈ ការបណ្តុះបណ្តាលជំនាញ និងបង្កលក្ខណៈឲ្យជនពិការបានចូលរួមក្នុងសកម្មភាពសង្គម។ ឯកឧត្តម ក៏បានជូនពរដល់បងប្អូនជនពិការទាំងអស់ សូមឲ្យទទួលបាននូវសុខភាពល្អ និងឆាប់បានជាសះស្បើយពីជំងឺ ដើម្បីបានចូលរួមការងារបង្កបង្កើនផល និងប្រកបមុខរបរផ្សេងៗ ដើម្បីលើកស្ទួយជីវភាពរស់នៅបានសមរម្យ។
បន្ទាប់មកឯកឧត្តម ប្រាក់ សុខុន ក៏បានជូនគ្រឿងឧបភោគបរិភាគដល់បងប្អូនជនពិការចំនួន ២៥ នាក់ ក្នុងម្នាក់ៗ ទទួលបានអង្ករចំនួន ៥០ គីឡូក្រាម ទឹកស៊ីអ៊ីវមួយយួរ ត្រីខកំប៉ុង ១០ កំប៉ុង មីមួយកេស ទឹកក្រូចមួយកេស អាវយឺតមួយ មុងមួយ ភួយមួយ ក្រម៉ាមួយ ប៊ីចេងមួយកញ្ចប់ ប្រេកូឡាមួយដប និង ថវិការចំនួន ៣០ ម៉ឺនរៀល។ ដោយឡែកអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលចំនួន ៤៨ នាក់ ក្នុងម្នាក់ទទួលបានអាវយឺតមួយ និងថវិការចំនួន ៤ ម៉ឺនរៀល ផ្តល់ថវិកាជូនសាលាស្រុកអន្លង់វែងចំនួន ៤០ ម៉ឺនរៀល ជូនកងរាជអាវុធហត្ថស្រុកអន្លង់វែង និងនគរបាលស្រុកអន្លង់វែង ដោយអង្គភាពនីមួយៗទទួលបានថវិកាចំនួន ២០ ម៉ឺនរៀល៕