ក្រុមបាល់ទាត់យុវជនក្រសួង ចូលរួមការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន

ដោយទទួលបានការគាំទ្រទាំងកំលាំងចិត្ត និងថវិកាពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ក្រសួង ក្រុមបាល់ទាត់យុវជនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដឹកនាំដោយឯកឧត្តម អ៊ូ បូរ៉ាត់ បានចូលរួម ជាលើកទី២ក្នុងការប្រកួតកីឡាបាល់ទាត់ ”ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័នលើកទី៣ ឆ្នាំ២០១៥” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែតុលា រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលកីឡាព្រីមៀម (Premium Sport Club) ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ”ស.ស.យ.ក” ក្នុងគោលបំណង លើកកម្ពស់ សា្មរតីសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជននៅតាមក្រសួង-ស្ថាប័នរដ្ឋ។ ការប្រកួតកីឡាបាល់ទាត់យុវជនអន្តរក្រសួង-ស្ថាប័នលើកទី៣នេះ ក្រុមយុវជនក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ស្ថិតនៅក្នុងពូល “ក” នឹងជួបប្រកួតជាមួយក្រុមយុវជនអាជ្ញាធរសវនកម្មជាតិ ក្រុមយុវជនក្រសួង បរិស្ថាន និងក្រុមយុវជនក្រសួងសុខាភិបាលដែលជាម្ចាស់ពានរង្វាន់លើកទី២។ នៅវេលាម៉ោង ៦:៣០នាទីល្ងាច ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ (ម្សិលមិញនេះ) ក្រុមកីឡាបាល់ទាត់យុវជនក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានជួបប្រកួតជាមួយក្រុមបាល់ទាត់យុវជនអាជ្ញាធរសវនកម្មជាតិ ដោយទទួលលទ្ធផល ៥-១។ ដោយឡែកនៅក្នុង ពូល “ក”នេះ នៅមានក្រុមជើងខ្លាំងពីរក្រុមទៀតគឺក្រសួងបរិស្ថាន និងក្រសួងសុខាភិបាល កំពុងរងចាំក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៤ និងថ្ងៃទី ២៨ ខែវិចិ្ឆកា ខាងមុខនេះ។

អត្ថបទជាប់ទាក់ទង